លោក ជី សិលា៖ ពីអាជីវករដើមទុន ៥០០ដុល្លារ ក្លាយជានាយកក្រុមហ៊ុន បង្ហើបបទពិសោធន៍មួយចំនួន

ជុំវិញ​ឧកញ៉ា សង្គម​ និង​សេដ្ឋកិច្ច



ពី​អ្នក​ប្រកប​អាជីវកម្ម​លក់​ស៊ីឌី​ចម្លង ដើម​ទន់ ៥០០ ដុល្លារ នៅ​ក្នុង​រាជធានី​ភ្នំពេញ ក្លាយ​ជា​នាយក​ប្រតិបត្តិ​នៃ ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​កម្សាន្ត​ដ៏​ធំ និង​ឈាន​មុខ​គេ​របស់​កម្ពុជា Sabay Digital Corporation និង អគ្គនាយក​នៃ​ក្រុមហ៊ុន​អាហារ និង ភេសជ្ជៈ ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​អាហារ Fast-Food ពី​ហាង​នំ Tous les Jours និង Lotteria


សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

«ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជា​ច្រើន នេះ​គឺ​ជា​គុណសម្បត្តិ​របស់​ខ្ញុំខ្ញុំ​បាន​មើល​ឃើញ​អ្វី​ជា​ច្រើន ដែល​ប្រជាជន​កម្ពុជា មិន​អាច​មើល​ឃើញ។ ខ្ញុំ​អាច​មើល​ឃើញ​នូវ​និន្នាការ (Trending) ដែល​កំពុង​កើត​មាន​នៅ​លើ​ពិភពលោក ហើយ​ខ្ញុំ​អាច​មើល​ឃើញ​វា​ថា នេះ​ជា​អ្វី​ដែល​កំពុង​ចូល​មក​ប្រទេស​កម្ពុជា ដូចគ្នា»។ លោក ជី សិលា នាយក​ក្រុមហ៊ុន Sabay Digital Corporation បាន​ប្រាប់​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ។

នាយក​ប្រតិបត្តិ វ័យ ៤១ ឆ្នាំ រូប​នេះ បាន​បង្កើត​អាជីវកម្ម​ដំបូង​បង្អស់​របស់​ខ្លួន នៅ​ក្នុង​ឆ្នាំ ១៩៩២ ពោល​គឺ ២ ឆ្នាំ​មុន​ពេល​ឈាន​ចូល​សហស្សវត្ស​ថ្មី ដោយ​លក់​ស៊ីឌី​ចម្លង នៅ​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​ការ​ចាប់ផ្ដើម​ហាក់​មិន​ទទួល​ផល​ល្អ​ប៉ុន្មាន​ឡើយ។

«ខ្ញុំ​មិន​នឹក​ស្មាន​សោះ​ថា ខ្ញុំ​នឹង​ក្លាយ​ជា​សហគ្រិន និង​ពាណិជ្ជករ​ទាល់​តែ​សោះ។ កាល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​ចូលចិត្ត​គូរ​រូប»។ លោក សិលា បាន​សារភាព។

ចាប់​តាំង​ពី​ការ​វិនិយោគ​ដំបូង ដែល​មាន​ដើម​ទន់​ត្រឹម ៥០០ ដុល្លារ លោក សិលា បាន​ធ្វើ​វា​យ៉ាង​ច្បាស់លាស់​បំផុត។ រយៈ​ពេល​ជាង ១៨ ឆ្នាំ​ក្រោយ​មក ក្រុមហ៊ុន Sabay Digital Corporation បាន​ក្លាយ​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​កម្សាន្ត​ឈាន​មុខ​គេ នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​គ្របដណ្ដប់​ព័ត៌មាន​អនឡាញ ទូរទស្សន៍ ខ្សែភាពយន្ត ហ្គេម​អនឡាញ និង ទស្សនាវដ្ដី ទៀត​ផង។

សហគ្រិន និង​ពាណិជ្ជករ​ចេះ​និយាយ​ច្រើន​ភាសា ដូចជា អង់គ្លេស វៀតណាម ជប៉ុន និង ចិន រូប​នេះ បាន​ប្រាប់​ឲ្យ​ដឹង​ថា «អាជីវកម្ម​របស់​ខ្ញុំ​ភាគច្រើន មិន​ថា​អ្វី​ឡើយ ខ្ញុំ​បាន​បង្កើត​វា​ឡើង​ស្រាប់​មនុស្ស​ក្នុង​តំបន់​មុន ព្រោះ​វា​ជា​អ្វី​ដែល​ខ្ញុំ​ស្គាល់ និង​អាច​គ្រប់គ្រង​បាន​ល្អ​បំផុត ប៉ុន្តែ​ការ​បង្កើត​ប្រព័ន្ធ​ខាងក្នុង​របស់​យើង​គឺ​ធំ​ណាស់ ដូច្នេះ​យើង​អាច​ពង្រីក​វា​ជា​អន្តរជាតិ។ មនុស្ស​មួយ​ចំនួន​និយាយ​ថា “Think Global, Act Local” ហើយ​នេះ​ជា​អ្វី​ដែល​ខ្ញុំ​និយាយ​ចំពោះ​ខ្លួនឯង»

