ឧកញ៉ា ស្រី ចាន់ថន បានចូលខ្លួនក្នុងការថតវិដេអូឃ្លីបមួយ ឆ្លុះបញ្ចាំងពីជីវភាពប្រជាជនតាមទីជនបទ និងជាផ្នែកមួយក្នុងការចូលរួមផ្សព្វផ្សាយវិសាលភាពវិស័យទេសចរណ៍របស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក។

វីដេអូជាង ០៥ នាទី បាននាំអ្នកទស្សនាគយគន់ទេសភាពស្រុកខ្មែរ ដែលភ្ញៀវទេសចរកម្របានឃើញ ឬមិនងាយធ្វើដំណើរទៅដល់។

ឧកញ៉ា ស្រី ចាន់ថន បានឲ្យដឹងថា លោកចំណាយពេលជាង ០២ ខែ ដើម្បីថតវីដេអូជាង ០៥ នាទី។ ក្នុងវិដេអូដែលលោកបានចូលរួមគ្រប់សកម្មភាព និយាយពីដំណើរផ្សងព្រេង និងបង្ហាញដែនដីដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា សម្រាប់អ្នកទេសចរមកពីគ្រប់ទិសទី។

ឧកញ៉ា ស្រី ចាន់ថន ប្រាប់ថា តាមរយៈការចូលរួមផលិតវិដេអូនេះ បានបង្រៀនលោករៀនចេះបត់បែន រៀនប្រើជីវិតឲ្យមានភាពសាមញ្ញតាមធម្មជាតិ។ លោកថា អ្វីចងចាំបំផុតគឺនៅពេលលោកចំណាយពេលវេលារយៈពេលជាច្រើនថ្ងៃ ជាមួយបងប្អូនកសិករដែលកំពុងព្យួរស្រែបង្កបង្កើនផល ក៏ដូចជាភាពស្និទ្ធស្នាល ជាមួយនឹងស្នាមញញឹម ភាពរាក់ទាក់របស់បងប្អូនខ្មែរ ដែលធ្វើអោយលោកនឹកឃើញនូវអនុស្សាវរីយ៍ជាច្រើនដែលបានឆ្លងកាត់តាំងតែពីនៅក្មេងៗ ។






លោកបន្តថា លោកបានឈ្លៀតពេលចូលរួមព្យួរស្រែ ធ្វើដំណាំស្រូវជាមួយកសិករ ហើយក៏បានចូលរួមទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពសប្បាយរីករាយ ស្និតស្នាលក្រៃលែង លក្ខណៈជីវិតបែបធម្មជាតិតាមតំបន់ជនបទ។

សកម្មភាពទាំងនេះ រឹតតែធ្វើឲ្យលោកដឹងច្បាស់ពីការរស់នៅ បទពិសោធន៍ល្អសម្រាប់ជីវិតរស់នៅ ការគោរពស្រលាញ់ ដោយមិនប្រកាន់វណ្ណៈបក្សពួក ឬរើសអើងជាតិសាសន៍អ្វីឡើយ ក្នុងនាមជាជនជាតិខ្មែរដូចគ្នា។

លោកបន្តថា តាមរយៈវីដេអូចុះបេសកកម្មធ្វើដំណើរផ្សងព្រេង នឹងអាចចូលរួមផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជា ក៏ដូចជាការចូលរួមលើកកម្ពស់ និងថែរក្សាបរិស្ថាន៕

