ជារឿងធម្មតា គេថាលើលោកនេះ ធ្វើអ្វីក៏ដោយបើគ្មានលុយទេ ធ្វើអ្វីក៏មិនកើតដែរ។ ការលើកឡើងនេះ ពិតជាមិនខុសទេ ប៉ុន្តែ ចំពោះកាលៈទេសៈខ្លះ កុំពឹងលើលុយពេក ព្រោះលុយពិតជាមិនអាចជួយយើងបានគ្រប់ពេលវេលាទេ ទោះបីលុយជាធ្វើឱ្យមានអ្វីៗគ្រប់យ៉ាង ទាំងកិត្តិយស កេរ្តិ៍ឈ្មោះ និងអំណាចក៏ដោយ តែលុយក៏ធ្វើឱ្យយើងបាត់បង់អ្វីៗគ្រប់យ៉ាងដែរ ប្រសិនបើ យើងគ្រប់គ្រងលុយមិនបានទេ។
ដូច្នេះហើយ
គប្បីកុំពឹងផ្អែកលើលុយតែមួយមុខពេក។
កុំអាងមានលុយ ដើរក្អេងក្អាង
ច្រងេងច្រងាង ដាក់គេដាក់ឯង
ប្រមាថគេប្រមាថឯង ស្រេចតែចិត្ត
តែយើងគប្បីពឹងលើជំនាញទន់ផងដែរដូចជាឥរិយាបថ
អាកប្បកិរិយា សេចក្តីថ្លៃថ្នូរ
រួសរាយរាក់ទាក់ ទន់ភ្លន់
សុភាពរាបសារជាដើម។
កាន់តែខ្ពស់
កាន់តែទាប កាន់តែទាប
កាន់តែមានន័យណាស់ ព្រោះថា
កិត្តិយស កេរ្តិ៍ឈ្មោះល្អរបស់យើង
នឹងអាចជួយយើង នៅពេលណាមួយ
ដែលលុយជួយយើងលែងបាន។
បើឃើញគេឃ្លាន យើងផ្តល់អាហារដល់គេ
បើគេរងា យើងផ្តល់អាវ ឬភួយឱ្យគេ
បើគេក្តៅ យើងត្រូវផ្តល់ដំបូលឱ្យគេ
នោះគឺល្អណាស់។
បានន័យថា
ភាពក្រអូបសាយ នៃកេរ្តិ៍ឈ្មោះ
របស់យើងនឹងជួយឱ្យយើងកាន់តែល្អប្រសើរបានមួយកម្រិតទៀត
ប៉ុន្តែនឹងមិនប្រសើរទេឬនឹងកាន់តែធ្លាក់ចុះ
ប្រសិនបើកេរ្តិ៍ឈ្មោះ
កិត្តិយសរបស់យើងត្រូវបានអាប់ឱន
ឬមានក្លិនមិនល្អ ដោយសារតែយើងអាងលើលុយនោះ។
លុយពេលខ្លះ អាចជួលគេឱ្យធ្វើការបាន
តែមិនអាចទិញទឹកចិត្តគេឱ្យស្មោះត្រង់
គ្រប់កាលៈទេសៈបានទេ
មានតែទឹកចិត្តដ៏ល្អបរិសុទ្ធប៉ុណ្ណោះ
ដែលអាចទទួលបាននូវទឹកចិត្តបរិសុទ្ធវិញបាសន៕
ខ្លឹមសារទាំងស្រុង ដោយឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី