ពិភពជំនួញនៅកម្ពុជាភាគច្រើនកាន់កាប់ ដោយបុរស ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយតួលេខសហគ្រិនស្រ្តីបាន កើនឡើងជាបន្តបន្ទាប់។ការកើនឡើងនេះ គេក៏មិនអាចមើលរំលងបានឡើយនូវកំពូលស្រ្តីអ្នកជំនួញពីររូប ដែលកំពុងក្តោបក្តាប់សម្ព័ន្ធនូវក្រុមហ៊ុន និងមុខជំនួញធំៗជាច្រើននៅកម្ពុជា។
១.លោកជំទាវឧកញ៉ា លឹម ឈីវហូ
ក្រុមហ៊ុន អ៊ែតវូត អាហរ័ណ នីហរ័ណ Attwood Import Export ក្រោមការដឹកនាំរបស់ស្រ្តីខ្លាំងលោកជំទាវ ឧកញ៉ា លឹម ឈីវហូ តាំងពីទសវត្សរ៍ទី៩០ ក្រុមហ៊ុន អ៊ែតវូត បានបន្តនាំមកនូវកិត្យានុភាព និងការកសាងអាណាចក្រជំនួញរបស់ខ្លួនមិនចាញ់ក្រុមហ៊ុនក្នុងស្រុកផ្សេងទៀត។
ក្រុមហ៊ុនដែលដឹកនាំដោយស្រ្តីមួយនេះ ត្រូវបានគេស្គាល់តាមរយៈការរកស៊ីនាំចូលនូវផលិតផលស្រាម៉ាកល្បីៗ ដែលមានតម្លៃខ្ពស់ មកលក់នៅកម្ពុជា មាន Johnnie Walker, Hennessy, Kickapoo Joy Juice និង Corona ជាដើម។
លោកជំទាវ ឧកញ៉ា លឹម ឈីវហូ គឹជាស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អ៊ែតវូដ។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុន អ៊ែតវូត ក៍វិនិយោគលើតំបន់សេដ្ឋកិច្ចពិសេសជាច្រើនកន្លែង ដូចជា តំបន់សេដ្ឋកិច្ចភ្នំពេញ និងតំបន់សេដ្ឋកិច្ចពិសេស ប៉ោយប៉ែត គម្រោងទំាងនេះបានចូលរួមការបង្កើតការងារជាច្រើនដល់ប្រជាពលរដ្ឋខ្មែរផងដែរ។
នាពេលកន្លងមក ក្រុមហ៊ុនល្បីឈ្មោះមួយនេះ បានប្រកាសអំពីគម្រោងវិនិយោគសាងសង់សាលារៀនអន្តរជាតិដ៏ធំមួយទៀត និងគ្រោងវិនិយោគសាងសង់មជ្ឈមណ្ឌលសម្រាប់ទទួលមនុស្សចាស់ជរា។ ក្រុមហ៊ុនគ្រប់គ្រងដោយស្រ្តីជើងខ្លាំងរូបនេះ ក៏មានការធ្វើប្រតិបត្តិការអាជីវកម្មនៅប្រទេសឡាវផងដែរ។
២.អ្នកឧកញ៉ា ភាព ហៀក
ក្រុមហ៊ុន ជីបម៉ុង គ្រុប Chip Mong Group កំពុងកសាងភាពល្បីល្បាញរបស់ខ្លួននាពេលបច្ចុប្បន្ន ដែលបាននិងកំពុងពង្រីកវិសាលភាពកាន់តែធំឡើងៗ។ ក្រុមហ៊ុន នេះបានពង្រីកការវិនិយោគរបស់ខ្លួនលើការសាងសង់គម្រោងលំនៅឋានលំដាប់ខ្ពស់ជាច្រើនកន្លែងនៅភ្នំពេញ។
ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីបម៉ុង គ្រុប អ្នកឧកញ៉ា ភាព ហៀក ដែលគ្រប់គ្រងអាណាចក្រជំនួញជាច្រើន និងបានបង្កើតរោងចក្រដ៏ធំចំនួនពីរទៀត សម្រាប់ការផលិតចំណីសត្វ និងស៊ីម៉ងត៍។ មិនមែនមានតែការផលិតរោងចក្រផលិតស្រាបៀរកម្ពុជា និងភេសជ្ជៈជាច្រើនមុខនោះទេ ក្រុមហ៊ុននេះក៍បាននាំចូលផលិតផលគ្រឿងសំណង់ គ្រឿងសម្រាប់តុបតែងលំនៅដ្ឋាន និងនាំចូលផលិតផលចំណីអាហារច្រើនទៀតផងដែរ។
ក្រុមហ៊ុនដឹកនាំដោយស្រ្តីជើងខ្លាំងដែកថែបរូបនេះ កំពុងមានឈ្មោះបោះសំឡេងលើមុខជំនួញ ដោយមានជំនួយការងារពីកូនប្រុសដ៏ល្បីឈ្មោះទាំងពីររបស់អ្នកឧកញ៉ា គឺអ្នកឧកញ៉ា លាង ម៉េង និងអ្នកឧកញ៉ា លាង ឃុន៕