ត្រឹមពេលមួយខែ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចុះបញ្ជីដល់គម្រោងវិនិយោគចំនួន២៩ ទុនវិនិយោគជាង ២ពាន់លានដុល្លារ

ជុំវិញ​ឧកញ៉ា សង្គម​ និង​សេដ្ឋកិច្ច

ត្រឹមរយៈពេលមួយខែ ក្នុងខែមីនា ឆ្នាំ២០២១នេះ បើទោះបីកម្ពុជាស្ថិតក្នុងស្ថានភាពនៃជំងឺកូវីដ១៩យ៉ាងណាក៏ដោយ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន ២៩គម្រោង ដែលបោះទុនវិនិយោគប្រមាណ ២,០៧១,៧លានដុល្លារ និងអាចបង្កើតការងារងបានជាង ១ម៉ឺនកន្លែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីជូនជាស្ថានពរទាំងអស់មានទីតាំងវិនិយោគចំនួន ១០រាជធានីខេត្ត រួមមាន៖ ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តតាកែវ ខេត្តកំពង់ស្ពឺ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តស្វាយរៀង ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តព្រះសីហនុ។

អ្នកជំនួញប្រាក់លានមួយរូប រំពឹងថា តាមរយៈគម្រោងដល់ទៅ ២៩ក្រុមហ៊ុននេះនឹងជួយឲ្យខេត្តនីមួយៗ បង្កើនសក្តានុពលសេដ្ឋកិច្ចរបស់ខ្លួនឲ្យកាន់តែខ្លាំងឡើង មិនតែប៉ុណ្ណោះក៏ជួយឲ្យប្រជាពលរដ្ឋមានការងារធ្វើជាច្រើន ខណៈដែលរោគរាតត្បាតកូវីដ១៩មិនទាន់បានបិទបញ្ចប់នៅឡើយ។

លោកឧកញ៉ា ផន វណ្ណិត អនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍នៅកម្ពុជា និងជាស្ថាបនិកក្រុមហ៊ុន រាជសន្តុសិត បានលើកឡើងថា “ខ្ញុំគិតថាជារឿងល្អ ដែលកំណើនក្រុមហ៊ុនស្នើសុំវិនិយោគត្រឹមរយៈពេលមួយខែរហូតដល់ ២៩គម្រោង។ នេះជាសញាណល្អ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់យើង ដែលកំពុងស្ថិតក្នុងស្ថាភាពនៃជំងីកូវីដ១៩បានប៉ះពាល់ដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងមានការជាប់គាំង”។

នៅពេលដែលអ្នកវិនិយោគមកស្នើសុំបង្កើតក្រុមហ៊ុនដ៏ច្រើននេះ វាជាចលករមួយជួយសេដ្ឋកិច្ចឲ្យងើបឡើងវិញ និងជាសញាណមួយដើម្បីដាស់តឿនឲ្យអ្នកវិនិយោគក្នុងស្រុក មើលឃើញថា អ្នកវិនិយោគបរទេសចាប់ផ្តើមសំរុកចូលមកប្រទេសកម្ពុជា ដើម្បីធ្វើការវិនិយោគបោះទុនរាបសិនលានដុល្លារ។ អ្នកជំនួញដែលកំពុងលាក់ខ្លួនសម្ងំក្នុងវិស័យអចលនទ្រព្យ បុរី និងរីសតរូបនេះបានគួសបញ្ជាក់បន្ថែម។

ទន្ទឹមនឹងនេះ ឧកញ៉ា ផន វណ្ណិត ក៏មានជំនឿបន្ទាប់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីជូនជាស្ថានពរដល់ក្រុមហ៊ុនដែលមកធ្វើការស្នើសុំវិនិយោគ នឹងជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជាឲ្យមានថេរភាពល្អ បើទោះបីជួបវិបត្តិកូវីដ១៩អូសបន្លាយពេលយូយ៉ាងណាក្តី។

ក្រុមហ៊ុនដែលបានស្នើសុំចុះបញ្ជឹទាំង២៩គម្រោងនោះ មានដូចជា៖

១- “SHUN XIN LUGGAGE INDUSTRY (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្ររោងចក្រផលិតកាបូប និងកាបូបក្លាសេគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥ ភូមិស្ពានពោធិ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ៣,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៦១៨កន្លែង។

២-“ SHUNYING PULP AND PAPER COMPANY LIMITED” គម្រោងបង្កើតរោងចក្រផលិតក្រដាស ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត មានទុនវិនិយោគប្រមាណ ៥០៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.២៦១កន្លែង។

៣- MAYCO FURNITURE COMPANY LIMITED : គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ (ពីឈើនាំចូល) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រហែក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៨៨កន្លែង។

៤- P P C H Y MACHINERY MANUFACTURING CO., LTD: គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្លាស់ (រថយន្ត គ្រឿងចក្រ គ្រឿងយន្ត) និងប៊ូឡុងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឫស្សី ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០០កន្លែង។

៥- KHEMA GLOBAL CO., LTD: គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពហុព្យាបាលអន្តរជាតិ ចំនួន ៨១គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ១ ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៦,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៨០កន្លែង។

