សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា បានចុះបញ្ជីនៅក្រសួងមហាផ្ទៃថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ ដែលមានអ្នកឧកញ៉ា លី ហួរ ជាប្រធាន និងអ្នកឧកញ៉ា លី យ៉ុងផាត់ ជាទីប្រឹក្សាជាន់ខ្ពស់។
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បាននឹងកំពុងបំពេញបេសកកម្ម និងគោលដៅសំខាន់មួយចំនួន ដើម្បីការពារសិទ្ធិស្របច្បាប់ និងសុចរិតភាពរបស់សមាជិកក្នុងវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា ដែលផ្តល់នូវវេទិកាសម្រាប់ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក រវាងអ្នកអភិវឌ្ឍន៍លំនៅឋានដូចគ្នា និងអាជ្ញាធរពាក់ព័ន្ធ។
ជាមួយគ្នានេះ សមាគមក៏នឹងផ្ដល់ការប្រឹក្សាយោបល់លើបញ្ហាផ្លូវច្បាប់ និងនីតិវិធីផ្សេងៗក្នុងវិស័យសំណង់ និងអចលនទ្រព្យ
ការជួយកសាងបណ្ដាញទំនាក់ទំនងដ៏រឹងមាំជូនសមាជិក ក្នុងវិស័យសំណង់ និងអចលនទ្រព្យ ព្រមទាំងជាអន្ដរការី សម្របសម្រួល ដោះស្រាយ ទំនាស់ វិវាទ និងភាពរាំងស្ទះផ្សេងៗ របស់សមាជិកក្នុង វិស័យសំណង់ និងអចលនទ្រព្យផងដែរ។
បន្ថែមទៀតនោះ ក៏មានបេសកកម្មជួយផ្សព្វផ្សាយ ផលិតផល ឬសេវារបស់សមាជិក តាមរយៈគេហទំព័ររបស់សមាគម កម្មវិធី កិច្ចប្រជុំ និងការតាំងពិព័រណផ្សេងៗ ក្នុងក្របខ័ណ្ឌជាតិ និងអន្ដរជាតិ និងការបង្កើនដៃគូរសហការលើមុខរបរ របស់សមាជិក ដូចជា អ្នកផ្គត់ផ្គង់ អ្នកផ្សព្វផ្សាយ ប្រភពដើមទុន និងការស្វែងរកទីផ្សារជូនសមាជិក។
លើសពីនេះ ចូលរួមសហការជាមួយរាជរដ្ឋាភិបាលដើម្បីទប់ស្កាត់ នូវរាល់ការវិនិយោគដែលមានភាពមិនច្បាស់លាស់ ឬ ការបង្កភាពចលាចលដល់ទីផ្សារសំណង់លំនៅឋាន និងអចលនទ្រព្យជាដើម។
ឧកញ៉ាញូស៍ Oknha news សូមណែនាំលោកអ្នកមកស្គាល់ប្រធាន និងអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ដូចខាងក្រោម៖
១/ អ្នកឧកញ៉ា ហុង ពីវ ប្រធានកិត្តិយស
មានស្រុកកំណើតនៅរាជធានីភ្នំពេញ អ្នកឧកញ៉ា ហុង ពីវ ជាអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពិភពថ្មី និងបុរី ពិភពថ្មី
២/ អ្នកឧកញ៉ា លី ហួរ ប្រធាន
អ្នកឧកញ៉ា មានស្រុកកំណើតនៅខេត្តកំពង់ចាម ជាអគ្គនាយកក្រុមហ៊ុន លី ហួរ គ្រុប និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា
៣/ ឧកញ៉ា ថៃ ជាហួត អនុប្រធាន
អគ្គនាយកក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប។ លោកមានស្រុកកំណើតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
៤/ អ្នកឧកញ៉ា លាង ម៉េង អនុប្រធាន
សហស្ថាបនិក និងជាប្រធានអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង គ្រុប។ លោកជាកូនប្រុសទី ២ របស់អ្នកឧកញ៉ា ភាព ហៀក ដែលមានឈាមជ័រជាអ្នកខេត្តកំពង់ចាម ស្រុកស្រីសន្ធរ។
