អ្នកឧកញ៉ា គិត ម៉េង តែងតាំងអ្នកឧកញ៉ា សៀ ឫទ្ធី ជាទីប្រឹក្សាជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ បានចេញសេចក្តីសម្រេចតែងតាំង អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៏ប៊្រីដ គ្រុប (World Bridge Group) ជាទីប្រឹក្សាជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា សៀ ឫទ្ធី ជាអ្នកជំនួញលេចធ្លោរមួយរូបនៅកម្ពុជា បានចាប់ផ្តើមប្រឡូកក្នុងអាជីវកម្មតាំងពីឆ្នាំ១៩៩២។ អ្នកឧកញ៉ា ជាម្ចាស់អគារខ្ពស់កប់ពកជាប់នឹងតំបន់កោះពេជ្រ The Peak ដែលមានកម្ពស់ជាង ២០០ម៉ែត្រ និងមានចំនួន ៥៥ជាន់ ដោយចំណាយទុនវិនិយោគប្រមាណ ៥៨០ លានដុល្លារ និងជាម្ចាស់ “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” តម្លៃជាង២០០លានដុល្លារ។ អ្នកឧកញ៉ា មានក្រុមហ៊ុនធំៗប្រមាណ ៣០នៅក្នុងដៃលើពហុវិស័យ ពិសេសក្នុងវិស័យអចលនទ្រព្យ ភស្តុភារកម្ម និងដឹកជញ្ជូន រួមទាំងធនាគារ ប្រ៊ីដ (Bridge Bank) ដែលបានប្រកាសបើកសម្ពោធជាផ្លូវការ កាលខែមិថុនា ឆ្នាំ២០២៣ កន្លងទៅផងដែរ។ បច្ចុប្បន្នអ្នកឧកញ៉ា ក៏មានតួនាទីជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា ទទួលបន្ទុកទំនាក់ទំនងសាធារណៈ និងអន្តរជាតិ។

សូមជម្រាបជូនថា សភាពាណិជ្ជកម្មកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ដោយមានទំនាក់ទំនងនៅទូទាំងប្រទេស ព្រមទាំងដៃគូកម្រិតតំបន់ និងពិភពលោក។ បច្ចុប្បន្ន មានសភាពាណិជ្ជកម្មកម្ពុជា មានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ចំនួនសរុប១៨ ដែលស្ថិតនៅក្រោមសភាពាណិជ្ជកម្មកម្ពុជា។

សភាពាណិជ្ជកម្ម គឺជាស្ថាប័នមួយមិនសំដៅរកប្រាក់ចំណេញ ដែលសមាជិកភាពមានលក្ខណៈស្ម័គ្រចិត្ត និងជាស្ថាប័នតំណាងការពារផលប្រយោជន៍ជូនវិស័យឯកជនលើផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងកសិកម្ម ដោយធ្វើសកម្មភាពបម្រើឲ្យសេដ្ឋកិច្ចជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងនៅទូទាំងប្រទេស៕