ក្រុមហ៊ុន សែលកាត បានចាប់ផ្ដើមដំណើរការក្នុងឆ្នាំ១៩៩៦ ហើយបានឈានជើងចូលក្នុងទីផ្សារនៅឆ្នាំ១៩៩៧ ក្រោមឈ្មោះថា «ម៉ូប៊ីថេល»។ បន្ទាប់មក ក្រុមហ៊ុនបានប្តូរឈ្មោះទៅក្រុមហ៊ុន «សែលកាត» ជាប្រតិបត្តិករទូរស័ព្ទចល័តតែមួយគត់ ដែលគ្រប់គ្រងដោយជនជាតិខ្មែរ១០០% នៅក្នុងប្រទេសកម្ពុជា។

សមិទ្ធផលរបស់ សែលកាត ក្នុងរយៈពេល ២៤ឆ្នាំនេះ បានផ្តល់មកនូវមោទនភាព និងសេចក្តីរីករាយជាច្រើន។ ពួកយើងតែងតែបានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការបន្តផ្តល់នូវបទពិសោធន៍ដ៏ល្អបំផុតសម្រាប់អតិថិជនរបស់យើង។

ក្រុមហ៊ុនសែលកាត បានទទួលភាពជោគជ័យក្នុងការពង្រីកសេវាគ្របដណ្ដប់ទូទាំងប្រទេស និងបានគ្រងនូវតំណែងអ្នកនាំមុខគេក្នុងទីផ្សារនៅឆ្នាំ ១៩៩៨ ជាមួយនឹងការពាំនាំមកនូវសេវាកម្ម Prepaid មុនគេបង្អស់នៅព្រះរាជាណាចក្រកម្ពុជា។ សេវាកម្ម SMS និង Roaming Services ក៏បានបង្ហាញខ្លួននាឆ្នាំ២០០១។ សែលកាតក៏ជាក្រុមហ៊ុនដំបូងគេដែលបានដាក់ចេញនូវសេវាកម្ម MMS សេវាកម្ម Streaming សេវាកម្ម Call tunes និងផ្ដល់ជូននូវការទាញយកដោយឥតកំណត់។

នាឆ្នាំ២០០៧ សែលកាត បានបោះទុនចំនួន២០០លានដុល្លារ សម្រាប់ពង្រីកបណ្ដាញឲ្យកាន់តែប្រសើរ ព្រមទាំងបានកែប្រែបណ្ដាញ៣ឆ្នាំក្រោយមក ដើម្បីដាក់បញ្ចូលប្រព័ន្ធ 3.5 HSPA ។

នៅក្នុងឆ្នាំ២០១២ ក្រុមហ៊ុនសែលកាតត្រូវបានស្គាល់យ៉ាងច្បាស់ ជាមួយនឹងជម្រើសជា និយោជកឆ្នើម ក្នុងចំណោមក្រុមហ៊ុនធំដទៃៗទៀតក្នុងពិភពលោក ដោយក្រុមហ៊ុនសែលកាតបានទទួលពានរង្វាន់ជានិយោជកល្អបំផុតរបស់អាស៊ីក្នុងរយៈពេល៧ឆ្នាំជាប់ៗគ្នា។

នៅក្នុងឆ្នាំ២០១៧ សែលកាតបានពង្រីកសេវា 4G LTE យ៉ាងខ្លាំងក្លា ដោយបានបង្កើនការគ្រប់ដណ្ដប់ពី ៣០០ ទៅ ៣០០០ តំបន់ទូទាំងប្រទេស។

ក្រុមហ៊ុនសែលកាត ក៏បានទទួលរង្វាន់ពី Ookla សម្រាប់ប្រព័ន្ធបណ្តាញដ៏ល្អ ការគ្របដណ្ដប់ ក៏ដូចជាល្បឿនដ៏រហ័ស រយៈពេល៣ឆ្នាំជាប់គ្នាចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩។ ចាប់តាំងពីឆ្នាំ២០១៧ រហូតមកទល់ពេលនេះ រាល់ពានរង្វាន់ Speedtest Award របស់ Ookla ដែលធ្វើនៅប្រទេសកម្ពុជា ត្រូវបានឈ្នះដោយក្រុមហ៊ុន សែលកាត។

សែលកាត បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញចំណាប់អារម្មណ៍ពីអន្តរជាតិ ដែលបានជួយឲ្យប្រទេសកម្ពុជា ជាប្រទេសដ៏លេចធ្លោមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នៅក្នុងឆ្នាំនេះផងដែរ សែលកាត ត្រូវបានទទួលស្គាល់ដោយ Silicon Review ថាជា យីហោមួយក្នុងចំណោមយីហោដែលមានតម្លៃបំផុតទាំង៥០ប្រចាំឆ្នាំ។

យើងនឹងបន្តដើរតួនាទីរបស់យើងទៀតក្នុងការនាំមកនូវសេវាកម្មល្អបំផុតប្រកបដោយភាពច្នៃប្រឌិត សម្រាប់ប្រទេសកម្ពុជានិងប្រជាពលរដ្ឋខ្មែរយើង៕
