(ភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥)៖ កិច្ចសហប្រតិបត្តិការដ៏ធំ បានប្រកាសជាផ្លូវការក្នុងថ្ងៃនេះ ដោយមានការចូលរួមពី លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ម្ចាស់បណ្តាក្រុមហ៊ុនធំៗឈានមុខគេនៅកម្ពុជា ដើម្បីកសាងមន្ទីរពេទ្យទូទៅដ៏ទំនើបមួយ នៅចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញ។

នេះគឺជាគម្រោងមន្ទីរពេទ្យដ៏ធំទីមួយ ដែលបានលេចចេញរូបរាងឡើង ក្រោយពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងក្រុមហ៊ុន ជីប ម៉ុង កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ រួមជាមួយការចូលរួមបន្ថែមពីម្ចាស់ភាគហ៊ុន ចំនួន៦ ផ្សេងទៀត ដែលមានគោលបំណងដូចគ្នា ដើម្បីអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជា។
ម្ចាស់ភាគហ៊ុនដែលចូលរួមក្នុងគម្រោងការកសាងមន្ទីរពេទ្យខ្មែរដ៏ធំមួយនេះរួមមាន៖
១. អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ២៣%
២. លោកអ្នកឧកញ៉ា លាង ឃុន និង អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ២៣%
៣. អ្នកឧកញ៉ា ថៃ ជាហួត ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល និង ឧកញ៉ា ហៀង ប៊ុនប៉េង សហស្ថាបនិក និងជាអនុប្រធាន ក្រុមហ៊ុន ប៉េង ហួត គ្រុប ២៣%
៤. អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប ១០%
៥. អ្នកឧកញ៉ា ជាម ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន មេគង្គ លែន ឌីវេឡុបម៉ិន ឯ.ក ៦%
៦. អ្នកឧកញ៉ា ប៊ុន ហៃ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បុរី ភ្នំពេញថ្មី ៥%
៧. អ្នកឧកញ៉ា លី ហុង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បុរី អង្គរ ផាលេស ៥%
៨. ឧកញ៉ា ថៃ ស៊ាង ប្រធានក្រុមហ៊ុន ធី អេស អិន អ ឌីស្ទ្រីតប្យូសិន ខូ អិលធីឌី ៥%
គោលបំណងនៃការផ្តួចផ្តើមគម្រោងសុខាភិបាលនេះ គឺដើម្បីផ្តល់សេវាវេជ្ជសាស្ត្រលំដាប់ស្តង់ដារពិភពលោកនៅក្នុងស្រុក និងកាត់បន្ថយការទទួលសេវាព្យាបាលនៅប្រទេសដទៃរបស់ប្រជាជនកម្ពុជា។
ជាមួយនឹងចក្ខុវិស័យរួម ក្នុងការពង្រឹងសេវាសុខាភិបាលថ្នាក់ជាតិ គ្រប់ដៃគូភាគហ៊ុនមានគោលដៅច្បាស់លាស់ ក្នុងការនាំយកនូវគ្រឿងបរិក្ខារដែលបំពាក់ដោយបច្ចេកវិទ្យាទំនើប ចម្រាញ់យកវេជ្ជបណ្ឌិតដែលមានជំនាញច្បាស់លាស់ និងទទួលបានការហ្វឹកហាត់បណ្តុះបណ្តាលតាមស្តង់ដារអន្តរជាតិ ជាមួយស្មារតីយកចិត្តទុកដាក់ខ្ពស់ ផ្តោតសំខាន់លើការថែទាំអ្នកជំងឺ។
អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានបង្ហើបពីកត្តាសំខាន់នៃគម្រោងមួយនេះ ដោយមានប្រសាសន៍ថា៖ “មន្ទីរពេទ្យនេះ មិនមែនត្រឹមជាតំណាងអគារសុខាភិបាលមួយនោះទេ វាជាសញ្ញានៃទំនុកចិត្តលើអនាគតនៃកម្ពុជា ជាអនាគតមួយ ដែលការថែទាំសុខភាពមានភាពសម្បូរបែប មានគុណភាព និងឯកទេសខ្ពស់ ស្ថិតនៅក្នុងស្រុកតែម្តង”។
មន្ទីរពេទ្យនេះ នឹងក្លាយជាបណ្តុះសេវាវេជ្ជសាស្ត្រដ៏ទូលំទូលាយ រួមបញ្ចូលទាំងសេវាវេជ្ជសាស្ត្រទូទៅ ការវះកាត់ផ្នែកបេះដូងនិងសរសៃឈាម ផ្នែកជំងឺមហារីក ផ្នែកជំងឺកុមារទូទៅ ផ្នែកឆ្អឹងសន្លាក់ និងសេវាកម្មវេជ្ជសាស្ត្រជាច្រើនផ្សេងទៀត។
ចំណុចផ្តោតដ៏សំខាន់នៃគម្រោងនេះ គឺការវិនិយោគលើវិជ្ជាជីវៈរបស់អ្នកជំនាញថែទាំសុខភាពនៅក្នុងស្រុក តាមរយៈការបន្តហ្វឹកហាត់ បណ្តុះបណ្តាល ពង្រឹងសមត្ថភាព និងបង្កើនកិច្ចសហការជាមួយដៃគូអន្តរជាតិ។
ការបោះទុនសហការរួមគ្នានេះ គូសបញ្ជាក់ច្បាស់ពីការប្តេជ្ញាចិត្តរបស់ដៃគូសហការទាំងអស់ ក្នុងការរួមចំណែកចូលរួមដ៏ប្រពៃនេះ ដើម្បីការអភិវឌ្ឍរបស់ជាតិ លើកកម្ពស់ជីវភាព និងសុខុមាលភាពនៃប្រជាជនកម្ពុជាទូទាំងប្រទេស។
ការសាងសង់គ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០២៦ ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ការផ្លាស់ប្តូរវឌ្ឍនភាព នៃការទទួលបាននូវសេវាថែទាំងសុខភាពដល់ប្រជាជនកម្ពុជា។ ការវិនិយោគនេះ នឹងរំពឹងទុកនូវទុនចំនួន ៣០០លានដុល្លារ៕























