នៅក្នុងយុគសម័យបច្ចេកវិទ្យាដ៏ទំនើបនេះ មានការលើកឡើងថា ឧកញ៉ា សហគ្រិន អ្នកជំនួញ ប្រាក់លានកើតឡើងជារៀងរាល់ថ្ងៃ ឬអាចនិយាយជារួម មនុស្សជោគជ័យស្ទើរតែរាល់ថ្ងៃ។ ពាក្យចាស់លោកពោលថា “មានគំនិត មានកំណើត” នេះចង់សម្ដៅលើការគិតរបស់មនុស្សម្នាក់ៗដែលនាំទៅរកភាពជោគជ័យមានបាន។

ប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍ សេដ្ឋកិច្ចកម្ពុជានឹងវិវត្តន៍ទៅមុខ ដូចនេះបានជានៅពេលបច្ចុប្បន្នមាន ឧកញ៉ា សហគ្រិនច្រើនរូប កំពុងនិងចាប់យកវិស័យអចលនទ្រព្យជាមុខជំនួញ ក្រោយមកបានប្រែក្លាយជាមានទ្រព្យសម្បត្តិខ្ទង់លានដុុល្លារ។ មូលហេតុនៅពីក្រោយនៃជោគជ័យរបស់ពួកគាត់ គឺផ្តើមពីចេះមើលស្ថានភាពសេដ្ឋកិច្ច រួមនិងការគិតវិជ្ជមាន ហើយគិតបែបជោគជ័យ ទើបរមែងនាំនូវភាពរីកចម្រើនក្នុងមុខជំនួញ។

អ្នកជំនាញអចលនទ្រព្យវ័យក្មេង និងជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា លោកឧកញ៉ា ផន វណ្ណិត បានលើកឡើងថា មនសុ្សកាន់តែច្រើន ក្រុងកាន់តែរីក ដីកាន់តែថ្លៃ ប្រសិនបើយើងដឹងថា ប្លែកពីមួយពេលៗ ហើយឥឡូវយើងអត់មានដីទៀត ដូច្នេះត្រូវគិតថា ៥ឆ្នាំក្រោយចង់បានអ្វី ត្រូវដាក់គោលដៅ និងសន្សំដើម្បីទិញអលចនទ្រព្យពីឥឡូវទៅ ទម្រាំដល់ ៥ឆ្នាំក្រោយ យើងមានដីគ្រប់កន្លែង ចង់លក់ ជួល ស្រេចតែចិត្ត ពីព្រោះទ្រព្យទាំងនេះបង្កើតចំណូលឲ្យយើងគ្រប់ខែ ចង់ទៅណាមកណាមិនបាច់ភ័យព្រួយ ដូច្នេះហើយយើងត្រូវសួរខ្លួនឯងវិញថាតើ យើងចង់នៅផ្ទះជួល និងមានផ្ទះជួលឲ្យគេមួយណាល្អជាង?

ត្រង់ចំណុចនេះមានសំនួរជាច្រើន ត្រូវបានគេលើកឡើងថា តើអ្នកចង់ក្លាយជាអ្នកមានទ្រព្យសម្បត្តិហូហៀរមហាសាលដែរទេ? តើអ្នកចង់ក្លាយជាអ្នកមានដោយមុខជំនួញអចលនទ្រព្យឬទេ? ប៉ុន្តែគំនិតទាំងនេះក៏បានបាត់រសាត់ទៅវិញ ដោយសារតែអ្នកភ្លេចខ្លួនមួយពេល។
ជាអ្នកដែលធ្លាប់មានប្រវត្តិតស៊ូពីកូនអ្នកលក់បន្លែបានចំណូលតែមួយគែៗរូបនេះ បានលើកឧទាហណ៍មកបញ្ជាក់ថា ត្រូវដាក់ផែនការទិញដីទុកឲ្យកូនចៅ ព្រោះយើងអត់មានដី ឥឡូវនៅផ្ទះជួលគេទេ បើមិនសង្វាតពីពេលឥឡូវនេះទៅ តើនឹងមានលុយពីណានៅថ្ងៃខាងមុខ ម្យ៉ាងត្រូវសន្នតទៀតថា ដីទិញទុកឲ្យកូន ដោយសារឥឡូវកូនអាយុនៅក្មេង ចុះដល់ពេល ១៨ឆ្នាំក្រោយ យើងអាចផ្ទេរប្លន់សុទ្ធឲ្យបានក៍ពិតមែន តែតម្លៃដី ១៨ឆ្នាំក្រោយ ប្រហែកើនឡើងថ្លៃប៉ុណ្ណា ព្រោះអីការវិវឌ្ឍដីចេះតែកើនឡើងរហូត។

ដូច្នេះអាចបញ្ជាក់បានថា បើអ្នកជាមនុស្សដែលចង់មានទ្រព្យសម្បត្តិស្ដុកស្ដម្ភ គប្បីបណ្ដុះគំនិតសេដ្ឋីវិស័យអចលនទ្រព្យចាប់ពីនេះតទៅ កុំចាំថ្ងៃស្អែក ពេលវេលាមិនរង់ចាំអ្នកទេ បើឪកាសមានហើយត្រូវតែប្រឡូកក្នុងវិស័យអចលនទ្រព្យទើបអាចជីវិតជោគជ័យមានអ្វីៗគ្រប់យ៉ាង។
លោកឧកញ៉ាវ័យក្មេងពីខេត្តព្រៃវែងរូបនេះ បានសង្កត់ធ្ងន់ថា បើដឹងថា ខ្លួនលំបាក នៅផ្ទះជួល ដោយសារយើងអត់មានលុយ ប៉ុន្តែយើងត្រូវគិតថា តើអ្វីដែលអាចធ្វើឲ្យយើងវិវត្តន៍ខ្លួនពីអ្នកជួលផ្ទះគេនៅ ហើយមានផ្ទះជួលឲ្យគេនៅ។ លោកបន្តថា ត្រូវចេះគិតដល់ បួនប្រាំឆ្នាំខាងមុខ ហើយចាប់ផ្តើមពីឥឡូវនេះ យើងសន្សំទ្រព្យ យើងមានដី ឲ្យតែមានដីមានឪកាសច្រើនក្នុងការចំណេញនិងក្លាយជាអ្នកមាន។

ដើម្បីក្លាយជាសេដ្ឋី អ្នកត្រូវគិតដូចសេដ្ឋី ចាំបាច់ត្រូវរៀនគិតដូចសេដ្ឋី ហើយអនុវត្តគន្លឹះល្អៗពីពួកគេ ទើបជីវិតទៅមុខដូចពួកអ្នកមាន៕
រូបភាពផ្តល់សិទ្ធិដោយ៖ ឧកញ៉ា ផន វណ្ណិត