យ៉ាងណាមិញ លោក សិលា បាន​ធ្វើ​ការ​រិះគន់​យ៉ាង​ខ្លាំង ចំពោះ​ប្រព័ន្ធ​មួយ​ដែល​ខ្វះ​គំនិត​ច្នៃប្រឌិត ក្នុង​ចំណោម​សហគ្រិន​វ័យ​ក្មេង​របស់​ប្រទេស​កម្ពុជា ដោយ​ហៅ​វា​ថា​ជា «វប្បធម៌​ចម្លង» (Copycat Culture)។

«អ្វី​ដែល​ខ្ញុំ​គិត​ថា វា​ជា​ការ​សោកស្ដាយ​នោះ​គឺ មាន​មនុស្ស​មិន​ច្រើន​ទេ​នៅ​ទី​នេះ ដែល​បាន​ព្យាយាម​បង្កើត​មាតិកា​ដើម (Original Content)។ មនុស្ស​ជាច្រើន​ព្យាយាម​លួច​ចម្លង (Copy & Paste) មាតិកា ពី​ជុំវិញ​ពិភពលោក និង​ព្យាយាម​ធ្វើ​វា​ឲ្យ​មើល​ទៅ​ដូច​ជា​របស់​ក្នុង​ស្រុក»។ លោក សិលា បាន​បញ្ជាក់​ប្រាប់​យ៉ាង​ដូច្នេះ។

បើ​យោង​តាម​សហគ្រិន​រូប​នេះ បាន​ឲ្យ​ដឹង​ថា វា​គឺ​ជា​ការ​ទទួល​យក​នូវ​ហានិភ័យ និង​ការ​គិត​រយៈពេល​យូរ អំពី​និរន្តរភាព​នៃ​អាជីវកម្ម​របស់​ពួកគេ ដែល​ម្ចាស់​អាជីវកម្ម​ដំបូងៗ អាច​ធ្លាក់​ចេញ​ពី​មុខ​តំណែង​របស់​ខ្លួន នៅ​ក្នុង​សេដ្ឋកិច្ច​ដែល​កំពុង​រីកចម្រើន​របស់​ប្រទេស​កម្ពុជា។

«អ្នក​ត្រូវ​តែ​គិត​បែបនេះ ទើប​អ្នក​អាច​ប្រកួតប្រជែង និង ទ្រទ្រង់​ខ្លួន​អ្នក​នៅ​ក្នុង​ទីផ្សារ​បាន។ ប្រសិន​បើ​អ្នក​គិត​តូច​ពេក ពេល​ខ្លះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ពិបាក​កាន់​តែ​ខ្លាំង ព្រោះ​នៅ​ពេល​ក្រុមហ៊ុន​ធំៗ​ចូល​មក អ្នក​នឹង​ចាញ់​នៅ​ក្នុង​ការ​ប្រកួតប្រជែង»។ នេះ​បើ​តាម​សម្ដី លោក សិលា។

ជាមួយ​នឹង​ចំនួន​ប្រជាជន​វ័យ​ក្មេង ស្ទើរតែ ៧០ ភាគរយ នៃ​ចំនួន​ប្រជាជន​កម្ពុជា មាន​អាយុ​ក្រោម ៣០ ឆ្នាំ លោក សិលា បាន​និយាយ​ថា «អ្វី​ដែល​ទាក់ទង​ទៅ​នឹង​មនុស្ស​វ័យក្មេង មាន​ឱកាស​ទទួល​ជោគជ័យ ព្រោះ​មនុស្ស​នឹង​កើន​ឡើង​ជាមួយ​នឹង​សេវាកម្ម ឬ​ផលិតផល​របស់​អ្នក»

ជាមួយ​គ្នា​នេះ​ដែរ លោក សិលា បាន​វាយ​តម្លៃ​ដោយ​ស្មោះត្រង់​ថា «ប្រសិន​បើ​អតិថិជន មិន​ប្រើប្រាស់​ផលិតផល​មួយ ដោយសារ​តែ​ផលិតផល​នោះ​មិន​ល្អ នោះ​អ្នក​ត្រូវ​តែ​ផ្លាស់ប្ដូរ បើ​មិន​ដូច្នោះ​ទេ អ្នក​ដទៃ​នឹង​ចូល​មក និង​ធ្វើ​ការងារ​ល្អ​ជាង ហើយ​ជំនួស​តំណែង​អ្នក​ជា​មិន​ខាន។ វា​គឺ​ជា​អ្វី​ដែល​ខ្ញុំ​សង្ឃឹម​ថា​នឹង​មើល​ឃើញ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀតគឺ​ការ​ផ្លាស់​ប្ដូរ​វប្បធម៌​ចម្លង»

ទោះ​ជា​យ៉ាង​ណា លោក​បាន​បន្ថែម​ថា «ប៉ុន្តែ ខ្ញុំ​គិត​ថា​វា​មិន​ងាយស្រួល​ឡើយ ព្រោះ​វា​ពាក់ព័ន្ធ​នឹង​ការ​អប់រំ ពោល​គឺ​កម្រិត​ដែល​អ្នក​ដាក់ចិត្ត​ធ្វើ​វា និង​ការ​ដែល​អ្នក​ហ៊ាន​គិត​កាន់​តែ​ឆ្ងាយ ហើយ​សុខ​ចិត្ត​ធ្វើ​អ្វី​ឆ្គួតៗ ដើម្បី​ឲ្យ​ខុស​ប្លែក​ពី​គេ។ ខ្ញុំ​ឃើញ​មិន​ច្រើន​ឡើយ»

ប្រភព៖ sea-globe   ប្រែ​សម្រួល៖ សេង ឡុង