ក្នុងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារបុរសជនជាតិខ្មែរដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ គឺអ្នកបើកបររថយន្តឱ្យថៅកែជនជាតិចិន នៅខេត្តព្រះសីហនុ លោកឧកញ៉ា ផន វណ្ណិត បានឧបត្ថម្ភនូវថវិកាចំនួន ១ លានរៀល ដើម្បីចូលរួមចាត់ចែង។

អនុប្រធានសមាគនអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជា លោកឧកញ៉ា ផន វណ្ណិត បានថ្លែងថា “ខ្ញុំបាទសូមចូលរួមថវិកា ១ លានរៀល ជូនដល់គ្រួសារសពបុរសជនជាតិខ្មែរដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ (លោកពូជាអ្នកបើកឡានឲ្យជនជាតិចិន)។ លោកពូទៅទាំងមិនបានជួបមុខកូន និងប្រពន្ធជាលើកចុងក្រោយ។ នេះជាការបាត់បង់ស្វាមីលោកឪពុកជាទីស្រឡាញ់ ដែលតែងតែជាម្លប់ដ៍កក់ក្ដៅគ្រប់កាលៈទេសៈ”។

អ្នកជំនួញអចលនទ្រព្យមកពីខេត្តព្រៃរូបនេះថ្លែងពីអារម្មណ៍ក្នុងការចូលរួមរំលែកទុក្ខថា “ក្នុងនាមយើងខ្មែរដូចគ្នា ក៍អត់ចង់ឲ្យរូបនេះកើតឡើងទេ តែគាត់បានទៅហើយ ខ្ញុំសូមចូលរួមរំលែកទុក្ខ”។

ស្ថាបនិកក្រុមហ៊ុន រាជសន្តុសិត ដែលបោះទុនវិនិយោគលើវិស័យអចលនទ្រព្យ ក៍សូមផ្តាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត និងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដោយអនុវត្តវិធានការ ការពារកូវីដ គឺ ៣ការពារ ៣កុំ”។ បងប្អូនណាស្គាល់គ្រួសារគាត់ទាក់មកក្រុមការងារខ្ញុំ 0978887606 សូមអរគុណ!

សូមបញ្ជាក់ថា ការស្លាប់នេះគឺជាករណីទី១ហើយនៅប្រទេសកម្ពុជា ដែលមានអ្នកជំងឺស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងចំណោមអ្នកជំងឺសរុបចំនួន១,១៦៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៥៩៧នាក់ និងអ្នកជំងឺ៥៦៥នាក់ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ។

សពរបស់អ្នកកើតជំងឺកូវីដ-១៩នេះ មិនអាចរក្សាទុកបានយូរនោះទេ នឹងត្រូវរៀបចំបូជាតាមអ្វីដែលជាការកំណត់របស់ប្រមុខនៃរាជរដ្ឋាភិបាលនាពេលខាងមុខនេះ៕
