ដោយសារមានការគាំទ្រ និងទទូចចង់ឱ្យឈរឈ្មោះសម្រាប់អាណត្តិថ្មីទី៤បន្ត លោកជំទាវឧកញ៉ា កែវ មុំ ត្រូវបានសមាជិកជាស្ត្រីៗឆ្នើម ក្នុងសមាគមសហគ្រិនស្ត្រីកម្ពុជា ទទូចឱ្យឈរឈ្មោះឱ្យសមាជិកក្នុងសមាគមបោះឆ្នោត ត្រៀមឡើងជាប្រធានសមាគមជាថ្មីទៀត។ ប្រសិនបើ ជាប់ឈ្មោះជា ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជានាអាណត្តិទី៤នេះ លោកជំទាវឧកញ៉ា បានត្រៀមដាក់ចេញនូវបេសកកម្មស្នូលចំនួន ៣ចំណុចធំៗ ដើម្បីបន្តមាគា៌ជោគជ័យ ដូចអាណត្តិមុនៗ រួមមានដូចជា៖




ទី1. ប្រមូលនិង កៀងគង សហគ្រិនស្ត្រីកម្ពុជា ឱ្យចូលជាធ្លុងមួយដើម្បីបង្ហាញពី សាមគ្គីភាព និងសន្តិភាពរបស់ស្ត្រី
ទី2. ជួយពង្រឹងសមត្ថភាព និងភាពអង់អាចក្លាហានរបស់ស្ត្រីនៅក្នុងសង្គម
ទី3. ជួយពង្រីកអាជីវកម្មរបស់សហគ្រិនស្ត្រីឲ្យមានទីផ្សារទាំងថ្នាក់ជាតិ និងអន្តរជាតិ

គួររំលឹកថា កាលពីអាណត្តិទី២ ចន្លោះឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ លោកជំទាវឧកញ៉ា កែវ មុំ ធ្លាប់ជាប់ឈ្មោះជាប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាម្ដងរួចមកហើយ។ ដោយឡែក សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានសមាគមថ្មីអាណត្តិទី៤នេះ នឹងប្រព្រឹត្តិទៅនៅ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ចាប់ពីម៉ោង១ៈ០០រសៀល ដល់ម៉ោង ០៦ៈ0០ ល្ងាច ខាងមុខ តាមរយៈកម្មវិធី Zoom Cloud Meeting។


បច្ចុប្បន្ន លោកជំទាវឧកញ៉ា កែវ មុំ ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន លីលី ខាមេដា ឯ.ក និងធ្លាប់កជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនធំៗជាច្រើនផ្សេងទៀត។ លោកឧកញ៉ាស្ត្រីឆ្នើមក្នុងវិស័យជំនួញរូបនេះ ជាអ្នកមានស្រុកកំណើតមកពីស្រុក សំរោង ខេត្ត តាកែវ និងបានរៀនបញ្ចប់ថ្នាក់អនុបណ្ឌិតគ្រប់គ្រងធុរៈតាំងពីឆ្នាំ ២០១១៕
