ក្រុមហ៊ុនឧកញ៉ា លឹម ប៊ុនសួរ ទទួលបានសិទ្ធិគ្រប់គ្រង និងប្រមូលចំណូល ពីកំពង់ផែទេសចរណ៍អន្តរជាតិកំពត រយៈពេល ២០ឆ្នាំ

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន អេហ្សេត ប៊ីលដើរ ឯ.ក (AZ Builders Co., Ltd.) របស់ឧកញ៉ា លឹម ប៊ុនសួរ មានកាតព្វកិច្ចក្នុងការប្រើប្រាស់ គ្រប់គ្រង ធ្វើប្រតិបត្តិការ ជួសជុល ថែទាំ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ សម្ភារ និងបរិក្ខារផ្សេងៗ និងមានសិទ្ធិក្នុងការប្រមូលចំណូល ពីកំពង់ផែទេសចរណ៍អន្តរជាតិកំពត សម្រាប់រយៈពេល ២០ឆ្នាំ ព្រមទាំងទទួលបានការអនុគ្រោះពន្ធពីរាជរដ្ឋាភិបាលរយៈពេល ៦ឆ្នាំដំបូងនៃប្រតិបត្តិការ។ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត នៅព្រឹកថ្ងៃទី២១ ខែមេសានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កំពង់ផែទេសចរណ៍អន្តរជាតិកំពត ស្ថិតនៅក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ ៤,២៥ហិកតា បានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី២១ ខែមេសានេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អាជ្ញាធរដែនដី អ្នកឧកញ៉ា ឧកញ៉ា និងភ្ញៀវជាតិអន្តរជាតិជាច្រើន។

កំពង់ផែទេសចរណ៍អន្តរជាតិកំពត បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលអនុវត្តការសាងសង់ដោយក្រុមហ៊ុន អេស.ប៊ី.ភី.អេច អ៊ិនជីនារីង & ខន់ស្ត្រាក់សិន ខូអិលធីឌី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុន អេស ប៊ី ខេ រីស៊ើច អេនឌីវេឡុបមេន និងបានប្រើប្រាស់ថវិកាក្រោមឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រមាណ ១០លានដុល្លារអាម៉េរិក និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលមួយចំនួនផងដែរ។

ដើម្បីធានាដល់ប្រសិទ្ធភាពនៃប្រតិបត្តិការរបស់កំពង់ផែ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមជាតំណាងរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការប្រតិបត្តិការ និងការថែទាំ (O&M Agreement) នៃកំពង់ផែទេសចរណ៍អន្តរជាតិកំពត ជាមួយក្រុមហ៊ុនអេហ្សេត ប៊ីលឌើរ ឯ.ក កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។

សូមជម្រាបថា កិច្ចព្រមព្រៀងរវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយក្រុមហ៊ុនអេហ្សេត ប៊ីលឌើរ ឯ.ក ធ្វើឡើងនៅក្នុងគោលបំណង ដើម្បីផ្តល់សិទ្ធិប្រតិបត្តិការវិនិយោគឱ្យទៅក្រុមហ៊ុន ដើម្បីក្រុមហ៊ុនអាចគ្រប់គ្រងធ្វើប្រតិបត្តិការ និងថែទាំកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត។ បន្ទាប់ពីទទួលបានសិទ្ធិនិងកាតព្វកិច្ចសម្រាប់ធ្វើប្រតិបត្តិការ និងការថែទាំកំពង់ផែទេសចរណ៍អន្តរជាតិកំពត ក្រុមហ៊ុន អេហ្សេត ប៊ីលឌើរ ឯ.ក ក៏បានបូមស្តារប្រឡាយនាវាចរណ៍ នៅត្រង់ទីតាំងខាងមុខកំពង់ផែនិងកន្លែងបត់នាវា និងចំណុចផ្សេងទៀតមួយចំនួន ដែលជាឧបសគ្គដល់ការធ្វើដំណើររបស់នាវា ហើយបច្ចុប្បន្ននេះ នាវាដឹកអ្នកដំណើរ ដែលមានចំណុះរហូតដល់ ៣០០នាក់ អាចចេញ-ចូលកំពង់ផែបាន៕