អ្នកឧកញ៉ា លី ឃុនថៃ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចខេត្តហៃណាន ប្រទេសចិន

ជុំវិញ​ឧកញ៉ា

នារសៀលថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ អ្នកឧកញ៉ា លី ឃុនថៃ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ហ៊ូ យូសុង (Hu Yusong) ប្រធានប្រតិបត្តិនៃសភាពាណិជ្ជកម្មឆ្លងដែន តំបន់ពាណិជ្ជកម្មសេរីហៃណាន (Hainan Free Trade Zone Cross-Border Trade Chamber of Commerce) ក្នុងឱកាសដែលគណៈប្រតិភូធុរកិច្ចខេត្តហៃណាន បំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងជំរុញទំនាក់ទំនងសេដ្ឋកិច្ច និង ស្វែងរកកាលានុវត្តភាពធុរកិច្ច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា លី ឃុនថៃ ស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូហៃណាន និងបានគូសបញ្ជាក់អំពីសារៈសំខាន់ជាយុទ្ធសាស្ត្ររបស់ខេត្តហៃណាន ដែលជាកំពង់ផែពាណិជ្ជកម្មសេរី និងមានសក្តានុពលខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការរួមគ្នា ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ អ្នកឧកញ៉ា បានលើកឡើងអំពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ និង សង្កត់ធ្ងន់ថាកម្ពុជាគឺជាគោលដៅវិនិយោគដ៏ទាក់ទាញសម្រាប់វិនិយោគិនចិន ព្រោះមានស្ថិរភាពនយោបាយ ទីតាំងយុទ្ធសាស្ត្រក្នុងតំបន់អាស៊ាន កម្លាំងពលកម្មវ័យក្មេង លទ្ធភាពទទួលបានទីផ្សារអនុគ្រោះ និងបរិយាកាសធុរកិច្ចដ៏ល្អប្រសើរ។ អ្នកឧកញ៉ា បានជម្រាបជូន គណៈប្រតិភូហៃណានអំពីកំណើនសេដ្ឋកិច្ច កាលានុវត្តភាព និង បច្ចុប្បន្នភាពនៃវិស័យសក្តានុពលកម្ពុជា និងបានជំរុញលើកទឹកចិត្តវិនិយោគិនចិន បណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា ដែលជាទីតាំងដ៏សមស្របបំផុតសម្រាប់ការវិនិយោគ។

លោក ហ៊ូ យូសុង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា លី ឃុនថៃ ដែលបាននទទួលជួបពិភាក្សាកាងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មឆ្លងដែន តំបន់ពាណិជ្ជកម្មសេរីហៃណាន ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ ហើយគណៈប្រតិភូ មានសេចក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីពិនិត្យលទ្ធភាពសហការគ្នាជាមួយតំបន់ពាណិជ្ជកម្មសេរីហៃណាន ដែលជាតំបន់ទទួលបានការអនុគ្រោះពន្ធគយខ្ពស់ និងជាច្រកទ្វារទៅកាន់ទីផ្សារចិន។ សភាពាណិជ្ជកម្មឆ្លងដែន តំបន់ពាណិជ្ជកម្មសេរីហៃណាន មានសមាជិកជាសហគ្រាសពាណិជ្ជកម្មចំនួន ១២៧០ សហគ្រាស ។

លោក សង្កត់ធ្ងន់ថា កិច្ចពិភាក្សាជាមួយសភាពាណិជ្ជ កម្មកម្ពុជា នាពេលនេះ គឺដើម្បីបង្កើតយន្តការសហការយូរអង្វែងជាមួយគ្នា លើវិស័យពាណិជ្ជកម្ម ការវិនិយោគផ្ទាល់ និងការរៀបចំព្រឹត្តិការណ៍ធុរកិច្ចរួមគ្នា។ ក្នុងន័យនេះ លោក អញ្ជើញសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅតំបន់ពាណិជ្ជកម្មសេរីហៃណានក្នុងពេលវេលាសមស្របណាមួយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅ និង ពិនិត្យលទ្ធភាពចុះអនុស្សរណៈយោគយល់រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មឆ្លងដែន តំបន់ពាណិជ្ជកម្មសេរីហៃណាន។

ជាលទ្ធផលភាគីទាំងពីរបានឯកភាព និង កំណត់នូវក្របខណ្ឌកិច្ចសហប្រតិបត្តិការរួម ក្នុងការជំរុញទំនាក់ទំនាក់ទំនងធុរកិច្ច។ សភាពាណិជ្ជកម្មកម្ពុជា នឹងរៀបចំទស្សនកិច្ចធុរកិច្ចទៅកាន់ខេត្តហៃណាន ប្រទេសចិនក្នុងពេលសមស្របខាងមុខ និង ពិភាក្សាលម្អិតជាមួយ សភាពាណិជ្ជកម្មឆ្លងដែន តំបន់ពាណិជ្ជកម្មសេរីហៃណាន៕