ប្រមុខរដ្ឋស្តីទី សម្តេច សាយ ឈុំ នៅថ្ងៃទី ១៨ ខែមីនានេះ ចេញព្រះរាជក្រឹត្យដកគោរមងារជា ឧកញ៉ា របស់លោក ឌួង ឆាយ បន្ទាប់ពីបែកធ្លាយវីដេអូប្រើហិង្សាលើអតីតភរិយា អ្នកស្រី ដេត ម៉ាលីណា។ លោក ឌួង ឆាយ បានទទួលគោរមងារជាឧកញ៉ានៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០១៩។

លោក ឌួង ឆាយ ប៉ុន្មានឆ្នាំចុងក្រោយនេះ ទទួលបានការកោតសរសើរពីសាធារណជនលើបណ្តាញសង្គម ក្រោយពេលដែលលោកតែងតែចេញមុខជួយដល់សង្គម ជាពិសេសជនក្រីក្រមានទុក្ខលំបាក កុមារកំព្រាជាដើម។ បន្ទាប់ពីមានរឿងអាស្រូវក្នុងគ្រួសារ រហូតដល់មានការលែងលះគ្នាជាមួយភរិយា និងការបែកធ្លាយអំពើហិង្សាទៀតនោះ រដ្ឋាភិបាលបានស្នើបញ្ចប់គោរមងារ ឧកញ៉ា ដួង ឆាយ ពីឧកញ៉ានៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ និងត្រូវាបានបញ្ចប់គោរមងារឧកញ៉ាមុននេះ។

ក្រសួងកិច្ចការនារី នៅថ្ងៃទី ១៧ ខែមីនាម្សិលមិញ បានចេញសេចក្តីថ្លែងការថ្កោលទោសចំពោះអំពើហិង្សាក្នុងគ្រួសារ ដែលបានកើតឡើងលើអ្នកស្រី ដេត ម៉ាលីណា អតីតភរិយាលោក លោក ឌួង ឆាយ ដែលត្រូវបានទម្លាក់គោរម្យងារ។

ក្រសួងកិច្ចការនារី បានអះអាងថា អំពើហិង្សាគ្រប់ទម្រង និងគ្រប់រូបភាពណាក៏ដោយ ជាអំពើដែលមិនអាចទទួលយកបាន និងមិនអាចអត់ឱនឲ្យបានទេ ហើយជនរងគ្រោះ កូន និងអ្នកពាក់ព័ន្ធត្រូវទទួលបានកិច្ចការពារដោយច្បាប់ និងសេវាសង្គម ហើយជនប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
ក្រសួងក៏អំពាវនាវឲ្យជនរងគ្រោះ ស្វែងរកជំនួយពីអាជ្ញាធរមានសមត្ថកិច្ច អន្តរាគមនលើបញ្ហានេះផងដែរ៕