លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ ព្រមទាំងលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ជាអនុប្រធាន សមាជិកក្រុមប្រឹក្សាភិបាល ក៏ដូចជាសមាជិកទាំងអស់ នៃសមាគមឧកញ៉ាកម្ពុជា សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លាប្រកបដោយក្តីសោមនស្សរីករាយបំផុត នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ នាពេលខាងមុខនេះ។

ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះដែរ យើងខ្ញុំទាំងអស់គ្នា សូមគោរពកោតសរសើរយ៉ាងស្មោះស្ម័គ្របំផុត និងចងចាំជានិច្ចនូវគំរូវីរភាពដ៏ឧត្តុង្គឧត្តមរបស់ សម្តេចអគ្គមហាពញាចក្រី ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី មិនខ្លាចហត់នឿយក្នុងបុព្វហេតុបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ដោយបានកសាងនូវសុខសន្តិភាព ពង្រឹងនីតិរដ្ឋ ការអភិវឌ្ឍ ព្រមទាំងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនខ្មែរទូទាំងប្រទេស ឱ្យមានការរីកចម្រើនប្រកបដោយភាពថ្លៃថ្នូរ និងវឌ្ឍនភាពលើគ្រប់វិស័យ។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវ សូមបីបាច់ថែរក្សា និងប្រោះព្រំនូវព្រះរាជសព្ទសាធុការពរជ័យជូន សម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
