អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប និងជាទីប្រឹក្សាជាន់ខ្ពស់ នៃសមាគមឧកញ៉ាកម្ពុជា និងអ្នកឧកញ៉ា គឹម ឡេង ឧបត្ថម្ភថវិកាចំនួន ៣០,០០០ ម៉ឺនដុល្លារ ក្នុងឱកាសខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា។

អ្នកឧកញ៉ា សុខ គង់ និងអ្នកឧកញ៉ា គឹម ឡេង កន្លងមកតែងតែចូលរួមឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំ ដល់កាកបាទក្រហមកម្ពុជាសម្រាប់ទិវា ៨ឧសភា។ កន្លងមកនេះ អ្នកឧកញ៉ាទាំងពីរ ក៏តែងតែបានចូលរួមឧបត្ថម្ភថវិកា ជួយដល់យុទ្ធនាការផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀត។
ការចូលរួមឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារៈ តាមរយៈកាកបាទក្រហមកម្ពុជា គឺពិតជាមានគុណតម្លៃណាស់ ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផល។
គួររម្លឹកថាកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅក្នុងឆ្នាំ២០២៤កន្លងទៅ បានជួយប្រជាពលរដ្ឋងាយគ្រោះដោយផ្ទាល់ និងតាមខ្នងផ្ទះ រួមទាំងប្រយោលជាង ២លាននាក់៕


