សង្រ្គោះជីវិតកុមាររាប់លាននាក់ អ្នកឧកញ៉ា គិត ម៉េង ប្រគល់ដីទំហំ ១,៣៧២ម៉ែត្រការ៉េ ជូនមន្ទីរពេទ្យគន្ធបុប្ផា

ជុំវិញ​ឧកញ៉ា សង្គម​ និង​សេដ្ឋកិច្ច

អ្នកឧកញ៉ា គិត ម៉េង បានថ្លែងឲ្យដឹងតាមរយៈទំព័រហ្វេសបុកលោកថា “ខ្ញុំមានកិត្តិយសក្រៃលែង ដែលបានប្រគល់ដីទំហំ ១,៣៧២ម៉ែត្រការ៉េ ជូនមូលនិធិគន្ធបុប្ផាកម្ពុជាតាមរយៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីធ្វើជាកម្មសិទ្ធិរបស់មន្ទីរពេទ្យគន្ធបុប្ផាដូចដែលបានថ្លែងក្នុងពិធីពិសាបាយសាមគ្គីកាលពីល្ងាចថ្ងៃទី ១០ ខែមេសាឆ្នាំ ២០១៨។ ហើយថ្ងៃនេះផងដែរ ខ្ញុំមានសេចក្តីសោមនស្សខ្លាំងណាស់ ដែលទទួលដំណឹងជាផ្លូវការអំពីការផ្ទេរកម្មសិទ្ធិដោយស្របច្បាប់ជូនមូលនិធិគន្ធបុប្ផាកម្ពុជាប្រកបដោយជោគជ័យ”។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា ជឿជាក់យ៉ាងមុតមាំថាសកម្មភាពនេះនឹងចូលរួមយ៉ាងសំខាន់ដល់មូលនិធិគន្ធបុប្ផាកម្ពុជាដែលជាការផ្តួចផ្តើមឡើងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីជួយដល់ការខិតខំប្រឹងប្រែងរបស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងការទ្រទ្រង់សុខភាពសាធារណៈនៅកម្ពុជានិងពង្រឹងតួនាទីដ៏យូរអង្វែងរបស់ខ្លួនក្នុងនាមជាអ្នកជួយសង្គ្រោះជីវិតកុមាររាប់លាននាក់។

លោកបន្តថា ខ្ញុំជឿជាក់ថាការចូលរួមយ៉ាងសកម្មរបស់អ្នកទាំងអស់គ្នានៅក្នុងសកម្មភាពមនុស្សធម៌នេះនឹងជួយគាំទ្រមន្ទីរពេទ្យគន្ធបុប្ផាដើម្បីបន្តបង្កើតក្តីសង្ឃឹមនិងអនាគតដ៏ត្រចះត្រចង់សម្រាប់កុមារកម្ពុជាជាដរាបទៅមុខ៕