មនុស្សគ្រប់គ្នាសុទ្ធតែមានភាពជាអ្នកដឹកនាំ ប៉ុន្តែមិនមែនមានន័យថា ការដឹកនាំទាំងអស់សុទ្ធតែទទួូលបានជោគជ័យនោះដែល។ ដើម្បីឱ្យមនុស្សគ្រប់គ្នាអាចក្លាយជាអ្នកមាន ដើម្បីឱ្យមនុស្សគ្រប់គ្នាអាចមានសមត្ថភាពបង្កើតប្រាក់ ទាល់តែយើងចេះដឹកនាំ។ សូម្បីក្នុងក្រុមគ្រួសារ ក្រុមហ៊ុន សហគ្រាស និងដឹកនាំក្រុមក៏ដោយ ត្រូវមានភាពជាអ្នកដឹកនាំពូកែទើបទទួលបានជោគជ័យ។
អ្នកជំនួញវិស័យអចលនទ្រព្យ និងជាគ្រូបណ្តុះបណ្តាល ឧកញ៉ា យ៉ន សេងហាន មានប្រសាសន៍ក្នុងការផ្សាយផ្ទាល់លើទំព័រហ្វេសបុកនាពេលកន្លងទៅបានលើកឡើងថា ”អ្នកដឹកនាំ គឺជាអ្នកដែលពោរពេញទៅដោយជំនាញ បទពិសោធន៍ និងភាពជោគជ័យ ហើយនៅលើលោកនេះ ចង់ធ្វើអ្វីឲ្យជោគជ័យ រីកចម្រើន ត្រូវមានភាពជាអ្នកដឹកនាំ”។
អគ្គនាយក្រុមហ៊ុន សេងហាន ឯ.ក ដែលវិនិយោគលើវិស័យអចលនទ្រព្យ បានបន្តថា “ប្រទេសជាតិ គ្រួសារ ក្រុមហ៊ុន ស្ថាប័នទាំងអស់ បើគ្មានអ្នកដឹកនាំល្អ គឺមិនអាចរីកចម្រើនទៅមុខបាន”។
ភាពជាអ្នកដឹកនាំ ត្រូវបានចាត់ថា ជាមូលដ្ឋានគ្រឹះនៃមនុស្សគ្រប់គ្នាក្នុងការដឹកនាំខ្លួនឯង ក្រុមហ៊ុន និងក្រុមការងារ ដូច្នេះហើយទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ភាពជាអ្នកដឹកនាំត្រូវមានសម្រាប់មនុស្សគ្រប់គ្នា។
សហគ្រិនដែលជាអ្នកដឹកនាំ នឹងគ្រប់គ្រងក្រុមហ៊ុនផ្ទាល់ ឧកញ៉ា យ៉ន សេងហាន បានបង្ហាញក្បួនក្នុងការដឹកនាំឲ្យក្លាយជាអ្នកដឹកនាំពូកែហើយទទួលបានជោគជ័យ ដូចខាងក្រោម៖
១. មានទំនួលខុសត្រូវ ការទទួលខុសត្រូវក្នុងនាមជាអ្នកដឹកនាំពិតមានសារៈសំខាន់ណាស់ ដើម្បីឲ្យអ្នកក្រោមបង្គាប់របស់យើង ទទួលបាននូវចំណេះដឹង បទពិសោធន ភាពកត់ក្តៅ និងទទួលជោគជ័យ គឺសុទ្ធតែកើតចេញពីអ្នកដឹកនាំទាំងអស់។ អ្នកដឹកនាំដែលមានទំនួលខុសត្រូវខ្ពស់ តែងតែបណ្តុះបណ្តាលថ្នាក់ក្រាមបង្គាប់របស់ខ្លួនឲ្យឆ្ពោះទៅរកភាពជោគជ័យដែរ។
