ក្រុមហ៊ុនរបស់ អ្នកឧកញ៉ា សុខ គង់ ប្រកាសបង្ហាញវឌ្ឍនភាពនៃការចាក់បេតុងលើផ្លូវតភ្ជាប់ពីភ្នំបូកគោ ទៅកាន់ផ្លូវជាតិលេខ៤

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន សុខា អចលនទ្រព្យ របស់អ្នកឧកញ៉ា សុខ គង់ កាលពីថ្ងៃទី២៩ ខែមេសា បានប្រកាសបង្ហាញអំពីវឌ្ឍនភាព នៃការចាក់បេតុងលើផ្លូវតភ្ជាប់ពីភ្នំបូកគោ ត្រង់ចំណុចព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ ក្នុងតំបន់វាលស្រែ ៥០០ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ដែលមកទល់បច្ចុប្បន្ននេះ បានបញ្ចប់ការចាក់បេតុងបានប្រវែង ៩គីឡូម៉ែត្រ និងសាងសង់គ្រឹះផ្លូវបានប្រមាណ ១១គីឡូម៉ែត្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើទំព័រហ្វេសប៊ុក កាលពីរសៀលថ្ងៃអង្គារម្សិលមិញនេះ ក្រុមហ៊ុនបានបង្ហាញរូបភាពក្រុមការងារកំពុងសាងសង់ស្ថាបនាផ្លូវ និងភ្ជាប់ជាមួយនឹងសារបែបនេះថា៖ “សកម្មភាពនៃដំណើរការស្ថាបនាផ្លូវថ្មីតភ្ជាប់ពីឧទ្យានជាតិព្រះមុនីវង្សបូកគោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ដែលកំពុងបន្តការចាក់បេតុងបានប្រមាណ ៩គីឡូម៉ែត្រ និងគ្រឹះផ្លូវបាន ១១គីឡូម៉ែត្រ”។

ផ្លូវធ្វើដំណើរឡើងភ្នំបូកគោ មានប្រវែង ៦១គីឡូម៉ែត្រ ជាផ្លូវថ្មីត្រូវសាងសង់ពុះកាត់ភ្នំ ផ្ទាំងថ្មធំៗ អូរ និងជ្រោះធំៗជាច្រើន។ ផ្លូវថ្មីនេះបានឆ្លងកាត់ចំការដូងប្រេង របស់អ្នកឧកញ៉ា ម៉ុង ឫទ្ធី ប្រវែង ១៥គីឡូម៉ែត្រ មានទទឹងផ្លូវសរុបប្រមាណ ២០ម៉ែត្រ ក្នុងនោះមានផ្លូវរថយន្ត ទៅមក ៧ម៉ែត្រ ផ្លូវម៉ូតូទៅមក ៦ម៉ែត្រ និងចិញ្ចើមផ្លូវប្រវែង ៣,៥ម៉ែត្រទាំងសងខាង។

សូមជម្រាបថា ផ្លូវថ្មីតភ្ជាប់ពីភ្នំបូកគោ ទៅកាន់ផ្លូវជាតិលេខ៤នេះ បានបញ្ចប់ការឈូសឆាយ ១០០% ជាផ្លូវការ កាលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ និងបានចាប់ផ្តើមការចាក់បេតុង តាំងពីចុងឆ្នាំ២០២៣ និងបច្ចុប្បន្នកំពុងបន្តចាក់បេតុងយ៉ាងសកម្មបន្តទៀត។ តាមការបញ្ជាក់របស់ អ្នកឧកញ៉ា សុខ គង់ ផ្លូវថ្មីនេះគ្រោងចំណាយអស់ថវិកា ក្នុងរង្វង់ជាង ១៨០លានដុល្លារ៕