រាជរដ្ឋាភិបាល កាលពីថ្ងៃទី២២ ខែមីនាម្សិលមិញ បានអំពាវនាវឲ្យក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុទាំងអស់នៅកម្ពុជាឲ្យធ្វើការបន្ធូរបន្ថយ ដល់ប្រជាពលរដ្ឋដែលបានទិញផ្ទះ និងខុនដូរ ក្នុងបរិបទការរីករាលដាលជំងឺកូវីដ-១៩ ដើម្បីជួយដោះស្រាយ បញ្ហាសម្ពោធហិរញ្ញវត្ថុ របស់ប្រជាពលរដ្ឋ ជាអ្នកទិញអចលនវត្ថុ នៅតាមបុរី និងអគារសហកម្មសិទ្ធិនានា។
ឧកញ៉ា គីម ហ៊ាង អ្នកជំនួញវិស័យអចលនទ្រព្យ និងជាម្ចាស់គម្រោងបុរី KS Residence នៅកៀនស្វាយ បានលើកឡើងនៅទសន្សនៈចំនួន ៥ចំណុច ដែលក្នុងនាមលោកជាអ្នកវិនិយោគ និងអ្នកសិក្សាស្រាវជ្រាវមួយរូប។
ចំណុចទី១ ក្នុងនាមអ្នកទិញផ្ទះ ឬខុនដូ គឺពិតជាគាំទ្រ ១០០%
ទី២ ក្នុងនាមអ្នកអភិវឌ្ឍន៌បុរី ឬខុនដូ គឺពិតជាពិបាកទទូលយកណាស់ ដោយសារលុយសម្រាប់សាងសង់ឲ្យចប់គំរោងនិមួយៗ គឺបានមកពីម្ចាស់គំរោងផ្ទាល់ខ្លួនខ្លះ បានមកពីកម្ចីធនាគារខ្លះ និងបានមកពីអ្នកទិញបង់ជាប្រចាំខែខ្លះ ហើយបើសិនជាការបង់ប្រចាំខែរបស់អ្នកទិញមានបញ្ហា នោះម្ចាស់គំរោងជាច្រើន នឹងមិនមានលុយគ្រប់គ្រាន់ដើម្បីបញ្ចប់ការសាងសង់ តាមការកំណត់ទេ។
ទី៣ ក្នុងនាមធនាគារ អ្នកលក់សម្ភារៈសំណង់ អ្នកម៉ៅការសាងសង់ និងកម្មករសាងសង់ គឺពិតជាមានការព្រួយបារម្មណ៌ខ្លាំងណាស់ ព្រោះបើសិនជាអ្នកអភិវឌ្ឍន៌បុរី ឬខុនដូ មិនបានទទូលការបង់ប្រចាំខែពីអ្នកទិញទេ នោះពួកគាត់ក៏នឹងខ្វះលុយបង្វិលក្នុងការសងត្រលប់ទៅធនាគារ សងថ្លៃសម្ភារៈសំណង់ សងថ្លៃពលកម្ម និងការចំណាយផ្សេងទៀត ដោយពួកគាត់អាចបញ្ឈប់ការសាងសង់ ឬពន្យាពេលការសាងសង់ ហើយអាចធ្វើអោយចរន្តលុយសងធនាគារ ការប្រើប្រាស់សម្ភារៈសំណង់ និងការប្រើប្រាស់កំលាំងពលកម្មធ្លាក់ចុះ ដោយមនុស្សកាន់តែច្រើននឹងបាត់បង់ការងារ និងមុខរបរ។
ទី៤ ក្នុងនាមពលរដ្ឋកម្ពុជាម្នាក់ មានការសប្បាយចិត្ត ដែលថ្នាក់ដឹកនាំប្រទេសយកចិត្តទុកដាក់ចំពោះជីវភាពប្រចាំថ្ងៃ របស់ប្រជាជន ពិសេសក្នុងស្ថានភាពលំបាក នៃ Covid19។
ទី៥ ក្នុងនាម លោកជាអ្នកសិក្សារៀនសូត្រម្នាក់ យល់ឃើញថា ប្រកាសនេះគឺពិតជាសំខាន់ និងត្រឹមត្រូវ តែខុសពេល ព្រោះអ្វីដែលឧស្សាហកម្មដីធ្លី និងសេដ្ឋជាតិជាតិកម្ពុជា ត្រូវការពិតប្រាកដ គឺសេវាកម្មរដ្ឋបាលសាធារណៈ ដែលមានលឿន រហ័ស ត្រឹមត្រូវ ប្រកបដោយតម្លាភាព និងមានការទទូលខុសត្រូវ ដោយត្រូវមានការចូលរួមពីគ្រប់ភាគីទាំងអស់ ពិសេសគឺការចូលរួមពីផ្នែកឯកជនផ្ទាល់តែម្តង។ អ្វីៗដើម្បីការរីកចំរើនផ្នែកដីធ្លី និងសេដ្ឋកិច្ចជាតិ ប្រកបដោយនិរន្តភាពនៅកម្ពុជា។
បញ្ជាក់ថាក្នុងសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអំពាវនាវ និងលើកទឹកចិត្ត ដល់ក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុទាំងអស់សូម៖
១- ពិនិត្យពីលទ្ធភាពបន្ធូរបន្ថយ លក្ខខណ្ឌបង់រំលស់ ទៅតាមស្ថានភាពជាក់ស្តែងរបស់អតិថិជន
២- លើកលែង ការផាកពិន័យ ចំពោះអ្នកទិញអចលនវត្ថុក្នុងបុរី និងអគារសហកម្មសិទ្ធិនានា ក្នុងករណីដែលអ្នកទិញយឺតយ៉ាវ មិនបានបង់ប្រាក់តាមកាលកំណត់
៣- មិនត្រូវមានបន្ទុកការប្រាក់ ឬជាប់ការពិន័យបន្ថែម ចំពោះការយឺតយ៉ាវក្នុងការបង់ប្រាក់រំលស់
៤- ដាក់ចេញនូវគោលនយោបាយគាំពារនានា ដល់អតិថិជនរបស់ខ្លួន លើការបង់រំលស់អចលនវត្ថុក្នុងបុរី និងអគារសហកម្មសិទ្ធិនានា និងទី៥ អនុវត្តវិធានការទាំងនេះ ឲ្យមានប្រសិទ្ធភាព រហូតដល់ដំណាច់ខែមីនា ឆ្នាំ២០២២៕