លោកឧកញ៉ា គិត ធាង អ្នកជំនួញលេចធ្លោម្នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញដោះលែងឲ្យមានសេរីភាពវិញ កាលពីពេលថ្មីៗនេះ តាមដីកាសម្រេចរបស់សាលាឧទ្ធរណ៍។ នេះបើយោងតាមមន្រ្តីរដ្ឋាភិបាល។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ឧកញ៉ា គិត ធាង មានអាយុ៥៥ឆ្នាំ ជាម្ចាស់អតីតមណ្ឌលកម្សាន្តរ៉ុក (ROCK) ដែលត្រូវបានចាប់ខ្លួនកាលពីអំឡុងខែមីនា ឆ្នាំ២០១៩ ពីបទជាប់ពាក់ព័ន្ធការចែកចាយគ្រឿងញៀននៅមណ្ឌលកម្សាន្តរ៉ុក។ ក្រោយមក គឺក្នុងអំឡុងខែមីនាដដែល លោកត្រូវបានបណ្តាញព័ត៌មានក្នុងស្រុករាយការណ៍ថា ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ ក្រោមបទចោទថា ចាត់ចែងនិងសម្រួលឲ្យមានការប្រើប្រាស់ដោយខុសច្បាប់នូវសារជាតិញៀននិងបទសមគំនិត។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានប្រាប់វីអូអេនៅថ្ងៃចន្ទថា ឧកញ៉ា គិត ធាង ត្រូវបានដោះលែងតាមសាលដីការបស់សាលាឧទ្ធរណ៍ តែលោកមិនចាំច្បាស់កាលបរិច្ឆេទនៃសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍នោះទេ។ ឧកញ៉ា គិត ធាង បានជាប់ពន្ធនាគារប្រមាណ២ឆ្នាំ គិតមកត្រឹមថ្ងៃដោះលែងឲ្យមានសេរីភាពឡើងវិញ។
បើតាមលោក ខៀវ សុភ័គ ឧកញ៉ា គិត ធាង មានសំណុំរឿងគ្រឿងញៀនចំនួនពីរនៅសាលាដំបូងរាជធានីភ្នំពេញ គឺករណីមួយពាក់ព័ន្ធនឹងការផ្តល់ទីតាំងឲ្យប្រើប្រាស់គ្រឿងញៀន និងករណីមួយទៀត គឺពាក់ព័ន្ធនឹងការសង្ស័យថា លោកជួញដូរគ្រឿងញៀន។
រូបភាព Cambonomis
លោកឧកញ៉ា គិត ធាង គឺជាបងប្រុសបង្កើតរបស់អ្នកឧកញ៉ា គិត ម៉េង ដែលជាអ្នកមានលំដាប់កំពូលមួយរូបនៅកម្ពុជា ជាម្ចាស់ក្រុមហ៊ុន Royal Group និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា៕