សម័យកូវីដ ឧកញ៉ា ផន វណ្ណិត បង្ហើបក្បួន ៨ចំណុចផ្តល់ឋាមពលដើម្បីធ្វើការងារឲ្យមានភាពជោគជ័យ រឹងមាំកាន់តែខ្លាំង

ជុំវិញ​ឧកញ៉ា

ស្របពេលដែលជំងឺកូវីដ១៩ បាននឹងកំពុងរាតត្បាតពេញពិភពលោក វិបត្តិសេដ្ឋកិច្ចក៏រង់ផលប៉ះពាល់យ៉ាងខ្លាំងស្ទើគ្រប់វិស័យ។ បច្ចុប្បន្នទីផ្សារការងារនៅកម្ពុជា ពិតជាមានការប្រកួតប្រជែងខ្លាំង ឬអាចនិយាយបានថា វាពិតជាចង្អៀតណាស់សម្រាប់មនុស្សមួយចំនួន។ ប៉ុន្តែវាក៏មានភាពទូលំទូលាយផងដែរ សម្រាប់មនុស្សដែលមានសក្តានុពល ប្រកបដោយការយល់ដឹង បទពិសោធន៍ នឹងការត្រៀមលក្ខណៈគ្រប់គ្រាន់ជាមុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

“លក្ខណៈរបស់មនុស្សពូកែគឺ ពូកែបង្កើត និងច្នៃការងារបានឲ្យល្អ បើទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ព្រោះមនុស្សសាងការងារ ការងារសាងមនុស្ស” នេះជាការលើកឡើងនៃអតីតនិស្សិតមកពីប្រទេសឥណ្ឌា និងជាសាស្រ្តាចារ្យ ឧកញ៉ា ផន វណ្ណិត ស្ថាបនិកក្រុមហ៊ុន រាជសន្តុសិត ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យអចលនទ្រព្យ និងគម្រោងបុរី រីសតដ៏ល្បី។

លោកឧកញ៉ាថ្លែងបន្តថា ដោយគ្រាន់តែចាប់ផ្តើមកាន់ការងារភ្លាមជួបឧបសគ្គ យើងខ្លាចឧបសគ្គបាត់ទៅហើយ ចុះធ្វើដូចម្តេចទើបជីវិតយើងជោគជ័យ។ ឧបសគ្គ គឺសម្រាប់ឲ្យយើងមានការព្យាយាម មិនមែនសម្រាប់ឲ្យយើងចុះចាញ់ទេ។ ការខ្វះសេចក្ដីអត់ធន់ ខ្វះការតស៊ូ មានសេចក្តីប្រមាថ ហើយរវល់តែរឿងស្នេហាទៀត គឺយើងប្រាកដជាកាន់ការងារធំមិនបានទេ ហើយបរាជ័យជាក់ជាមិនខាន។

មនុស្សយើងចាប់ផ្តើមសាងការងារ ឬក៏ធ្វើការងារ ត្រូវធ្វើដោយយកចិត្តទុកដាក់បំផុត មើលថែការងារនោះឲ្យបានល្អគ្រប់ជ្រុងជ្រោយ ព្រោះការងារមានសារៈសំខាន់ណាស់សម្រាប់មនុស្ស បើមិនដូច្នោះទេ ការងារនិងបរាជ័យ មនុស្សក៏អាប់ឱន បាត់បង់ភាពថ្លៃថ្នូររបស់ខ្លួន។ ផ្ទុយទៅវិញការងារ ដែលយើងមើលថែបានល្អអាចផ្តល់ឲ្យយើងវិញ នូវភាពល្អប្រសើរ ថ្កុំថ្កើង រុងរឿង ថែមទាំងធ្វើឲ្យយើងកាន់តែក្លាហាន និងរឹងមាំទៀតផង។ អ្នកជំនួញអចលនទ្រព្យ និងជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៏កម្ពុជា ឧកញ៉ា ផន វណ្ណិត បញ្ជាក់បន្ថែម។

អតីតអ្នកបួសជាង ២០វស្សា ដែលមានចំណេះដឹងជ្រៅជ្រះក្នុងផ្លូវព្រះពុទ្ធសាសនារូបនេះ បានបង្ហើបក្បួនដើម្បីឆ្នៃការងារឲ្យបានល្អត្រូវអនុវត្តនូវចំណុចទាំង ៨ នេះ និងធ្វើឲ្យការងារយើងកាន់តែមានភាពល្អប្រសើរ ជោគជ័យ រឹងមាំកាន់តែខ្លាំង។ រួមទាំងមានគំនិតឆ្នៃប្រឌិត បច្ចេកទេស និងយុទ្ធវិធីជាច្រើនទៀត ដែលយន្តការធ្វើឲ្យការងារប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរ៖
១.ភាពជឿជាក់
២.ហ៊ានសាកល្បង ហ៊ានចាប់ផ្ដើម
៣.តស៊ូព្យាយាម មិនលះបង់
៤.មានប្រាជ្ញាឆ្លាតវាងវៃ
៥.មានទំនាក់ទំនងល្អ
៦.ការងារហ្មត់ចត់
៧.ពិចារណាល្អិតល្អន់មុនធ្វើ
៨.មានស្មារតីរឹងមាំ

This image has an empty alt attribute; its file name is telegram-cloud-photo-size-5-6197357068046937008-y.jpg

លោកឧកញ៉ាបានលើកយកទ្រឹស្តីព្រះសម្ពុទ្ធជាបរមគ្រូ ដែលជាកំពូលមនុស្ស បានសម្តែងថា គ្រប់ការងារទាំងអស់សម្រេចទៅបានដោយសារសេចក្តីព្យាយាម បន្ទាប់ពីសាងការងារបានល្អហើយត្រូវចេះចែករំដល់អ្នកដ៏ទៃទៀត ក្នុងនាមជាមនុស្សរួមសង្គមជាមួយគ្នា ហេតុផលទាំងនេះហើយ ដែលយើងហៅថា មនុស្សសាងការងារ ការងារសាងមនុស្ស៕