២. ភាពជាគំរូ បុគ្គលជាអ្នកដឹកនាំគេ គឺជាអ្នកដែលត្រូវដើរមុនគេ ត្រូវដើរមុនឲ្យបានមួយជំហាន ដូច្នេះយើងដើរបែបណា យើងគិតបែបណា ធ្វើបែបណា អ្នកដើរខាងក្រោយនឹងដើរតាម គិតតាម និងធ្វើតាមជាក់ជាមិនខាន់។ សំនួរសួរថា បើយើងជាអ្នកដឹកនាំគេ ហើយអត់មានភាពជាគំរូដល់អ្នកក្រោមបង្គាប់ ដូចម្តេចនឹងឲ្យគេដើរតាមយើងបាននោះ។
៣. មានវិន័យ គ្រប់គ្នាត្រូវមានវិន័យ ព្រោះជាក្រឹត្យក្រមច្បាស់លាស់មួយដើម្បីដឹកនាំ ហើយបើចង់ឲ្យគេដើរតាមយើង ទាល់តែយើងខ្លួនឯងមានវិន័យជាមុន និងមានសកម្មភាពជាប្រចាំផង។
៤.គោលដៅ ត្រូវមានគោលដៅឲ្យបានច្បាស់លាស់ក្នុងការដឹកនាំ និងកំណត់គោលដៅ យើងចង់ដឹកនាំពួកគាត់ទៅកាន់ទីណា កន្លែងណា បន្ទាប់មកកំណត់រយៈពេល ថា ១០ឆ្នាំក្រោយ ១៥ឆ្នាំខាងមុខ យើងចង់ឲ្យក្រុមហ៊ុនរីកចម្រើនកម្រិតណា ក្រុមហ៊ុនមានសាខា ហើយទ្រព្យសម្បតិ្តមានការកើនឡើង និងអតិថិជនដែលគាំទ្រមានប៉ុន្មានភាគរយ។
៥. មានផែនការច្បាស់លាស់ ក្នុនាមជាអ្នកដឹកនាំចាំបាច់បំផុតត្រូវមានផែនការ សូម្បីផែនការសម្រាប់ជីវិតរស់នៅ ការសិក្សា រកស៊ី ធ្វើការងារ ត្រូវរៀបចំផែនការឲ្យបានម៉ត់ចត់ ទើបអាចទទួលបានជោគជ័យពិតប្រាកដបាន។
៦. មានចំណេះដឹង ជាការពិតណាដែលថា ត្រូវមានចំណេះជាមុនដើម្បីដឹកនាំឲ្យបានល្អ ព្រោះជួបបញ្ហាយើងចេះថ្លឹងថ្លែងវែកញែក ដើម្បីដោះស្រាយទៅប្រកបដោយតម្លាភាព និងទទួលយកបានទាំងអស់គ្នា។
អ្នកដឹកនាំត្រូវហានគិត គិតឲ្យធំ ហាននិយាយ ហានធ្វើ ចេះទទួលខុសត្រូវ មានភាពក្លាហាន មានជំនឿ និងបង្កើតស្នាមញញឺមឲ្យបានច្រើន។ នេះបើតាមគ្រូបង្វឹកកំពុងមានឈ្មោះបោះសំឡេង ឧកញ៉ា យ៉ន សេងហាន បញ្ជាក់បន្ថែម។
លោកបានបញ្ជាក់ថា “អ្នកដឹកនាំមិនស្លន់ស្លោរទេ នៅពេលដែលជួបបញ្ហា ចេះគ្រប់គ្រងស្ថានការណ៍ ដើម្បីកុំឲ្យច្របូកច្របល់ ដូច្នេះធ្វើជាអ្នកដឹកនាំត្រូវកុំច្របូកច្របល់ ការណាច្របូកច្របល់ អ្វីៗក៏បរាជ័យដែរ”។ លោកថា ក្នុងសមរភូមិគេចល័តកងទ័ព ដើម្បឲ្យត្រូវក្បួន តែបើយើងចល័តខួរក្បាលចុះឡើងក្នុងពេលមានបញ្ហា គឺយើងដឹកនាំអត់ឆ្ពោះទៅរកភាពជោគជ័យបាននោះទេ៕