៥/ ឧកញ៉ា តេង ហឿង អនុប្រធាន
លោកមានស្រុកកំណើតនៅខេត្តកំពត។ លោកឧកញ៉ា ជាម្ចាស់បុរី ហ្គោលដេន ផាក និងជាអ្នកគ្រប់គ្រងទូទៅរបស់ ក្រុមហ៊ុនដឹកជញ្ជូន តេង ឡាយ គ្រុប។
៦/ លោកជំទាវ ខា ឡេង អនុប្រធាន
ជាអគ្គនាយិការង អាល់ហ្វា ប្រផឹធី ខនស្ត្រាក់សិន។ លោកជំទាវ បានបញ្ចប់ថ្នាក់អនុបណ្ឌិត និង កំពុងសិក្សាថ្នាក់បណ្ឌិត ផ្នែកច្បាប់។ ក្រុមហ៊ុន អាល់ហ្វា ប្រផឹធី ខនស្ត្រាក់សិន ជាក្រុមហ៊ុនមានបទពិសោធន៍ជាច្រើនឆ្នាំ ខាងផ្នែកអចលនទ្រព្យ និងសំណង់ផងដែរដែលក្រុមហ៊ុនបានកំពុងវិនិយោគគម្រោងធំៗជាច្រើនដូចជា គម្រោង The Gate Way ជាដើម។
៧/ ឧកញ៉ា លី សេងឃាង អនុប្រធាន
ជាអគ្គនាយកក្រុមហ៊ុន BS Land and Home ជាក្រុមហ៊ុនវិនិយោគផ្នែកសំណង់ផ្ទះល្វែង វិឡា និងខុនដូ បើគិតមកសព្វថ្ងៃ ក្រុមហ៊ុន BS Land and Home បានវិនិយោគលើគម្រោង ៣ធំៗ រួមមាន៖ គម្រោង ចតុមុខ ស៊ីធីវីយូ ខុនដូ, គម្រោង ចតុមុខ ស៊ីធីទី១ និង គម្រោង ចតុមុខ ស៊ីធីទី២ ក្នុងតំបន់ស្វាយជ្រុំ ខេត្តកណ្តាល។
៨/ ឧកញ៉ា តាំង គួង អនុប្រធាន
អគ្គនាយក ក្រុមហ៊ុន TANG KUNG GROUP Co.,Ltd ។ លោកមានស្រុកកំណើតខេត្តកំពង់ចាម។ ក្រុមហ៊ុន តាំង គួង គ្រុប ក៏បានវិនិយោគលើវិស័យអចលនទ្រព្យ និងសំណង់ផងដែរ ដូចជា គម្រោង CENTER CITY TA KHMAO ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
៩/ ឧកញ៉ា លាង សាំង អនុប្រធាន
ជានាយកក្រុមហ៊ុន ហាយ ធិច និងជាអគ្គនាយក បុរី ហាយធិច។ ក្រុមហ៊ុន បុរីហាយធិច បានវិនិយោគសំណង់លំនៅឋានជា វិឡាប្រណិត និងក្លឹបហាត់ប្រាណជាដើម។ បើគិតមកដល់សព្វថ្ងៃ ក្រុមហ៊ុន ហាយធិច មានគម្រោងបុរី ហាយ ធិច, បុរី ហាយ ធិច ២, បុរី ហាយ ធិចលុច្សសារី , អាគារពណ៌ស៦ជាន់ និងក្រុមហ៊ុនបុត្រសម្ព័ន្ធមួយចំនួនទៀត។
១០/ អ្នកឧកញ៉ា សៀ ឫទ្ធី អនុប្រធាន
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលប្រ៊ីដ គ្រុប។ អ្នកឧកញ៉ា មានស្រុកកំណើតនៅទីក្រុងភ្នំពេញ។ បច្ចុប្បន្នជាវិនិយោគិន និងជាអ្នកអភិវឌ្ឍន៍អចលទ្រព្យជោគជ័យមួយរូបនៅកម្ពុជា ដូចជា ខុនដូរខ្នាតអន្តរជាតិ The Peak & The Bridge។
១១/ ឧកញ៉ា ប៊ុន ហៃ អនុប្រធាន
ប្រធានក្រុមហ៊ុន បុរី ភ្នំពេញថ្មី និងជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា។ លោកឧកញ៉ា មានស្រុកកំណើតនៅខេត្តកំពង់ចាម។ ក្រុមហ៊ុន បុរី ភ្នំពេញថ្មី គឺជាក្រុមហ៊ុនវិនិយោគសំណង់លំនៅឋាន ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ និងមានកេរ្ត៍ឈ្មោះល្បីល្បាញផងដែរ។
១២/ ឧកញ៉ា សេង ញ៉ក់ អនុប្រធាន
មានស្រុកកំណើតនៅទីក្រុងភ្នំពេញ។ បច្ចុប្បន្នជាអគ្គនាយកក្រុមហ៊ុន ដឹ ព្រេមៀលែន ឯ.ក និងជាអ្នកជំនួញក្នុងស្រុក និងក្រៅប្រទេសផងដែរ។