ក្រុមហ៊ុន ទ្រី ភាព គ្រុប របស់លោកអ្នកឧកញ៉ា ទ្រី ភាព ជាក្រុមហ៊ុនមួយពហុវិស័យ ដែលបានវិនិយោគលើគម្រោងធំៗជាច្រើននៅតាមបណ្តាខេត្តមួយចំនួន នៃប្រទេសកម្ពុជា។ ទទឹមនឹងនេះ ក្រុមហ៊ុនលោកអ្នកឧកញ៉ា បាននិងកំពុងវិនិយោគលើការអភិវឌ្ឍវិស័យទេសចរណ៍ ដោយការជួលរយៈពេលវែងពីរាជរដ្ឋាភិបាល ដើម្បីបង្កើតរមណីយដ្ឋាននានា នៅលើកោះចំនួនពីរ នៃខេត្តកែប រួមមាន៖

១. កោះទន្សាយ
កោះទន្សាយ ជារមណីយដ្ឋានរណបរបស់ខេត្តកែប ដែលអ្នកទេសចរខ្មែរ និងបរទេសបាមកទស្សនាខេត្តកែបហើយ តែងតែបន្តដំណើរមកសម្រាកកម្សាន្តនៅកោះនេះ។ កោះទន្សាយ មានទីតាំងស្ថិតនៅប៉ែកអាគ្នេយ៍នៃទីក្រុងកែប មានចម្ងាយ៤,៥គីឡូម៉ែត្រពីទីក្រុងនេះ ជិះទូករយៈពេលប្រមាណ៣០នាទី ពីកំពង់ផែទេសចរណ៍កោះទន្សាយ។ កោះនេះជារមណីដ្ឋានធម្មជាតិដ៏ល្អប្រណិតរបស់ទីក្រុង ដែលមានលក្ខណៈអំណោយផលពីធម្មជាតិ ព្រោះមានឆ្នេរខ្សាច់ចំនួន២កន្លែង ដែលមានវាលខ្សាច់សពីធម្មជាតិ អាចធ្វើជាកន្លែងសម្រាប់ងូតទឹកកម្សាន្តសប្បាយ។


ក្រុមហ៊ុន ទ្រី ភាព ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) អនុម័តកាលឆ្នាំ២០១៩ ទទួលបានសិទ្ធិអភិវឌ្ឍន៍កោះទន្សាយរហូត ៥០ឆ្នាំ ឱ្យសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ ធ្វើរីស្សត ទីលានវាយកូនហ្គោល និងបឹងកាឡូ ជាមួយនឹងការអភិវឌ្ឍលើវិស័យទេសចរណ៍ផ្សេងៗ នៅលើដីកោះទន្សាយនៃខេត្តកែប ក្នុងទំហំផ្ទៃដី ១៤០ហិកតា (ផ្ទៃដីកោះសរុប ១៨៤ហិកតា) លើទុនវិនិយោគ ១៣០លានដុល្លារអាមេរិក។ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ធ្លាប់បានបញ្ជាក់។
២. កោះត្បាល់
កោះត្បាល់ ជាកោះធម្មជាតិមួយ ដែលមានទីតាំងស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ស្ថិតក្នុងប្រជុំកោះពោធិ៍ និងមានចម្ងាយប្រមាណ ១,៥គីឡូម៉ែត្រពីកោះទន្សាយ។ កោះនេះមានទេសភាពស្រស់ស្អាត បរិយាកាសស្ងប់ស្ងាត់ អមដោយខ្យល់អាកាសបរិសុទ្ធ និងមានទឹកសមុទ្រថ្លាឈ្វេង លាយឡំជាមួយនឹងព្រៃឈើពណ៌ខៀវស្រងាត់ ស័ក្តិសមសម្រាប់អ្នកដែលចង់លំហែកាយលក្ខណៈបែបស្ងប់ស្ងាត់។ កោះត្បាល់ ជាកោះធម្មជាតិមួយ មានទំហំប្រហែលជាង ១០ ហិកតា មានចម្ងាយប្រហែល ៦គីឡូម៉ែត្រ ពីក្រុងកែប និង ធ្វើដំណើរតាមទូកប្រមាណពី ៣៥-៤៥នាទី។


កាលឆ្នាំ២០២២ ក្រុមហ៊ុន លោកអ្នកឧកញ៉ា ទ្រី ភាព ទទួលបានសិទ្ធិវិនិយោគពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លើគម្រោងអភិវឌ្ឍន៍កោះត្បាល់ ក្នុងទុនវិនិយោគចំនួន ១៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១០៥កន្លែង។
សូមជម្រាបថា កោះទន្សាយ និងកោះត្បាល់ បច្ចុប្បន្នស្ថិតក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុន TRY PHEAP KOH TUNSAY RESORTS CO., LTD ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន ទ្រី ភាព គ្រុប របស់លោកអ្នកឧកញ៉ា ទ្រី ភាព។ អ្នកជំនួញចាស់វស្សា អ្នកឧកញ៉ា ទ្រី ភាព ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជា «លោកអ្នកឧកញ៉ា» កាលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤៕