អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំអ៊ិចប្រេស នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះ បានបង្ហាញការអភិវឌ្ឍរីសតដ៏ថ្មីស្រឡាងជាប់នឹងមាត់សមុទ្រកោះស្តេច ខេត្តកោះកុង មានឈ្មោះថា រ៉ូយ៉ាល់ប៊ិច រីសត និងវីឡាលំហែ (𝐑𝐨𝐲𝐚𝐥 𝐁𝐞𝐚𝐜𝐡 𝐑𝐞𝐬𝐨𝐫𝐭 & 𝐑𝐞𝐬𝐢𝐝𝐞𝐧𝐜𝐞 𝐛𝐲 𝐄𝐇𝐌) តម្លៃ ២៨លានដុល្លារ។

𝐑𝐨𝐲𝐚𝐥 𝐁𝐞𝐚𝐜𝐡 𝐑𝐞𝐬𝐨𝐫𝐭 & 𝐑𝐞𝐬𝐢𝐝𝐞𝐧𝐜𝐞 𝐛𝐲 𝐄𝐇𝐌 ត្រូវបានបង្កើតឡើងដោយមាន វីឡាឯកជនជាប់មាត់សមុទ្រ និងទេសភាពថ្ងៃលិចដ៏ស្រស់ស្អាត ព្រមទាំងមានអាងហែលទឹកវែងជាងគេបំផុត ប្រវែងដល់ទៅ ២៥០ម៉ែត្រ។ រ៉ូយ៉ាល់ប៊ិច រីសត និងវីឡាលំហែ បានចាប់ផ្តើមបើកដំណើរការ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងមកនេះ។
អ្នកឧកញ៉ា សួរ វីរៈ បានថ្លែងប្រាប់ ឧកញ៉ាញូស៍ ឱ្យដឹងថា 𝐑𝐨𝐲𝐚𝐥 𝐁𝐞𝐚𝐜𝐡 𝐑𝐞𝐬𝐨𝐫𝐭 & 𝐑𝐞𝐬𝐢𝐝𝐞𝐧𝐜𝐞 𝐛𝐲 𝐄𝐇𝐌 មានបន្ទប់សរុបចំនួន ២៨០បន្ទប់, សាលប្រជុំ កន្លងហាត់ប្រាណ (Gym), អាងហែលទឹកប្រវែង ២៥០ម៉ែត្រ, ទីលានបាល់ទាត់ តារាងបាល់ទះ តុវាយតេនីស និងទីលានប្រណាំង Go-Kart។ អ្នកឧកញ៉ាអគ្គនាយក បានឱ្យដឹងបន្ថែមទៀតថា រីសតថ្មីនេះវិនិយោគលើផ្ទៃដី ៦ហិកតា និងចំណាយថវិកាអស់ប្រមាណ ២៨លានដុល្លារ (សរុបទាំងថ្លៃដី)។
សូមជម្រាបថា អ្នកឧកញ៉ា សួរ វីរៈ ជាម្ចាស់ក្រុមហ៊ុន វិរៈប៊ុនថាំ គ្រុប ដែលបច្ចុប្បន្នមានក្រុមហ៊ុនបុត្រសម្ព័ន្ធដូចជា៖ រថយន្តជួលប្រណិត, រថយន្តក្រុងប្រណិត និង Air Bus, រថយន្តគ្រែគេងយប់ប្រណិតដំបូងគេក្នុងប្រទេសតាំងពីឆ្នាំ២០០៦, រថយន្តសម្រាប់ដឹកទំនិញ, ទូកល្បឿនលឿន Buva Sea, សណ្ឋាគារ រីសតជាង១០កន្លែង ខណៈដែល រីសតស្រស់ស្អាតចំនួន ០៤កន្លែង នៅក្នុងតំបន់កោះស្តេច តារាសាគរ ខេត្តកោះកុង រួមមាន៖ ១.កោះស្តេចរីសត(Koh Sdach Resort) ២.កោះអភិជនរីសត(Koh Apikjun Resort) ហើយ ៣.ម៉េតម៉ាងឃី រីសត(Mad Monkey Resort) ៤.រ៉ូយ៉ាល់ប៊ិច រីសត និងវីឡាលំហែ(Royal Beach Resort & Residence by EHM)៕













