ដើម្បីជាការលើកទឹកចិតចំពោះការខិតខំបំពេញការងាររបស់លោកស្រីអនុសេនីយ៏ទោ ស៊ីថុង សុខា អធិការរងទទួលផែនសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ដែលបានយកកូនទៅបំបៅ នៅតុដែលកំពុងចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនោះ នៅថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១នេះ មានមន្ត្រីជាន់ខ្ពស់ និងឧកញ៉ាៗ បានឧបត្ថម្ភថវិកាចំនួនដល់លោកស្រីដើម្បីជាការលើកទឹកចិត្ត។
១.នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភថវិកាចំនួន៥០០,០០០រៀល ផ្លែឈើ និងភេសជ្ជៈមួយចំនួន។

២.លោកឧកញ៉ា ផន វណ្ណិត ស្ថាបនិកក្រុមហ៊ុនរាជសន្តុសិត និងជាអ្នកជំនួញអចលនទ្រព្យ បានឧបត្ថម្ភថវិកាចំនួន ២០០,០០០០រៀល។

៣.លោកជំទាវឧកញ៉ា នឹម វណ្ណា កូនស្រីបង្កើតលោកជំទាវ ហ៊ុន សុីណាត ឧបត្ថម្ភថវិកា ១០០០ដុល្លារ និងរទេះកូនង៉ែតមួយគ្រឿង។

៤.លោកឧកញ៉ា សឿ សុវណ្ណ ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអចលនទ្រព្យ ឃុន សឿ រៀលធី និង ឃុន សឿ គ្រុប ខូអិលធីឌី បានឧបត្ថម្ភថវិកាចំនួន ៤០០,០០០រៀល។

សូមបញ្ជាក់ថា ថ្មីៗនេះ ស្ត្រីជាប៉ូលិសចរាចរណ៏ខាងលើបានបង្ហោះរូប ដែលលោកស្រីកំពុងបំបៅកូន ពេលកំពុងបំពេញការងារ ហើយរូបនោះទទួលរងការគាំទ្រយ៉ាងច្រើនពីមហាជន ប៉ុន្តែរូបថតនោះបែរជាធ្វើឲ្យថ្នាក់លើរបស់ស្ត្រីជាប៉ូលិសចរាចរណ៏រូបនោះខឹងសម្បារទៅវិញ ដោយអះអាងថា បានធ្វើឲ្យប៉ះពាល់កិត្តិយសស្ថាប័នប៉ូលិស ហើយត្រូវបានស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានហៅទៅធ្វើកិច្ចសន្យាជាលាយល័ក្ខអក្សរចំនួន២ដង បើទោះបីស្ត្រីរូបនោះ បានសុំទោសរួចហើយក្តី។

ករណីនេះ សូម្បីតែលោកជំទាវ ហ៊ុន ស៊ីណាត នាយឧត្តមសេនីយ៍ នេត សាវឿន លោកឧកញ៉ា ផន វណ្ណិត លោកឧកញ៉ា សឿ សុវណ្ណ ក៏បានកោតសសើរពីទឹកចិត្តម្ដាយដូចនាងផងដែរ ដែលបានឆ្លៀតបំបៅកូនតូច នេះជាកាតព្វកិច្ចរបស់ម្ដាយគ្រប់រូបនៅលើពិភពលោក៕
