សេដ្ឋកិច្ចកម្ពុជារងនូវផលប៉ះពាល់យ៉ាងដំណំពីជំងឹរាតត្បាតសកលកូវីដ១៩ ខណៈដែលរាជរដ្ឋាភិបាល បាននិងកំពុងចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់កុំឲ្យរីករាលដាលបន្ត។ សម្រាប់ឆ្នាំ២០២១នេះ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យបានអះអាងថា វាគឺជាពេលវេលាដ៏ល្អមួយ ចំពោះអ្នកដែលមានលុយគ្រប់គ្រាន់វិនិយោគ និងធ្វើការអភិវឌ្ឍគម្រោង។ ប៉ុន្តែក៏ប្រឈមនឹងហានិភ័យ ដោយសារតែប្រជាជនមានការភ័យខ្លាចការទិញអចលនទ្រព្យ ខ្លាចកប់លុយ ព្រោះមិនដឹងថា ពេលណាការឆ្លងត្រូវបានបញ្ចប់។

ឧកញ៉ា សឿ សុវណ្ណ អ្នកជំនួញអចលនទ្រព្យ និងជាម្ចាស់ក្រុមហ៊ុន ឃុន សឿ គ្រុប បានលើកឡើងថា “ការទិញលក់ជួលអចលនទ្រព្យនៅពេលនេះ មានសកម្មភាពថមថយចុះខ្លាំង ប៉ុន្តែខេត្តមួយចំនួននៅតែមានភាពល្អប្រសើរ ដូចជា៖ ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តកំពត និងសៀមរាប ទោះបីបារម្ភពីការរីករាលដាលនៃជំងឺឆ្លង១៩”។
អ្នកអភិវឌ្ឍ និងអ្នកវិនិយោគអចលនទ្រព្យមួយចំនួន គាត់ហាក់ស្រពិចស្រពិលខ្លាំងពីអនាគតការវិនិយោគ និងអភិវឌ្ឍអចលនទ្រព្យថ្មីៗបន្ថែម ដោយសារតែមិនមានតុល្យភាពអំពីតម្រូវការតិចជាងការផ្គត់ផ្គង់។ ឧកញ៉ា សឿ សុវណ្ណ បញ្ជាក់បន្ថែម។

ឧកញ៉ាវ័យក្មេងដែលគ្រប់គ្រងក្រុមហ៊ុនមានបុត្រសម្ព័ន្ធជាច្រើនក្នុងដៃ បានគូសបញ្ជាក់ដែលថា ទីផ្សារអចលនទ្រព្យអាចនឹងមានភាពល្អប្រសើរឡើងវិញ គឺមើលទៅលើទំនុកចិត្តខ្ពស់របស់អ្នកទិញ អ្នកលក់ និងអ្នកវិនិយោគអចលនទ្រព្យ ក្រោយបញ្ចប់ព្រឹត្តិការណ៍ ២០កុម្ភៈ។ ដូចនេះ ចរន្តរបស់អ្នកវិនិយោគបរទេសលើវិស័យអចលនទ្រព្យ ហាក់មិនទាន់បានបង្កើនល្បឿនក្នុងប្រទេសកម្ពុជាយើងនៅឡើយទេ ជាហេតុធ្វើឲ្យយើងពឹងផ្អែកខ្លាំងពីអ្នកវិនិយោគ និងអ្នកអភិវឌ្ឍខាងក្នុងស្រុកខ្លាំង។
ឧកញ៉ា សឿ សុវណ្ណ បានបង្ហាញយន្តការមួយចំនួនដើម្បីឲ្យព្រឹត្តិការណ៍ ២០ កុម្ភៈ បិទបញ្ចប់ទៅបានយ៉ាងលឿន លុះត្រាណាតែមានការចូលរួមខ្លាំងពីបងប្អូនប្រជាពលរដ្ឋ ជាមួយរាជរដ្ឋាភិបាល និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ ៣ការពារ ៣កុំ។

អ្នកជំនួញដើមកំណើតនៅរាជធានីភ្នំពេញរូបនេះមានសុទិដ្ឋិនិយមខ្លាំងចំពោះវិស័យអចលនទ្រព្យ នៅតែដើរទៅមុខ បន្ទាប់ពីការប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នាពេលខាងមុខ។ លោកមានជំនឿដោយសារតែប្រទេសកម្ពុជាមានស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចល្អ ពិសេសទំនុកចិត្តខ្ពស់ពីអ្នកវិនិយោគក្នុង និងក្រៅប្រទេស ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ៕