អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប នៅព្រឹកថ្ងៃទី២២ ខែមីនានេះ បានឧបត្ថម្ភសម្ភារៈ និងថវិកា សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដល់រដ្ឋបាលខេត្តកណ្តាល នូវអាល់កុល ចំនួន១០កាន ម៉ាស់១០ម៉ឺនម៉ាស់ អង្ករ១០តោន និងថវិកា៣ម៉ឺនដុល្លារ។

លោក គង់ សោភ័ណ្ឌ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តប្រកបដោយសប្បុរស ពោរពេញដោយសទ្ធាជ្រះថ្លារបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោក ហេង ឡុង ដែលបានចំណាយនៅថវិកា និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្នុងការជួយដល់សង្គមជាតិ តាមរយៈរដ្ឋបាលខេត្តកណ្ដាល ដែលនេះគឺជាកាយវិការឆ្លុះបញ្ចាំងពី គុណធម៌ សប្បុរសធម៌ ការចេះជួយគ្នាក្នុងគ្រាលំបាក ពិសេសបានទាន់ពេលវេលា។

លោកអភិបាខេត្ត ក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួម ជាមួយអាជ្ញាធរខេត្ត ដោយអនុវត្តវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដើម្បីរួមគ្នាបង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ក៏ដូចជាទូទាំងប្រទេសផងដែរ។

ជាងនេះទៅទៀត លោក គង់ សោភ័ណ្ឌបានអំពាវនាវយ៉ាងទទូច សូមឱ្យប្រជាពលរដ្ឋ ដែលបានដឹងខ្លួន ថាបានប៉ះពាល់ដល់ផ្ទាល់ ឬប្រយោល នៅព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ សូមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីមកធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ទន្ទឹមនឹងនេះប្រសិនបើបងប្អូនប្រជាពលរដ្ឋ មិនមានការចាំបាច់នោះទេ សូមបងប្អូនកុំចេញពីផ្ទះ និងមិនត្រូវនៅកន្លែងទីប្រជុំជនឡើយ ព្រោះថាព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនេះ យើងសង្កេតឃើញថានៅតែមានការកើនឡើងជាបន្តបន្ទាប់ នូវអ្នកដែលមានផ្ទុកជំងឺកូវីដ-១៩នៅឡើយ៕





