រយៈពេល១៨ឆ្នាំដែលបណ្តាញទូរទស្សន៍កម្ពុជា CTN ឈរជើងបំរើអារម្មណ៍ទស្សនីយភាពប្រជាពលរដ្ឋកម្ពុជា ហើយក្រុមហ៊ុនមួយនេះបោះជំហានពីការចាក់ផ្សាយដំបូងក្នុងស្រុករហូតដល់ក្លាយខ្លួនទៅជាការចាក់ផ្សាយនៅក្រៅប្រទេសក្នុងរយៈពេលតែ ១ ឆ្នាំក្រោយបណ្តាញទូរទស្សន៍មួយនេះសម្ពោធជាផ្លូវការ។

អ្នកឧកញ៉ា គិត ម៉េង ម្ចាស់ក្រុមហ៊ុន រ៉ូយ៉ាគ្រុប បានថ្លែងឲ្យដឹងតាមទំព័រហ្វេសបុកថា គ្រាប់ពូជដែលយើងបានដាំកាលពី១៨ឆ្នាំមុន បានរីកលូតលាស់និងបានផ្ដល់នូវផ្លែផ្កាយ៉ាងច្រើន ដោយក្នុងនោះបានផ្តល់នូវកម្មវិធីប្រកបដោយគុណភាពជូនដល់ទស្សនិកជនជាច្រើនសន្ធឹកក្នុងរយៈកាលជាច្រើនឆ្នាំនេះ។

ក្នុងឆ្នាំ ២០០៤ ស្ថានីយទូរទស្សន៍ ស៊ីធីអិនអន្តរជាតិ បានបោះជំហានចូលក្នុងឆាកអន្តរជាតិដើម្បីផ្សារភ្ជាប់បងប្អូនខ្មែរទាំងអស់ដែលរស់នៅសហរដ្ឋអាមេរិក អូស្ត្រាលី និង ញូហ្សេលឡែនឲ្យមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសកម្ពុជា ក្នុងអំឡុងពេលដែលបណ្ដាញសង្គមហ្វេសប៊ុកពុំទាន់បានត្រូវបានប្រើយ៉ាងទូលំទូលាយនៅឡើយទេ។ អ្នកឧកញ៉ាបានបន្តថា វត្តមានរបស់យើងបានផ្លាស់ប្តូរនិងអភិវឌ្ឍជីវិតរស់នៅរបស់ប្រជាជនកម្ពុជាឯនាយសមុទ្រ តាមរយៈកម្មវិធីកម្សាន្ត កម្មវិធីអប់រំ និងកម្មវិធីទូរទស្សន៍ដទៃទៀតដែលបង្កប់នូវតម្លៃជំរុញទឹកចិត្ត ដែលទាំងអស់នេះបានធ្វើឲ្យថ្នាលផ្សព្វផ្សាយរបស់យើងក្លាយជាវេទិកាទំនាក់ទំនងដ៏មានឥទ្ធិពលបំផុត ទោះបីជាពេលវេលានិងទីកន្លែងខុសគ្នាក្ដី។

នៅក្នុងឆ្នាំ ២០០៥ ស្ថានីយទូរទស្សន៍ ស៊ីធីអិន បានចាប់ផ្ដើម ពាំនាំសិល្បករនិងតន្ត្រីអន្តរជាតិមកប្រទេសកម្ពុជាតាមរយៈការប្រគុំតន្ត្រីនិងព្រឹត្តិការណ៍នានា មានទាំងការផ្សាយបន្តផ្ទាល់និងនៅលើកញ្ចក់ទូរទស្សន៍ តួយ៉ាងដូចជា Ronan Keating, Michael Learns to Rock, Sean Kingstone, កំពូលតារាចម្រៀងកូរ៉េ Shinee, T-Ara, Speed, Sistar និង Tahiti ។

នៅក្នុងឆ្នាំ២០០៩ និងឆ្នាំ២០១១ ស្ថានីយទូរទស្សន៍ ស៊ីធីអិន បានធ្វើកំនត់ត្រាអត្រាអ្នកទស្សនាដ៏ខ្ពស់ តាមរយៈកម្មវិធី «សវនាការជំនុំជម្រះក្ដីឌុច» និង «ប្រឈមមុខនឹងយុត្តិធម៌» ដែលចាក់ផ្សាយជាបន្តបន្ទាប់គ្នា ដើម្បីផ្តល់ព័ត៌មាននិងលើកកម្ពស់ការយល់ដឹងអំពីដំណើរការសវនាការលើមេដឹកនាំខ្មែរក្រហមនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ទៅដល់សាធារណជន។

នៅក្នុងឆ្នាំ២០១០ ស្ថានីយទូរទស្សន៍ ស៊ីធីអិន ទទួលបានសិទ្ធិចាក់ផ្សាយផ្តាច់មុខលើព្រឹត្តិការណ៍កីឡាធំៗ មួយចំនួននៅលើពិភពលោកដូចជា៖ ពានរង្វាន់បាល់ទាត់ពិភពលោក FIFA ពានរង្វាន់លីគកំពូលរបស់អង់គ្លេស ពានរង្វាន់ Euro 2020 ប្រចាំតំបន់អឺរ៉ុប។ នៅក្នុងឆ្នាំនោះដែរ ស៊ីធីអិនបានក្លាយជាស្ថានីយទូរទស្សន៍ដំបូងគេនៅប្រទេសកម្ពុជា ដែលទទួលបានសិទ្ធិចែកចាយក្នុងការពាំនាំកម្មវិធីលំដាប់ថ្នាក់ពិភពលោកមកផលិតជាកម្មវិធីក្នុងស្រុកដែលមានដូចជា កម្មវិធីព្រមឬមិនព្រម កម្មវិធីអ្នកនឹងក្លាយជាសេដ្ឋី កម្មវិធី តើអ្នកឆ្លាតជាងសិស្សថ្នាក់ទី៥ ដែរឬទេ? កម្មវិធីសូមស្ងាត់ កម្មវិធី Bet On Your Baby Cambodia និងកម្មវិធី Master Chef Khmer ដែលជាកំពូលកម្មវិធីទូរទស្សន៍ចម្អិនអាហារដែលមានការទស្សនាច្រើនជាងគេបំផុត។

អ្នកឧកញ៉ា គិត ម៉េង ក៍សូមអរគុណដល់បណ្ដាមហាជនទាំងអស់ដែលបានចូលរួមជាផ្នែកមួយនៃដំណើរដ៏អស្ចារ្យរបស់ស្ថានីយទូរទស្សន៍យើង។ ការផ្សព្វផ្សាយរយៈពេល១៨ឆ្នាំរបស់យើងនៅតែជាអនុស្សាវរីយ៍ដ៏ល្អអស្ចារ្យដែលផ្ដល់ជូនទស្សនិកជនលើសពីការកម្សាន្ត។ ពួកយើងទន្ទឹងរង់ចាំផ្តល់ជូនទស្សនិកជននូវមាតិកាដែលទាក់ទាញ និងបទពិសោធន៍ទស្សនាដ៏រីករាយនៅក្នុងឆ្នាំខាងមុខៗ៕

រូបភាព៖ Neak Oknha Kith Meng