លោកអ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង ចូលរួមភាគហ៊ុន ២៣% ក្នុងគម្រោងកសាងមន្ទីរពេទ្យទំនើប តម្លៃ ៣០០លានដុល្លារ

ជុំវិញ​ឧកញ៉ា

លោកអ្នកឧកញ៉ា លាង ឃុន និង អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង បានចូលរួមភាគហ៊ុនចំនួន ២៣% ក្នុងគម្រោងការកសាងមន្ទីរពេទ្យទំនើប តម្លៃ ៣០០លានដុល្លារ នៅរាជធានីភ្នំពេញ នាពេលអនាគតដ៏ខ្លីខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ កិច្ចសហប្រតិបត្តិការដ៏ធំ បានប្រកាសជាផ្លូវការ ដោយមានការចូលរួមពី លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ម្ចាស់បណ្តាក្រុមហ៊ុនធំៗឈានមុខគេនៅកម្ពុជា ដើម្បីកសាងមន្ទីរពេទ្យទូទៅដ៏ទំនើបមួយ នៅចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញ។ គម្រោងមន្ទីរពេទ្យដ៏ធំទីមួយ ដែលបានលេចចេញរូបរាងឡើង ក្រោយពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងក្រុមហ៊ុន ជីប ម៉ុង កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ រួមជាមួយការចូលរួមបន្ថែមពីម្ចាស់ភាគហ៊ុន ចំនួន៦ ផ្សេងទៀត ដែលមានគោលបំណងដូចគ្នា ដើម្បីអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជា។

មន្ទីរពេទ្យនេះ នឹងក្លាយជាបណ្តុះសេវាវេជ្ជសាស្ត្រដ៏ទូលំទូលាយ រួមបញ្ចូលទាំងសេវាវេជ្ជសាស្ត្រទូទៅ ការវះកាត់ផ្នែកបេះដូងនិងសរសៃឈាម ផ្នែកជំងឺមហារីក ផ្នែកជំងឺកុមារទូទៅ ផ្នែកឆ្អឹងសន្លាក់ និងសេវាកម្មវេជ្ជសាស្ត្រជាច្រើនផ្សេងទៀត។

ចំណុចផ្តោតដ៏សំខាន់នៃគម្រោងនេះ គឺការវិនិយោគលើវិជ្ជាជីវៈរបស់អ្នកជំនាញថែទាំសុខភាពនៅក្នុងស្រុក តាមរយៈការបន្តហ្វឹកហាត់ បណ្តុះបណ្តាល ពង្រឹងសមត្ថភាព និងបង្កើនកិច្ចសហការជាមួយដៃគូអន្តរជាតិ។

ការបោះទុនសហការរួមគ្នានេះ គូសបញ្ជាក់ច្បាស់ពីការប្តេជ្ញាចិត្តរបស់ដៃគូសហការទាំងអស់ ក្នុងការរួមចំណែកចូលរួមដ៏ប្រពៃនេះ ដើម្បីការអភិវឌ្ឍរបស់ជាតិ លើកកម្ពស់ជីវភាព និងសុខុមាលភាពនៃប្រជាជនកម្ពុជាទូទាំងប្រទេស។ ការសាងសង់គ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០២៦ ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ការផ្លាស់ប្តូរវឌ្ឍនភាព នៃការទទួលបាននូវសេវាថែទាំងសុខភាពដល់ប្រជាជនកម្ពុជា។ ការវិនិយោគនេះ នឹងរំពឹងទុកនូវទុនចំនួន ៣០០លានដុល្លារ៕