កម្ពុជាបានបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ នៅព្រឹកថ្ងៃទី១០ របស់ក្រុមហ៊ុន Sinopharm ដែលជាជំនួយរបស់ចិន ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ហើយកម្ពុជាជាប្រទេសទី ៣ នៅអាស៊ាន បន្ទាប់ពីឥណ្ឌូនេស៊ី និងសិង្ហបុរី។
ថ្ងៃទី១០ ខែកុម្ភៈ លោកឧកញ៉ា ស្រី ចាន់ថន បានអញ្ជើញទៅទទួលវ៉ាក់សាំងកូវីដ១៩ តំបូងគេបង្អស់ក្នុងនាមឧកញ៉ា នៅមន្ទីរពេទ្យកាលម៉ែត។ លោកឧកញ៉ាម្ចាស់តំបន់ 7NG បានថ្លែងថា ខ្ញុំបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ រួចហើយ ខ្ញុំបាទ សូមគោរពអរគុណដល់ សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតដល់រូបខ្ញុំ បានចូលរួមចាក់វាក់សាំងការពារជម្ងឺកូវីត-១៩។
លោកឧកញ៉ាស្រី ចាន់ថន បានអំពាវនាវសូមបងប្អូនខ្មែររួមគ្នា និងត្រៀមលក្ខណៈចូលរួមជាមួយរដ្ឋាភិបាលអនុវត្តវិធានការសុខាភិបាល និងទទួលចាក់ថ្នាំបង្ការទៅតាមដំណាក់កាលនីមួយៗ តាមផែនការលទ្ធភាពរបស់រាជរដ្ឋាភិបាល ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជនយើងនៅក្នុងកាលៈទេសៈដ៏លំបាកនេះ ពីព្រោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នកដទៃ។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាលបានរៀបចំមន្ទីរពេទ្យធំៗចំនួន៤ សម្រាប់ចាក់វ៉ាក់សាំងជាលើកដំបូងនៅថ្ងៃទី១០ខែកម្ភៈឆ្នាំ២០២១៖
>នៅមន្ទីរពេទ្យកាល់ម៉ែតសម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ។
>មន្ទីរពេទ្យព្រះអង្គឌួងសម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ។
>មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត។
>មន្ទីរពេទ្យកុមារជាតិសម្រាប់អ្នកសារព័ត៌មាន។
ដំណើរការនៃការចាក់វ៉ាក់សាំង ដោយមនុស្សម្នាក់ត្រូវចំណាយពេល ៤០នាទី ក្នុងការចុះឈ្មោះ សម្ភាសន៍មុននឹងចាក់វ៉ាក់សាំង។ ពេលចាក់រួច ត្រូវសម្រាក៣០នាទី នៅបន្ទប់រង់ចាំ ដើម្បីឲ្យគ្រូពេទ្យតាមដានសុខភាព បើមិនមានអីជាបញ្ហា ទើបគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅវិញបាន ដោយភ្ជាប់ជាមួយបណ្ណសុខភាពសម្រាប់មកចាក់ជាលើកទី២បន្តទៀត៕



