អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក លើកទី៣ ក្រោមអធិបតីភាព ឯកឧត្ដម ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជា និងជាអនុប្រធាន ក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្តនិងអេឡិចត្រូនិក នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមជាសហប្រធានពីផ្នែកឯកជនចំនួន២រូប៖ លោក ងន សាំង នាយកប្រតិបត្តិក្រុមហ៊ុន RMA (CAMBODIA) PLC.សហប្រធានតំណាងវិស័យយានយន្ត និងលោក Kensuke Watanabe តំណាងលោក Yoshihiro Sakanushi ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន MINEBEA (CAMBODIA) CO., LTD. ជាសហប្រធានតំណាងវិស័យអេឡិចត្រូនិក រួមនឹងសមាជិក សមាជិកា ជាតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ, គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល វិជ្ជាជីវៈ និងវិស័យឯកជន សរុបចំនួន ១០៥ រូប។
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំនេះ មានគោលបំណងសំខាន់ៗចំនួន ៤ រួមមាន៖ទី១-ពិភាក្សាលើលទ្ធផលគន្លឹះបឋមនៃរបាយការណ៍វាយតម្លៃវឌ្ឍនភាព ២ឆ្នាំ ក្នុងការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា, ទី២-ពិភាក្សាលើស្ថានភាពបច្ចុប្បន្ន, បញ្ហាប្រឈម និងសំណូមពរក្នុងវិស័យទាំងពីរ ទី៣-កាលានុវត្តភាពក្នុងការអភិវឌ្ឍវិស័យទាំងពីរ និង ទី៤-កំណត់ទិសដៅការងារបន្ត។

ឯកឧត្ដមអគ្គលេខាធិការ បានគូសបញ្ជាក់ពីសារៈសំខាន់នៃគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP) ដែលជាយុទ្ធសាស្រ្តកំណើនសេដ្ឋកិច្ចថ្មី ក្នុងការឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចជាតិ និងចក្ខុវិស័យកម្ពុជា២០៥០ ហើយនៅក្នុងគោលនយោបាយនេះផងដែរ វិស័យយានយន្ត និងអេឡិចត្រូនិក ត្រូវបានចាត់ទុកជាវិស័យអាទិភាព និងជាកម្លាំងចលករដ៏សំខាន់ ក្នុងការចូលរួមជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញ និងមានតម្លៃបន្ថែមខ្ពស់។
អ្នកឧកញ៉ា ហ៊ុន ឡាក់ ក្នុងនាមតំណាង លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានមានមតិលើកឡើងនូវចំណុចសំខាន់អំពីបញ្ហាប្រឈម ដែលវិនិយោគិនកំពុងព្រួយបារម្ភ គឺធនធានពលកម្មជំនាញសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងវិស័យអាទិភាពមួយចំនួនដូចជា វិស័យកសិកម្ម កសិឧស្សាហកម្ម ការកែច្នៃផលិតផលកសិកម្ម បច្ចេកទេសយានយន្ត និងអេឡិចត្រូនិកជាដើម។
អ្នកឧកញ៉ា បានបន្ថែមទៀតថានាពេលបច្ចុប្បន្ន សមាគមឧកញ៉ាកម្ពុជា ដែលជាស្ថាប័នឯកជនដែលបណ្តុំដោយធុរជនមានសក្តានុពលបាននឹងកំពុងគ្រប់គ្រងលើសហគ្រាសប្រមាណជាង ៨០០ និងវិនិយោគលើពហុវិស័យនៅទូទាំងប្រទេសក៏កំពុងជួបប្រទះនូវកង្វះខាតធនធានពលកម្មជំនាញនេះដែរ ហេតុនេះ អ្នកឧកញ៉ា បានស្នើឱ្យមានការរៀបចំសិក្ខាសាលារួមគ្នាដើម្បីពិភាក្សាលើបញ្ហានេះនិងដោយមានការចូលរួមពីស្ថាប័នជំនាញដូចជាក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតាមរយៈមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ដើម្បីផ្តល់នូវហិរញ្ញប្បទានលើការបណ្តុះបណ្តាលធនធានពលកម្មជំនាញដើម្បីពង្រឹងសមត្ថភាពធនធានមនុស្សស្របទៅតាមតម្រូវរបស់វិស័យឯកជនប្រកបដោយប្រសិទ្ធភាព និងចីរភាព។
បន្ទាប់មក សហប្រធានផ្នែកឯកជនទាំង ២ បានថ្លែងមតិស្វាគមន៍ ដោយបានសម្តែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំឱ្យមាននូវកិច្ចប្រជុំ លើកទី៣ នេះឡើង ព្រមទាំងបានបង្ហាញពីឆន្ទៈក្នុងការសហការយ៉ាងពេញទំហឹងជាមួយរាជរដ្ឋាភិបាល ក៏ដូចជាការចូលរួមផ្តល់ ជាធាតុចូលសំខាន់ៗនានា សម្រាប់ពិចារណាធ្វើការកែលម្អការអនុវត្ត សំដៅលើកកម្ពស់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង។ ចំពោះទិសដៅការងារបន្តក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក នឹងពិនិត្យលើការធ្វើបច្ចុប្បន្នភាពសមាជិកឡើងវិញ ហើយគ្រោងនឹងរៀបចំកិច្ចប្រជុំលើកទី៤ នៅក្នុងអំឡុងពេល ៦ ខែបន្ទាប់ខាងមុខ៕



