មង្គលការដែលអាចចាត់ទុកបានថា ជាប្រវត្តិសាស្ត្រ នៃអាពាហ៍ពិពាហ៍ធំបំផុតរបស់សិល្បករខ្មែរ ជាមួយនឹងអ្នកជំនួញល្បីកគ្រើកមេឃកាលពី៦ឆ្នាំមុន មហាសេដ្ឋីស្រុកខ្មែរ អ្នកឧកញ៉ា គិត ម៉េង បានចូលរោងជ័យជាមួយអ្នកនាង ម៉ៅ ចំណាន បានធ្វើឲ្យផ្អើលប្រទេស ហើយនេះជាព្រឹត្តិការណ៍ មង្គលការនាយធុរកិច្ច ដែលត្រូវបានគេលើកមកនិយាយច្រើនបំផុត។

ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍ក្នុងឆ្នាំនេះអ្នកឧកញ៉ា គិត ម៉េង បានបង្ហោះសារដ៍ផ្អែមល្ហែមជាមួយរូបភាពនៃជីវិតគូរស្វាមីភរិយាដែលប្រកបដោយគតិបណ្ឌិត។ លោកបានថ្លែងថា ថ្ងៃទី២០ ខែមីនា កាលពី ៦ ឆ្នាំមុន ខ្ញុំបានសន្យានៅចំពោះមុខ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារនិងមិត្តភក្តិរបស់ពួកយើងទាំងពីរ ថាបងនឹងស្រឡាញ់អូនអស់មួយ ជីវិត។
អ្នកឧកញ៉ាបានគូសបញ្ជាក់ថា «ភាពស្រស់ស្អាតនៃអាពាហ៍ពិពាហ៍មួយមិនមែនមើលត្រឹមតែថ្ងៃដំបូងឡើយ ប៉ុន្តែផ្ទុយទៅវិញ ភាពស្រស់ស្អាតនេះគឺកើតចេញពីការវិវឌ្ឍនៃទំហំសេចក្តីស្រឡាញ់រវាងអ្នកទាំងពីរ»។

អ្នកឧកញ៉ាបានថ្លែងបញ្ជាក់ថា “អាពាហ៍ពិពាហ៍ក្នុងរយៈពេល៦ ឆ្នាំនេះ បងបានឆ្លងកាត់ភាពសប្បាយរីករាយ និងហែលឆ្លងរាល់គ្រាលំបាកនៅក្នុងជីវិត ប៉ុន្តែបងតែងតែមានអារម្មណ៍កក់ក្ដៅជានិច្ច។ ដោយសារតែមានអូននៅក្បែរ ដែលជាដៃគូជីវិតដ៏ល្អបំផុតដែលបងអាចចែករំលែកអ្វីៗគ្រប់យ៉ាងជាមួយ”។

មហាសេដ្ឋីរូបនេះបានថ្លែងបន្តទៀតថា អូនបានធ្វើឲ្យបងក្លាយជាបុរសដ៏មានសុភមង្គលបំផុតនៅលើផែនដីនេះ និងជាបុរសដែលមានសំណាងបំផុតនៅលើពិភពលោក។ រីករាយខួបអាពាហ៍ពិពាហ៍ អូនសម្លាញ់របស់បង ចំណាន។

គួររំឭកថា ក្រោយពីរួមរស់ជាមួយគ្នារហូតបង្កើតបានបុត្រា ២ និងបុត្រី ២ នាក់នោះ អតីតតារាសម្តែង មកពីទឹកដីស្វាយរៀង អ្នកនាង ស្រីតូច ចំណាន ដែលមានឈ្មោះពិតថា ម៉ៅ ចំណាន បានរៀបអាពាហ៍ពិពាហ៍យ៉ាងធំដុំអស្ចារ្យជាមួយសេដ្ឋីដ៏ល្បីនៅស្រុកខ្មែរអ្នកឧកញ៉ា គិត ម៉េង កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៥ នៅទីក្រុងកោះពេជ្រ ជាមួយវត្តមានភ្ញៀវចូលរួមសុទ្ធតែលំដាប់មន្ត្រីជាន់ខ្ពស់ និងអ្នកជំនួយល្បីៗនៅកម្ពុជា៕





