អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ បានចេញសេចក្តីសម្រេចតែងតាំង ឯកឧត្តមបណ្ឌិត ហេង វុទ្ធី ប្រធានសមាគមអ្នកវិនិយោគចិននៅកម្ពុជា ជាទីប្រឹក្សាជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥។

ការចេញសេចក្តីសម្រេចតែងតាំងបណ្ឌិត ហេង វុទ្ធី ជាទីប្រឹក្សាជាន់ខ្ពស់ គឺយោងលើការរៀបចំធនធានមនុស្ស និងរចនាសម្ព័ន្ធគ្រប់គ្រងសភាពាណិជ្ជកម្មកម្ពុជាឱ្យបានល្អប្រសើរ។ លោកបណ្ឌិត ហេង វុទ្ធី ជាទីប្រឹក្សាផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយធ្លាប់ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដំឡើងឋានៈស្មើ «រដ្ឋមន្ត្រី» បន្ថែមលើមុខងារបច្ចុប្បន្ន ដោយពុំទទួលប្រាក់បំណាច់មុខងារ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣។
សូមជម្រាបជូនថា សភាពាណិជ្ជកម្មកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ដោយមានទំនាក់ទំនងនៅទូទាំងប្រទេស ព្រមទាំងដៃគូកម្រិតតំបន់ និងពិភពលោក។ បច្ចុប្បន្ន មានសភាពាណិជ្ជកម្មកម្ពុជា មានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ចំនួនសរុប១៨ ដែលស្ថិតនៅក្រោមសភាពាណិជ្ជកម្មកម្ពុជា។
សភាពាណិជ្ជកម្ម គឺជាស្ថាប័នមួយមិនសំដៅរកប្រាក់ចំណេញ ដែលសមាជិកភាពមានលក្ខណៈស្ម័គ្រចិត្ត និងជាស្ថាប័នតំណាងការពារផលប្រយោជន៍ជូនវិស័យឯកជនលើផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងកសិកម្ម ដោយធ្វើសកម្មភាពបម្រើឲ្យសេដ្ឋកិច្ចជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងនៅទូទាំងប្រទេស៕






