ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន វិរៈ ប៊ុនថាំ របស់អ្នកឧកញ៉ា សួរ វីរៈ កំពង់ផែទេសចរណ៍អន្តរជាតិកំពត ទទួលបានភ្ញៀវទេសចរសរុបជាង ៧ពាន់នាក់ អំឡុងពេលបើកសាកល្បង ៣ខែ

ជុំវិញ​ឧកញ៉ា

ក្រោមកិច្ចសហការរវាង ក្រុមហ៊ុន អេហ្សេត ប៊ីលដើរ ឯ.ក (AZ Builders Co., Ltd.) របស់ឧកញ៉ា លឹម ប៊ុនសួរ ជាមួយក្រុមហ៊ុន វីរៈ ប៊ុនថាំ របស់ អ្នកឧកញ៉ា សួរ វីរៈ ដែលជាដៃគូក្នុងស្រុក ធ្វើការដឹកជញ្ជូនភ្ញៀវទេសចរទៅកាន់ ទីតាំងកម្សាន្តនានា រួមមាន កោះរ៉ុងសន្លឹម កោះរ៉ុង និងកោះស្តេច ជាលទ្ធផលក្នុងអំឡុងពេលនៃការធ្វើប្រតិបត្តិការសាកល្បងរយៈពេល ៣ ខែកន្លងមក កំពង់ផែនេះទទួលបានភ្ញៀវទេសចរសរុបជាង ៧,០០០នាក់។ នេះបើតាមការឱ្យដឹងពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត នៅព្រឹកថ្ងៃទី២១ ខែមេសានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម ប៉េង ពោធិ៍នា បានថ្លែងថា កំពង់ផែអន្តរជាតិកំពតន ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការប្រតិបត្តិការសាកល្បង សម្រាប់រយៈពេល ៣ ខែ គិតចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីត្រៀមលក្ខណៈជាស្រេចសម្រាប់ ការធ្វើប្រតិបត្តិការពេញលេញ និងត្រូវកំណត់ឱ្យប្រារព្ធពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការនៅថ្ងៃនេះ។ ការបើកឱ្យប្រើប្រាស់កំពង់ផែនេះជាផ្លូវការ ចាប់ពីថ្ងៃនេះតទៅ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មី នៃការតភ្ជាប់វិស័យទេសចរណ៍កម្ពុជាតាមផ្លូវសមុទ្រ ជាមួយប្រទេសជិតខាង ក្នុងតំបន់ និងជា លក្ខណៈអន្តរជាតិ។

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំអ៊ិចប្រេស និងជាប្រធានក្រុមប្រឹក្សាភិបាល កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត បានចុះហត្ថលេខាស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្ត ប្រតិបត្តិការកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត និងសេវាកម្មទូកល្បឿនលឿន រវាងក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ជាមួយក្រុមហ៊ុន ខេអាយធីភី ឌីវេឡុបម៉ិន បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន AZ Group កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥។ អ្នកឧកញ៉ា ជឿថាកិច្ចសហការនេះ នឹងក្លាយជាច្រកទ្វារផ្លូវសមុទ្រអន្តរជាតិដ៏សំខាន់ ដែលរំពឹងទទួលអ្នកដំណើរភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិប្រមាណ ១លាននាក់ នៅក្នុងឆ្នាំ២០២៦។

អ្នកឧកញ៉ា សួរ វីរៈ ប្រធានក្រុមប្រឹក្សាភិបាល កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត បានបញ្ជាក់កាលពីពេលថ្មីៗនេះថា បន្ទាប់ពីបើកឱ្យដំណើរសាកល្បងមួយរយៈពេលកន្លងទៅនេះ ឃើញថាជើងធ្វើដំណើរក្នុងស្រុក តាមទូកទំនើបល្បឿនលឿនរបស់ក្រុមហ៊ុន Buvasea Cambodia ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុនវិរ: ប៊ុនថាំ ពីកំពង់ផែទេសចរណ៍អន្តរជាតិកំពត ឆ្ពោះទៅកាន់ កោះរ៉ុង កោះរ៉ុងសន្លឹម និងកោះស្តេច ដំណើរការដោយជោគជ័យ ពោលគឺមានភ្ញៀវទេសចរណ៍ជាតិ ពិសេសភ្ញៀវអន្តរជាតិយ៉ាងច្រើនកុះករ បានអញ្ជើញទៅទទួលសេវាកម្មទូកទំនើបល្បឿនលឿន៕