នៅថ្ងៃនេះ បងបានភ្ញាក់ពីដំណេកប្រកបដោយក្ដីរំភើប ដើម្បីទន្ទឹងរង់ចាំស្វាគមន៍និងអបអរថ្ងៃពិសេសរបស់ភរិយាដ៏ស្រស់សោភារបស់បង។ នេះជាការឡើងរបស់អ្នកឧកញ៉ា គិត ម៉េង លើបណ្តាញសង្គមនៅព្រឹកថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២១។ ខណៈនៅថ្ងៃនេះជាថ្ងៃខួបកំណើត ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល គ្រុប លោកជំទាវ តូច ចំណាន។

អ្នកឧកញ៉ាបានបន្តថា រីករាយថ្ងៃកំណើត អូនសម្លាញ់ ដោយក្ដីស្រលាញ់ចេញពីបេះដូងរបស់បង ។ ថ្ងៃនេះគឺជាថ្ងៃដ៏ពិសេសរបស់អូន។ ក្នុងឱកាសខួបកំណើតរបស់អូន ពាក្យជូនពរ ដំបូងបង្អស់របស់បងសម្រាប់អូនគឺចង់អោយអូនមានសុខភាពល្អជានិច្ច។

តាមប្រភពអ្នកដែលជិតស្និតជាមួយឧត្តមភរិយាអ្នកឧកញ៉ា បានបង្ហើបឲ្យដឹងថា ថ្ងៃនេះពិតជាថ្ងៃខួបកំណើតលោកជំទាវពិតប្រាកដមែន។

គិតមកដល់ឆ្នាំ២០២១នេះ អតីតតារាសម្តែងល្បីឈ្មោះ លោកជំទាវ ម៉ៅ ចំណាន មានអាយុ ៣៨ឆ្នាំហើយ។ លោកជំទាវដែលជាអ្នកខេត្តស្វាយរៀងរូបនេះ បានជំហានចូលប្រឡូកក្នុងវិថីសិល្បៈ នៅអំឡុងឆ្នាំ១៩៩៨ អាជីពដំបូងរបស់លោកស្រីគឺ ច្រៀង តាមភោជនីយដ្ឋាន បន្ទាប់មកនាងក៏មានឱកាសបានចូលសម្តែង ខារ៉ាអូខេ នៅក្នុងផលិតកម្មហង្សមាស ផលិតកម្ម យូធូ និងផលិត ស្ទឹងសង្កែ រហូតបានឡើងជាពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ៥។

បាត់មុខមួយរយៈធំលើវិថីសិល្បះ ក្រោយមកឮព័ត៌មានថា នាងបានសាងស្នេហ៍យ៉ាងផ្អែមត្រជាក់ ជាមួយមហាសេដ្ឋីប្រាក់លានម្នាក់ គឺអ្នកឧកញ៉ា គិត ម៉េង។ អ្នកទាំងពីរបានរួមរស់សាងគ្រួសារ បែបលាក់លួចហើយមានកូនចៅជាមួយគ្នា។

អតីតតារាសម្តែងល្បីឈ្មោះ អ្នកនាង ម៉ៅ ចំណាន បន្ទាប់ពីអត់ធ្មត់សង្កត់ចិត្តរស់នៅក្នុងស្ថានភាព ជាភរិយាមិនពេញមុខពេញមាត់ អស់រយៈពេលជាង ១០ឆ្នាំ ក្រោយមកអ្នកឧកញ៉ា គិត ម៉េង បានបំពេញក្ដីស្រមៃដែលកើតចេញពីការអត់ធ្មត់ និងការព្យាយាមគ្មានទីបញ្ចប់។ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ អ្នកនាងបានដឹកដៃស្វាមី សម្បូរទ្រព្យអ្នកឧកញ៉ា គិត ម៉េង ចូលរោងការសំពះផ្ទឹម តាមប្រពៃណីខ្មែរ។

លោកជំទាវ តូច ចំណាន ត្រូវបានអ្នកឧកញ៉ា គិត ម៉េង ប្រគល់សិទ្ធិឲ្យក្លាយជាម្ចាស់សណ្ឋាគារ និងកាស៊ីណូ ដ៏ធំនៅក្រុងបាវិត ខេត្តស្វាយរៀង និងមានមុខជំនួញជាច្រើនដែលលោកជំទាវកំពុងក្តោបក្តាប់ថែមទៀតផង។

ក្នុងនាមជាឧត្ដមភរិយាដ៏ប្រពៃ ទទួលបានក្ដីស្រលាញ់ និងការថ្នាក់ថ្នម មិនចេះរីងស្ងួត ពីស្វាមី លោកជំទាវក៏បាន ផ្ដល់កំណើតដល់បុត្រាបុត្រីចំនួន ៤នាក់ (កូនស្រី២ កូនប្រុស២) ជាចំណងអាពាហ៍ពិពាហ៍នៃស្នេហាដ៏ផ្អែមល្ហែមមួយនេះថែមទៀតផង។
ឆ្លៀតក្នុងឱកាសដ៏ពិសេស នៃថ្ងៃកំណើតលោកជំទាវ នេះដែរ ក្រុមការងារគេហទំព័រ Oknha News យើងខ្ញុំ ក៏សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក សូមតាមបីបាច់ថែររក្សាក្រុមគ្រួសារអ្នកឧកញ៉ា គិត ម៉េង និងលោក ជំទាវ ម៉ៅ សំណាង ព្រមទាំងកូនៗ ឱ្យជួបតែពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លៀតឡើយ៕




