ប្រទេសមួយអាចអភិវឌ្ឍន៍រីកចម្រើនទៅបាន ចាំបាច់ត្រូវមានធនធានគន្លឹះជាស្នូលសម្រាប់ការអភិវឌ្ឍទាំងពេលបច្ចុប្បន្ន និងអនាគត។ ការអភិវឌ្ឍវិស័យឧស្សាហកម្ម កសិកម្ម សំណង់ ទេសចរណ៍ ទាំងនេះជាធាតុផ្សំដែលមិនអាចខ្វះបាន សម្រាប់រដ្ឋទូទាំងពិភពលោកនោះគឺ ធនធានមនុស្ស។ ក្នុងនោះយុវជនគឺជាកម្លាំងមុតស្រួច និងកម្លាំងស្នូលយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍ ដើម្បីបបន្តវេន្តប្រកបដោយសក្ដានុពល និងសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ។

ជាយុវជនមួយរូប ធ្លាប់ឆ្លងកាត់បទពិសោធន៍ជីវិតទាំងជោគជ័យ និងប្រវត្តិជូរចត់តស៊ូរហូតអភិវឌ្ឍន៍ខ្លួន ក្លាយជាឧកញ៉ា។ បច្ចុប្បន្នលោកឧកញ៉ា ផន វណ្ណិត ជាអ្នកជំនួញវិស័យអចលនទ្រព្យដ៍ជោគជ័យនិងល្បីឈ្មោះមួយរូប បានផ្តល់នូវគន្លឹះ និងបទពិសោធន៍មួយចំនួន ដើម្បីអាចក្លាយខ្លួនជាយុវជនពូកែនៅក្នុងសង្គម។

អតីតសាស្រ្តាចារ្យ ឧកញ៉ា ផន វណ្ណិត បានថ្លែងឲ្យដឹងថា គន្លឹះក្លាយជាយុវជនពូកែ ត្រូវមាន ៥ចំណុច៖
ទី១. ក្លាហាន
ទី២. ចូលចិត្តសិក្សា
ទី៣. ឧស្សាហ៍ព្យាយាម
ទី៤. ធ្វើរឿងមានប្រយោជន៍
ទី៥. មានគោលដៅធំច្បាស់លាស់។

ដើម្បីលម្អិតលើចំណុចខាងលើ ឧកញ៉ាវ័យក្មេងរូបនេះ បានពន្យល់យ៉ាងដូច្នេះថា៖
១. ក្លាហាន៖ សំដៅដល់ការហ៊ានធ្វើរឿងល្អៗ ហ៊ានផ្សងព្រេង និងធ្វើអ្វីដែលអ្នកដទៃមិនធ្លាប់ធ្វើ ឬមិនហ៊ានធ្វើពីមុនមក។ ជាមនុស្សដែលតែងចូលចិត្តចោទសួរអ្នកដទៃបើឆ្ងល់ត្រង់កន្លែងណា។ ភាពក្លាហាន ជាចំណុចចាប់ផ្តើមក្នុងការបញ្ជាក់ពីភាពជោគជ័យក្នុងជីវិតរបស់មនុស្សម្នាក់ៗ។

២.ចូលចិត្តសិក្សា៖ តែងតែមានទម្លាប់សិក្សារៀនសូត្រជាប្រចាំដើម្បីក្រេបយកចំណេះដឹង និងជំនាញផ្សេងៗមកដាក់ក្នុងខ្លួន។ ជាមនុស្សដែលស្វះស្វែងរកចំណេះដឹងមុននិងស្វែងរកទ្រព្យ។ ចូលចិត្តអានសៀវភៅ ជាងប្រើប្រាស់ឧបករណ៍ទូរសព្ទ។ ចូលចិត្តរៀនសូត្រពីរៀមច្បង និងសេពគប់ អ្នកដែលចូលចិត្តសិក្សា និងមានចំណេះដឹង ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួនបន្ថែមទៀត។

៣. ឧស្សាហ៍ព្យាយាម៖ មានការតស៊ូអត់ធ្មត់ មិនខ្ជិលច្រអូស តែងតែខិតខំជានិច្ចដើម្បីគោលដៅ និងផែនការរបស់ខ្លួន។ បើជាសិស្សវិញ រៀនជាប្រចាំ មិនឱ្យចាញ់គេឡើយ។ បើជាអ្នកជំនួញវិញ គឺតែងតែប្រឹងធ្វើការច្រើនជាងការសម្រាក។ យុវជនពូកែ គឺតែងប្រឹងប្រែងបំផុតប្រចំាថ្ងៃក្នុងជីវិតរបស់ខ្លួន ដោយមិនខ្ជីខ្ជាពេលវេលាឡើយ។

៤. ធ្វើរឿងមានប្រយោជន៍៖ តែងតែគិត និងធ្វើរឿងអ្វីដែលមានប្រយោជន៍ជានិច្ច ហើយមិនសូវចូលចិត្តដើរលេងនោះទេ ដ្បិតគេគ្មានពេលវេលាសម្រាប់ដើរលេងច្រើនជាងការងាររកស៊ី ឬការសិក្សាឡើយ។ យុវជនពូកែ តែងសេពគប់មិត្តល្អ មិនមែនមិត្តដែលចូលចិត្តសេពគ្រឿងស្រវឹងឡើយ។ ចេះចូលរួមធ្វើកិច្ចការសង្គម និងស្ម័គ្រចិត្ត។

៥. មានគោលដៅធំច្បាស់លាស់៖ មានគោលដៅធំ ច្បាស់លាស់បំផុត ហើយប្តេជ្ញាធ្វើវាអោយបានទោះក្នុងកាលទេស:ណាក៏ដោយ។ មានគោលដៅធំ ជាហេតុធ្វើអោយមានការប្រឹងប្រែងកាន់តែខ្លាំង និងលេចធ្លោរជានិច្ច។ តែងសម្លឹងវែងឆ្ងាយ មិនមែនគិតខ្លីៗ។ ធ្វើអ្វីតែងគិតទៅដល់គោលដៅដ៏ធំជាចម្បងរបស់ខ្លួនជានិច្ច។

សូមបញ្ជាក់ផងថា លោកឧកញ៉ា ផន វណ្ណិត ជាអតីតកូនអ្នកលក់បន្លែ ធ្លាប់បួសជាព្រះសង្ឃ ហើយបានបន្តការសិក្សា ដល់បរទេស លោកឧកញ៉ាត្រូវបានមជ្ឍដ្ឋានដែលធ្លាប់ស្គាល់លោក ចាត់ថា ជាមនុស្សដែលមានចំណេះដឹងជ្រៅផ្នែកព្រះពុទ្ធសាសនា និងសង្គម ដោយសារតែ ការប្រឹងរៀនសូត្រ ការប្រឹងប្រែង រក ស៊ីជួយដល់សង្គមជាច្រើន រហូតត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ប្រទានគោរមងារជា ឧកញ៉ា កាល ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ កន្លងទៅ ៕













រូបភាព៖ ផ្តល់សិទ្ធិដោយលោកឧកញ៉ា ផន វណ្ណិត