នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី រថយន្ត FORD របស់ក្រុមហ៊ុន RMA Cambodia នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។

ពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី រថយន្ត FORD ខាងលើនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ប្រតិភូអមរាជរដ្ឋាភិបាល មន្ត្រីរាជការនៃរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំ បុគ្គលិកក្រុមហ៊ុន ភ្ញៀវជាតិអន្តរជាតិជាច្រើនរូប។ ក្នុងនោះដែរ គេឃើញមានវត្តមាន អ្នកឧកញ៉ា ទុយ គី ប្រធានសភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា ឡូវ កាង សមាជិកក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា, អ្នកឧកញ៉ា សំ សុខនឿន, ជំទាវឧកញ៉ា នឹម វណ្ណៈ, ឧកញ៉ា លន់ ពៅ, ជំទាវឧកញ៉ា នួន ពេជ្រសុផល, ឧកញ៉ា ណាង សុធី ព្រមទាំងឧកញ៉ាៗមួយចំនួនទៀតផងដែរ។
សូមជម្រាបថា រថយន្ត Ford ជាម៉ាករថយន្តដ៏ល្បីរបស់សហរដ្ឋអាមេរិក ដែលមានលើទីផ្សាររបស់កម្ពុជាយូរឆ្នាំមកហើយ។ កាលពីឆ្នាំ២០២២ ក្រុមហ៊ុន បានរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការរោង ចក្រដំឡើងរថយន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយបានបណ្តាក់ទុនវិនិយោគដំបូងចំនួន ២១លានដុល្លារ ដើម្បីសាងសង់រោងចក្រដំឡើងរថយន្តលើផ្ទៃដីចំនួន ៥ហិកតា។
យ៉ាងណាមិញ សម្រាប់ការសម្ពោធនាថ្ងៃនេះគឺ ក្រុមហ៊ុនបានបង្កើតរោងចក្រដំឡើងគ្រឿងបង្គុំថ្មីបន្ថែមមួយទៀត (Sub-Assembly Plant) ដែលអាចផ្ដល់ឱកាសការងារបានជាច្រើនកន្លែងទៀត។ លើសពីនោះ ក្រុមហ៊ុនបានពង្រីកការវិនិយោគពី ២១លានដុល្លារអាមេរិក ទៅ ២៦,៨លានដុល្លារអាមេរិក និងបានពង្រីកផ្ទៃដីសាងសង់រោងចក្រពី ៥ហិកតា រហូតដល់ ១២ហិកតា។ លោក Kevin Whitcraft ប្រធានក្រុមហ៊ុន RMA Group បានឱ្យដឹងទៀតថា ក្រុមហ៊ុនក៏បានផ្លាស់ប្តូរច្រវាក់ផលិតកម្មពីកម្រិតដំឡើង CKD មកកម្រិត IKD-1 ដែលអាចបង្កើនសមត្ថភាព ផលិតរថយន្តលើសពី ១០,០០០គ្រឿងក្នុងមួយឆ្នាំ៕






