សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបើកសម្ពោធកំពង់ផែទេសចរណ៍អន្តរជាតិកំពត តម្លៃជាង ១១លានដុល្លារ នៅថ្ងៃទី២១ ខែមេសា

ជុំវិញ​ឧកញ៉ា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសម្ពោធកំពង់ផែទេសចរណ៍អន្តរជាតិកំពត តម្លៃជាង ១១លានដុល្លារ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក អៀង វ៉េងស៊ុន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការ កាលពីថ្ងៃទី១៧ ខែមេសា បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មការត្រៀមរៀបចំពិធី សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យលើវឌ្ឍនភាពនៃដំណើរការរៀបចំ ដែលបានផ្ដល់ជូនដល់សមាជិក សមាជិកាគណៈកម្មការ និងអនុគណៈកម្មការ សម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត ដើម្បីជំរុញបញ្ចប់ការងារ ដែលនៅសេសសល់ឱ្យបានរួចរាល់ តាមផែនការដែលបានគ្រោងទុក។

លោក អៀង វ៉េងស៊ុន បានលើកទឹកចិត្ត និងជំរុញដល់គណៈកម្មការ និងអនុគណៈកម្មការទាំងអស់ ឱ្យប្រឹងប្រែងសម្រេចបញ្ចប់ភារកិច្ចការងារដែលបានដាក់ជូនឱ្យបានល្អប្រសើរ ដើម្បីញ៉ាំងឱ្យកម្មវិធីនាឱកាសនោះ អាចប្រព្រឹត្តទៅបានដោយរលូនជោគជ័យ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ស្ថិតក្រោមកិច្ចប្រតិបត្តិការ និងការថែទាំ (O & M Agreement) របស់ក្រុមហ៊ុន អេហ្សេត ប៊ីលដើរ ឯ.ក (AZ Builders Co., Ltd.) របស់ឧកញ៉ា លឹម ប៊ុនសួរ។ ជាមួយគ្នានេះ ក្រុមហ៊ុន Buva Sea Cambodia ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន វីរៈ ប៊ុនថាំ របស់ អ្នកឧកញ៉ា សួរ វីរៈ ក៏បានចុះកិច្ចព្រមព្រៀងដាក់ឱ្យដំណើរការទូកដឹកអ្នកដំណើរល្បឿនលឿនក្នុងទិសដៅពី កំពង់ផែអន្តរជាតិកំពត ទៅកាន់កោះរ៉ុង កោះរ៉ុងសន្លឹម និងកោះស្តេច ផងដែរ។

សូមជម្រាបថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ត្រូវបានសាងសង់លើផ្ទៃដីជាង ៤ហិកតា ស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត ចាប់ផ្ដើមសាងសង់នៅខែសីហា ឆ្នាំ២០១៨ និងសម្រេចរួចរាល់នាចុងឆ្នាំ២០២២ ដោយប្រើប្រាស់ថវិកាជាង ១១លានដុល្លារ ក្រោមគម្រោងហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)៕