អំណោយរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ត្រូវបានក្រុមការងារ នាំយកទៅប្រគល់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ សម្រាប់ប្រើប្រាស់ក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។
ស្របពេលដែលជំងឺកូវីដ១៩ កំពុងរីរាលដាលឆ្លងចូលក្នុងសហគមន៍ កងកម្លាំងនគរបាលខេត្តឧត្តរមានជ័យ កំពុងតែបំពេញបេសកកម្ម ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងនៅតាមមណ្ឌលធ្វើចត្តាឡីស័កនានានៅក្នុងខេត្តយ៉ាងសកម្ម។
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានថ្លែងថា ការទទួលបានការឧបត្ថម្ភនៅពេលនេះ គឺជាការលើកទឹកចិត្ត ក្នុងពេលដែលកងកម្លាំងនគរបាលខេត្តទាំងអស់ ដែលកំពុងឈរជើងតាមគោលដៅ ក្នុងបេសកកម្មចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ។
សូមបញ្ជាក់ថា អំណោយដែលផ្តល់ជូនរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ រួមមានអង្ករ១០តោន ទឹកត្រី១០០យួរ ទឹកស៊ីវអ៊ីវ១០០យួរ មី១០០កេស ត្រីខកំប៉ុង១០០យួរ ទឹកបរិសុទ្ធ១០០យួរនិងតង់ចំនួន២០ សរុបទឹកប្រាក់៤២,៥០០,០០០រៀល៕