គណៈកម្មការមូលបត្រកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា បានសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការរៀបចំក្រុមហ៊ុនតាមស្តង់ដារក្រុមហ៊ុនបោះផ្សាយលក់មូលបត្រជាសាធារណៈ និងការចូលរួមកម្មវិធីឧត្តមភាពលើកទី២” ដល់សមាជិក-សមាជិកា នៃសភាពាណិជ្ជកម្មកម្ពុជា ថ្ងៃទី០៤ ខែកុម្ភៈនេះ។
សិក្ខាសាលានេះ បានផ្តល់នូវពុទ្ធិជាមូលដ្ឋានដល់អ្នកចូលរួមពាក់ព័ន្ធ នឹងអភិបាលកិច្ចសាជីវកម្មសម្រាប់សហគ្រាសធុនតូច និងមធ្យម, អត្ថប្រយោជន៍ក្នុងការបោះផ្សាយលក់មូលបត្រជាសាធារណៈ និងការត្រៀមខ្លួនចូលកម្មវិធី “កម្មវិធីឧត្តមភាពលើកទី២”។
សូមជម្រាបថា កម្មវិធីឧត្តមភាព គឺជាកម្មវិធីដែលរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹង និងកសាងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងការរៀបចំអភិបាលកិច្ចសាជីវកម្ម របាយការណ៍ហិរញ្ញវត្ថុ ផែនការអាជីវកម្ម និងអនុលោមភាពតាមច្បាប់ស្របតាមបទដ្ឋានក្រុមហ៊ុនបោះផ្សាយលក់មូលបត្រជាសាធារណៈ៕








