អ្នកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា បង្ហើបពីអាការៈក្រោយចាក់វ៉ាក់សាំងស៊ីណូហ្វាមចិនលើកទី២នៅទីក្រុងឌូបៃ

ជុំវិញ​ឧកញ៉ា

បន្ទាប់ពីទទួលការចាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់ប្រទេសចិន លើកទី១ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ២០២១កន្លងទៅ អតីតនាយករដ្ឋមន្ត្រីថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានបញ្ជាក់ថា ខ្លួនបានចាក់វ៉ាក់សាំងការពារកូវីដដូសទី២រួចហើយ ដោយមានការចូលរួមលើកទឹកចិត្តពីបងប្រុសបង្កើតអ្នកស្រី គឺលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា។ នេះបើតាមការបង្ហោះលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់អ្នកស្រី នៅថ្ងៃទី១០ មីនា ២០២១ ចេញពីទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អតីតស្ត្រីនាយករដ្ឋមន្ត្រីថៃរូបនេះ ក៏បានចែករំលែកពីអាការៈប្រែប្រួល និងការព្រួយបារម្ភខ្លះៗ ដែលបានកើតឡើងចំពោះគាត់ តាំងពីដំណាក់កាលទី១ ដល់ទី២ យ៉ាងដូច្នេះថា៖ អារម្មណ៍រវាងការចាក់លើកដំបូង និងការចាក់លើកទី២ មិនខុសគ្នាទេ។ ប៉ុន្តែម្ជុលដំបូង ហាក់ដូចជាព្រួយបារម្ភ ខ្លាចមានបញ្ហាអាឡែស៊ី ឬបញ្ហាផ្សេងៗអាចកើតឡើងជាយថាហេតុ។

ប្អូនស្រីបង្កើតរបស់អតីតមហាសេដ្ឋីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រាដដែលរូបនេះបន្ថែមថា៖ តាមពិត ដោយសារតែរាងកាយរបស់យើងមិនទាន់ស៊ាំជាមួយវ៉ាក់សាំង និងចាក់ជាលើកដំបូងទើបទទួលអារម្មណ៍ខ្លាចបែបនេះ។ ប៉ុន្តែសម្រាប់ម្ជុលទីពីរការព្រួយបារម្ភត្រូវបានកាត់បន្ថយដោយឯកឯងហើយ កុំបារម្ភ។ ខ្ញុំមានអារម្មណ៍ឈឺចាប់ត្រង់ដៃបន្តិចបន្ទួច អស់កម្លាំង និងងងុយគេងខ្លះដែរ តែមួយរយៈខ្លីមក អាការៈនេះ វាវិលមករកភាពធម្មតាវិញហើយ។ ដូច្នេះហើយ ទើបគ្រូពេទ្យណែនាំឱ្យសម្រាកឱ្យបានគ្រប់គ្រាន់ និងតមធ្វើការងារធ្ងន់។

អតីតស្ត្រីនាយករដ្ឋមន្ត្រីថៃទី១ ដែលត្រូវបានអំណាចយោធាថៃធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែងកាលពីឆ្នាំ២០១៤រូបនេះពន្យល់បន្ថែមថា៖ ដើម្បីធានាបាននូវប្រសិទ្ធភាពវ៉ាក់សាំង ក្រោយពេលចាក់រួច យើងគប្បីញ៉ាំអាហារណាក្តៅៗ  ទម្លាប់ប្រើស្លាបព្រាឯកជន លាងដៃឱ្យបានញឹកញាប់ បន្តពាក់ម៉ាស់ និងរក្សារគម្លាតសុវត្ថិភាពផងដែរ៕

ប្រភព៖ Yingluck Shinawatra