អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ សូមក្រាបបង្គំថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប និងលោកជំទាវ សូមក្រាបបង្គំថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលក្នុងឱកាសអភិលក្ខិតកាលដ៏មហានក្ខត្តឫក្សថ្លៃថ្លាប្រកបដោយក្តីសោមនស្សរីករាយបំផុតនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ នាពេលខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសដ៏បវរមហាប្រសើរនេះ ទូលព្រះបង្គំជាខ្ញុំ និងខ្ញុំម្ចាស់ទាំងអស់គ្នា សូមថ្វាយនូវព្រះរាជកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតចំពោះព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ តាមរយៈព្រះរាជសកម្មភាពមនុស្សធម៌ សង្គមកិច្ច វប្បធម៌ សាសនា ប្រកបដោយទសពិធរាជធម៌ និងព្រះរាជហឫទ័យយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាព និងភាពសុខក្សេមក្សាន្តចម្រុងចម្រើនរបសើប្រជានុរាស្ត្រខ្មែរ។

ទូលព្រះបង្គំជាខ្ញុំ និងខ្ញុំម្ចាស់ទាំងអស់គ្នា សូមលំឱនកាយបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេព្តាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រមទាំងព្រះបារមីដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ និងព្រះមហាក្សត្រិយានីខ្មែរគ្រប់ៗព្រះអង្គ ជាពិសេសបុណ្យបារមី នៃដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវ តាមថែរក្សាអភិបាលប្រោះព្រំនូវព្រះរាជសព្ទសាធុការថ្វាយ សម្តេចព្រះមហាក្សត្រី សូមព្រះអង្គប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាពតរៀងទៅ៕