កោះស្តេច រីស៊ត ជាតំបន់រមណីយដ្ឋានលក្ខណៈឯកជន ដំបូងគេបង្អស់នៅលើកោះឆ្នេរដូង ស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង ដែលអតីតកាលធ្លាប់ជាកោះមួយដាច់ស្រយាលពុំសូវមានអ្នកស្គាល់ បច្ចុប្បន្ននេះ កំពុងទទួលបានភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើនឡើងៗ បន្ទាប់ពី អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំអ៊ិចប្រេស ជួយជំរុញការអភិវឌ្ឍលើផ្នែកសំខាន់ៗជាច្រើនបន្ថែមទៀត។


កាលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ អ្នកឧកញ៉ា សួរ វី និងលោកជំទាវ ប៊ុន ចន្ធូ ព្រមទាំងលោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍន៍ចំណតរថយន្ដ និងកំពង់ផែទេសចរណ៍ (ពយជប៉ុន) ស្ថិតនៅភូមិព្រែកស្មាច់ ឃុំកោះស្ដេច ស្រុកគិរីសាគរ។ គម្រោងអភិវឌ្ឍន៍ចំណតរថយន្ដ និងកំពង់ផែទេសចរណ៍ (ពយជប៉ុន) នឹងជួយជំរុញឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ កាន់តែមានភាពងាយស្រួល ក្នុងការធ្វើដំណើរកម្សាន្តទៅកាន់កោះស្តេច ដែលជាតំបន់មានសក្តានុពលខ្លាំងលើវិស័យទេសចរណ៍ និងមានរីស៊តជាច្រើនកន្លែងផ្សេងទៀត។

កាលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ អ្នកឧកញ៉ា សួរ វីរៈ បានប្រកាសស្វែងរកអ្នកជំនាញកែច្នៃវត្ថុអនុស្សាវរីយពីគ្រឿងសមុទ្រ បង្រៀនដល់សហគមន៍កោះស្ដេច រកចំណូលបន្ថែម។ អ្នកឧកញ៉ាបញ្ជាក់ថា ដោយសារភ្ញៀវទេសចរទៅលេងកោះស្ដេចមានចំនួនកើនឡើង ជារៀងរាល់ថ្ងៃឥឡូវនេះ ផ្លូវបានស្អាតស្ទើតែ ១០០% ខណៈចំនួនភ្ញៀវទេសចរ ទាំងខ្មែរ និងបរទេសក៏មានការកើនឡើង ដូច្នេះហើយលោកមានគំនិតមួយចង់ឱ្យប្រជាពលរដ្ឋនៅលើកោះស្ដេច គាត់អាចរកចំណូលបានបន្ថែម ហើយប្រើធនធានដែលគាត់មានហើយយកទៅបោះចោល កប់នៅក្នុងសមុទ្រ ឬដុតចោល ឱ្យច្នៃជាចំណូលពួកគាត់វិញ។

នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ថ្មីៗនេះ អ្នកឧកញ៉ា សួរ វីរៈ ក៏បានចំណាយថវិកាផ្ទាល់ខ្លួនប្រមាណ ៣២២,០០០ដុល្លារអាមេរិក ជួយសាងសង់ផ្លូវបេតុងប្រវែងជាង ៣គីឡូម៉ែត្រ និងបំពាក់អំពូលសូឡាចំនួន ១៥៥ដើម នៅលើកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងបម្រើដល់ភ្ញៀវទេសចរណ៍ដែលមកទស្សនាលើទឹកដីកោះស្តេច។


អ្នកឧកញ៉ា សួរ វីរៈ ម្ចាស់គម្រោងអភិវឌ្ឍន៍កោះស្តេច រីស៊ត កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៤ ធ្លាប់បានបញ្ជាក់ថា កោះស្តេច រីស៊ត បច្ចុប្បន្ននេះអាចទទួលបានភ្ញៀវទេសចរប្រមាណ ១០ម៉ឺននាក់ក្នុងមួយឆ្នាំ និងអាចនាំលំហូរសាច់ប្រាក់ជាង ៥លានដុល្លារ សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍។
សូមជម្រាបថា កោះស្តេច រីស៊ត បានបើកដំណើរការ កាលពីចុងឆ្នាំ២០២១ ខណៈដែលកំពង់ផែផ្ទាល់ខ្លួន សម្រាប់ភ្ញៀវចូលដើរកម្សាន្តដោយថ្មើជើង អាចគយគន់ទេសភាពកោះដ៏ស្រស់ស្អាត ក៏បានសាងសង់រួចរាល់ និងកាន់តែជួយបង្កើនទស្សនីយភាពកាន់តែអស្ចារ្យបន្ថែមទៀត។ ជាមួយគ្នានេះដែរ ឆ្នេរកោះស្តេចរីស៊ត ដែលអភិវឌ្ឍដោយ អ្នកឧកញ៉ា សួរ វីរៈ ក្រោមកិច្ចសហការដ៏ល្អជាមួយអាជ្ញាធរមូលដ្ឋាន ត្រូវបានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា វាយតម្លៃនិងបានផ្តល់ពានរង្វាន់ ឡាប៊ែលឆ្នេរខ្សាច់កម្សាន្តស្អាត (Beach Eco-Label) កម្រិតល្អណាស់ ប្រចាំឆ្នាំ២០២៤-២០២៦ ផងដែរ៕


