អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំអ៊ិចប្រេស និងជាប្រធានក្រុមប្រឹក្សាភិបាល កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នឹងអញ្ជើញចូលរួមពិធីបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដែលមានទីតាំងស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត ចាប់ផ្ដើមសាងសង់នៅខែសីហា ឆ្នាំ២០១៨ លើផ្ទៃដីប្រមាណជាង ៤ហិកតា និងសម្រេចរួចរាល់នាចុងឆ្នាំ២០២២ ដោយប្រើប្រាស់ថវិកាជាង ១១លានដុល្លារ ក្រោមគម្រោងហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ហើយគ្រោងបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃចន្ទ ដើមសប្តាហ៍ក្រោយ។
គួររំឭកថា អ្នកឧកញ៉ា សួរ វីរៈ បានអញ្ជើញក្នុងចុះហត្ថលេខាស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្ត ប្រតិបត្តិការកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត និងសេវាកម្មទូកល្បឿនលឿន រវាងក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ជាមួយក្រុមហ៊ុន ខេអាយធីភី ឌីវេឡុបម៉ិន បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន AZ Group កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥។ អ្នកឧកញ៉ា ជឿថាកិច្ចសហការនេះ នឹងក្លាយជាច្រកទ្វារផ្លូវសមុទ្រអន្តរជាតិដ៏សំខាន់ ដែលរំពឹងទទួលអ្នកដំណើរភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិប្រមាណ ១លាននាក់ នៅក្នុងឆ្នាំ២០២៦។
អ្នកឧកញ៉ា សួរ វីរៈ ប្រធានក្រុមប្រឹក្សាភិបាល កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត បានបញ្ជាក់កាលពីពេលថ្មីៗនេះថា បន្ទាប់ពីបើកឱ្យដំណើរសាកល្បងមួយរយៈពេលកន្លងទៅនេះ ឃើញថាជើងធ្វើដំណើរក្នុងស្រុក តាមទូកទំនើបល្បឿនលឿនរបស់ក្រុមហ៊ុន Buvasea Cambodia ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុនវិរ: ប៊ុនថាំ ពីកំពង់ផែទេសចរណ៍អន្តរជាតិកំពត ឆ្ពោះទៅកាន់ កោះរ៉ុង កោះរ៉ុងសន្លឹម និងកោះស្តេច ដំណើរការដោយជោគជ័យ ពោលគឺមានភ្ញៀវទេសចរណ៍ជាតិ ពិសេសភ្ញៀវអន្តរជាតិយ៉ាងច្រើនកុះករ បានអញ្ជើញទៅទទួលសេវាកម្មទូកទំនើបល្បឿនលឿន ដើម្បីទទួលបានបទពិសោធន៍ថ្មី ចំណេញពេលវេលា ដោយសារធ្វើដំណើរត្រឹមតែរង្វង់២ម៉ោង ឬ២ម៉ោងជាងប៉ុណ្ណោះ៕


