ប្រិយមិត្តអ្នកគាំទ្របានផ្ញើសារមកកាន់គេហទំព័រឧកញ៉ាញូស៍ Oknhanews ដោយលើកឡើងទាក់ទងគោរមងារឧកញ៉ានៅក្នុងស្រុកខ្មែរនាពេលបច្ចុប្បន្នច្រើន គួរឲ្យកត់សម្គាល់។ មួយទសវត្សចុងក្រោយនេះ យើងឃើញមានអ្នកជំនួញ សប្បុរសជនជាច្រើនទទួលបានងារឧកញ៉ាជាបន្តបន្ទាប់ ក្រោយពីពួកគាត់បានជួយដល់សង្គមជាច្រើនតាមរយៈការបរិច្ចាគថវិកាជូនរដ្ឋាភិបាល ការជួយដល់ជនក្រីក្រ ការកសាងហេដ្ឋារចនាសម្ព័ន្ធជាដើម។
បើតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី ២០ ខែមិនា ឆ្នាំ ២០១៧ កំណត់ថាអ្នកដែលអាចមានងារជា ឧកញ៉ា លុះត្រាតែ បានធ្វើអំណោយជូនរដ្ឋ ជាថវិកា ឬសម្ភារ: ដែលមានតម្លៃលើសពី ៥០ម៉ឺនដុល្លារឡើងទៅ។ ខណៈពីមុនគោរមងារ «ឧកញ៉ា» តម្រូវត្រឹមតែ១០ម៉ឺនដុល្លារប៉ុណ្ណោះ។
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែលបោះត្រា និងចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ដែលបានផ្សព្វផ្សាយនៅថ្ងៃទី១ ខែមេសា២០១៧ បានសម្រេចថា ចំណុចទី១ មាត្រាទី២ នៃអនុក្រឹតលេខ១៥ ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៩៤ ត្រូវបានធ្វើការកែសម្រួលដូចតទៅ៖
ទី១ថ្មី ៖ សប្បុរសជនដែលបានធ្វើអំណោយជូនរដ្ឋជាថវិកា ឬសម្ភារដែលមានតម្លៃលើសពី១០ម៉ឺនដុល្លារសហរដ្ឋអាមេរិកឡើងទៅត្រូវបានជូនមេដាយស្ថាបនាជាតិថ្នាក់លេខ១ ។ អនុក្រឹត្យ ដដែលនោះបានបញ្ជាក់ថា ចំពោះសប្បុរសជនដែលបានធ្វើអំណោយជូនរដ្ឋជាថវិកា ឬសម្ភារដែលមានតម្លៃលើសពី៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិកឡើងទៅត្រូវបានរាជរដ្ឋាភិបាលស្នើសុំព្រះរាជយោបល់ដ៏ខ្ពង់ខ្ពស់នៃព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ដើម្បីទ្រង់ព្រះរាជទានគោរមងារជា «ឧកញ៉ា» ។ បទប្បញ្ញាតិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹតនេះត្រូវទុកជានិរាករណ៏។
មន្ត្រីព្រះបរមរាជវាំងមួយរូប សូមមិនចេញឈ្មោះ បានឲ្យដឹងថា តាមការប៉ាន់ស្មានរបស់លោក ចាប់តាំងពីឆ្នាំ១៩៩៥ រហូតដល់ឆ្នាំ២០២១នេះចំនួន ឧកញ៉ានៅកម្ពុជាមានការកើនឡើងដល់១ពាន់នាក់ជាង៕