ស្របពេលដែលវិស័យអចលនទ្រព្យកំពុងមានសន្ទុះខ្លាំងហើយគម្រោងអភិវឌ្ឍន៍នានាបាននឹងបន្តលេចចេញជារូបរាងពាសពេញផ្ទៃប្រទេស ប៉ុន្តែក៏មានផ្នែកខ្លះក្នុងវិស័យអចលនទ្រព្យកម្ពុជារងឥទ្ធិពលនៃមេរោគកូវីដ១៩ អស់រយៈពេលជាច្រើនខែកន្លងមកនេះផងដែរ។ ជាពិសេសសកម្មភាពនៃការទិញលក់ អចលនទ្រព្យនៅពេលនេះ ត្រូវបានគេមើលឃើញថាកំពុងតែបង្ហាញពីផលប៉ះពាល់ជាបណ្តើរៗហើយ តែទោះយ៉ាងណាក្តី ក៏នៅមិនទាន់ធ្ងន់ធ្ងរ ដូចជាបណ្តាប្រទេសនៅក្នុងតំបន់ឡើយ ។

តើការឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ បានជះឥទ្ធិពលអវិជ្ជមានអ្វីខ្លះ ដល់ទីផ្សារអចលនទ្រព្យនៅកម្ពុជា? ទីផ្សារអចលនទ្រព្យ អាចនឹងប្រសើរឡើងវិញទេ?
លោកឧកញ៉ា ផន វណ្ណិត ស្ថាបនិកក្រុមហ៊ុន រាជសន្តុសិត និងជាអ្នកជំនាញវិស័យអចលនទ្រព្យល្បីឈ្មោះបាន មានប្រសាសន៍ថា ជំងឺកូវីដ១៩ បានធ្វើឲ្យរាំងស្ទះជាសកល ដែលប៉ះពាល់ដល់ដំណើរការអភិវឌ្ឍន៍ ក៏ដូចជាការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងសេដ្ឋកិច្ចសង្គម ដោយហេតុថា ប្រជាពលរដ្ឋមានការភ័យខ្លាច និងទុកលុយដើម្បីបំរុងក្នុងសម័យកាលកូវីដនេះដែរ។ លោកបន្តថា បើប៉ះពាល់ដល់ប្រជាពលរដ្ឋហើយប្រាដកជាប៉ះពាល់ដល់សេដ្ឋកិច្ច និងការអភិវឌ្ឍន៍មិនខានឡើយ។

អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់សម្ភារៈសំណង់ និងគម្រោងលំនៅដ្ឋាន លោកឧកញ៉ា ហ៊ួត ជា បានថ្លែងឲ្យដឹងផងដែរថា៖ កូវីដ១៩ បណ្ដាលឱ្យជួបវិបត្តិធំៗចំនួនបួន គឺទីមួយ វិបត្តិមនុស្សអត់ចេញដើរ ទីពីរ វិបត្តិហិរញ្ញវត្ថុ ទីបី ប្រជាជនមិនហ៊ានបញ្ចេញលុយ និងទីបួន គឺក្រុមហ៊ុន ព្រោះយើងអត់បានធ្វើទីផ្សារ។ ព្រោះយើងអត់អាចជួបជុំគ្នាកើត មិនអាចចាយលុយបាន ព្រោះទីផ្សារ គឺជាកន្លែងអ្នកលក់ និអ្នកទិញជួបគ្នា ដើម្បីដោះដូរផលិតផល និងលុយ ដូច្នេះហើយចង់មិនចង់ ប្រាកដជាជួបវិបត្តិ ពិសេសគឺអ្នកលក់អចលនទ្រព្យហ្នឹងឯង។

អ្នកជំនួញវ័យក្មេងកំពុងក្តោបមុខជំនួញអចលនទ្រព្យខ្ទង់លានដុល្លារ លោកឧកញ៉ា សឿ សុវណ្ណ បានលើកឡើងថា ការទិញលក់ជួលអចលនទ្រព្យទូទាំងប្រទេសមានសកម្មភាពថយចុះខ្លាំង ដោយសារមានការបារម្ភពីការរីករាលដាលឆ្លងជំងឺកូវីដ ប៉ុន្តែក្នុងតំបន់ខេត្តមួយចំនួន នៅតែមានសកម្មភាពល្អប្រសើរ ដូចជាខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តកំពត និងសៀមរាប។

ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ ឃុន សឿ រៀលធី បានគូសបញ្ជាក់ថា៖ មនុស្សជាច្រើនគិតពីសុខុមាលភាពហិរញ្ញវត្ថុបម្រុង និងមិនហ៊ានជួបគ្នាផ្ទាល់ ខណៈជំងឺបានរីករាលដាលខ្លាំងឡើងៗ ដោយពុំទាន់មានសញ្ញាវិជ្ជមានល្អនៅឡើយ ជាហេតុធ្វើអោយការទិញលក់ ឬជួលអចលនទ្រព្យ មានការថមថយខ្លាំង។
អ្នកជំនាញអចលនទ្រព្យ និងជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា ឧកញ៉ាផន វណ្ណិត ថ្លែងទាំងមានសុទិដ្ឋិនិយមខ្លាំងលើវិស័យអចលនទ្រព្យអាចនឹងប្រសើរឡើងវិញ ព្រោះប្រទេសកម្ពុជាកំពុងអភិវឌ្ឃន៍ ព្រឹត្តិការណ៍ ២០កុម្ភៈ គ្រាន់មកបង្អាក់នៃដំណើរការអភិវឌ្ឍន៍អចលនទ្រព្យមួយពេលតែប៉ុណ្ណោះ។ លោកបន្ត្ថទៀតថា ក្រុងកាន់តែរីក មនុស្សកាន់តែកើន ដីកាន់តែថ្លៃ យ៉ាងណាមិញប្រជាពលរដ្ឋប្រាកដជាយល់ដឹងចច្បាស់អំពីតម្លៃអចលនទ្រព្យ។ និយាយបែបនេះ ពីព្រោះ អ្នកជំនួញ និងពាណិជ្ជករទាំងឡាយ គឺត្រូវការដីជាឋបមក្នុងការចាប់ផ្តើមអភិវឌ្ឍន៍។
ថ្លែងទាំងមានក្តីសង្ឃឹមជឿជាក់ខ្ពស់ថា វិស័យអចលនទ្រព្យអាចនឹងប្រសើរឡើងវិញ គឺនៅពេលដែលការឆ្លងកូវីដ១៩ធ្លាក់ចុះ ដល់កម្រិតសូន្យក្នុងប្រទេសកម្ពុជា ហើយនៅពេលដែលយើងអាចជួបជុំគ្នាឡើងវិញបាន តម្លៃអចលនទ្រព្យនឹងកើនឡើង ប៉ុន្តែបើការឆ្លងមិនថមថយទេ តម្លៃអចលនទ្រព្យអាចបន្តធ្លាក់ចុះ។ ម្ចាស់គម្រោងលំនៅដ្ឋាន ហ៊ួត ជា វិចត្រដារ៉ា លោកឧកញ៉ា ហ៊ួត ជា គូសបញ្ជាក់បន្ថែម។
ជាមួយគ្នានេះ ឧកញ៉ា សឿ សុវណ្ណ មានជំនឿលើទីផ្សារអចលនទ្រព្យអាចនឹងមានភាពល្អប្រសើរឡើងវិញ គឺមើលទៅលើទំនុកចិត្តខ្ពស់របស់អ្នកទិញ អ្នកលក់ និងអ្នកវិនិយោគអចលនទ្រព្យ បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ដោយសារតែជម្ងឺ កូវីដ១៩ ជាជម្ងឺរាតត្បាតជាសាកល ហេតុដូចនេះចរន្តរបស់អ្នកវិនិយោគបរទេសខាងក្រៅលើវិស័យអចលនទ្រព្យ ហាក់មិនទាន់បានបង្កើនល្បឿនក្នុងប្រទេសកម្ពុជាយើងនៅឡើយ ជាហេតុធ្វើអោយយើងពឹងផ្អែកខ្លាំងពីអ្នកវិនិយោគ និងអ្នកអភិវឌ្ឍខាងក្នុងខ្លាំងនាពេលបច្ចុប្បន្ននេះ៕