៦- KHEMA GLOBAL CO., LTD: គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពហុព្យាបាលអន្តរជាតិ ចំនួន ៥៤គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥២៨ ភូមិ១២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៨០កន្លែង។

៧- PRIME ROAD ALTERNATIVE (CAMBODIA) CO., LTD: គម្រោងបង្កើតស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្កាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ៣៧,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១២កន្លែង។

៨- SYSG GARMENT COMPANY LIMITED: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ A-០៧ ផ្លូវជាតិលេខ៤ ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៣៥១កន្លែង។

៩- “VELONG (CAMBODIA) INDUSTRIES CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈបរិក្ខារសម្រាប់ចង្ក្រាន BBQ, ផ្គុំតម្លើងបរិក្ខារអេឡិចត្រូនិក និងអំពូលភ្លើង ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីស៍ស, មានទុនវិនិយោគប្រមាណ ៣,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១២០កន្លែង។

១០- “ALLIED MAX INTERNATIONAL (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតក្រណាត់ និងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានដុង សាន់សែល, មានទុនវិនិយោគប្រមាណ ៣២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៧០កន្លែង។

១១.គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងក្រណាត់ទ្រនាប់សម្លៀកបំពាក់ របស់ក្រុមហ៊ុន XIN JELLY INDUSTRY AND TRADING CO., LTD មានទីតាំងវិនិយោគស្ថិតនៅភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៦៤កន្លែង។

១២- “ONION MOBILITY CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំតម្លើងទោចក្រយានយន្ត និងត្រីចក្រយានយន្តប្រើដោយថាមពលអគ្គិសនី ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិ ខេត្តកណ្តាល, មានទុនវិនិយោគប្រមាណ ២០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៨០កន្លែង។

១៣- “SHANE (CAMBODIA) FURNITURE CO., LTD” គម្រោងបង្កើតរោងចក្រផលិតសាឡុង គ្រែ និងគ្រឿងសង្ហារឹមគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ៤៧,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨២០កន្លែង។

១៤-គម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្តរបស់ក្រុមហ៊ុន “CART TIRE CO., LTD” ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ បាវិត ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ១៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៨០កន្លែង។

១៥-គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន OCEAN APPAREL MANUFACTURING CO., LTD មានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ១ ផ្លូវជាតិលេខ៤ ភូមិវល្លិសរ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៣០០កន្លែង។

១៦-គម្រោងបង្កើតរោងចក្រផលិតផ្ទាំងកញ្ចក់សូឡា របស់ក្រុមហ៊ុន “GLAMOR GLASS CO., LTD” ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស គិរីសាគរ កោះកុង, មានទុនវិនិយោគប្រមាណ ៧,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៩០កន្លែង។

១៧-ក្រុមហ៊ុន JIANGYAO (CAMBODIA) GARMENTS CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅសួនឧស្សាហកម្ម “ស៊ូចូវ ខេមបូឌា” អគារលេខ១ ផ្លូវជាតិលេខ២១ ភូមិព្រែកទ្បុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៦១១កន្លែង។

១៨. YUAN SHUO (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផ្គុំដំទ្បើងសម្ភារៈអេទ្បិចត្រូនិក និងគ្រឿងបន្លាស់អេទ្បិចត្រូនិកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ២,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៣២កន្លែង។

១៩. SCHNEITIC CHINT CO., LTD. គម្រោងបង្កើតរោងចក្រផ្គុំដំទ្បើងគ្រឿងសម្ភារៈអគ្គិសនី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគប្រមាណ២,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦២កន្លែង។

២០. XIN WEI JIE CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៥៩កន្លែង។

២១. GREEN SUSTAINABLE VENTURES (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ អានុភាព 20MW ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិមនោរម្យ ឃុំមនោរម្យ ស្រុកស្វាយទាប ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ១៧,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥០កន្លែង។

២២. FIRST AQUATIC INDUSTRIAL CO., LTD. គម្រោងបង្កើតវារីវប្បកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងភូមិតោតម៉ា ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២៥,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៥កន្លែង។

២៣- “INNOMED HEALTHCARE PRODUCTS (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់វេជ្ជសាស្ត្រ និងផលិតសម្ភារ:បរិក្ខារវិជ្ជសាស្ត្រ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គរ័ជី ខេត្តព្រះសីហនុ, មានទុនវិនិយោគប្រមាណ ១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២០០កន្លែង។

២៤- “HUIQUANFENG TECHNOLOGY (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបង្គុំទោចក្រយាន និងគ្រឿងបំណែកទោចក្រយានគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៨០កន្លែង។

២៥. ISLAND LABORATOIRE CO., LTD. គម្រោងបង្កើតរោងចក្រផលិតឱសថ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៦,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៦០កន្លែង។

២៦- “FANG HUA POLYURETHANE MATERIAL (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតអេប៉ុងស៍ ខ្នើយ គ្រែសាឡុងពូក និងគ្រឿងសង្ហារឹម ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤២០កន្លែង។

២៧- “HERBA (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ, មានទុនវិនិយោគប្រមាណ ៣,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១២០កន្លែង។

២៨- “ Y.T PLASTIC CO., LTD” គម្រោងរោងចក្រផលិតសម្ភារៈអគ្គិសនី អំពូលភ្លើង និងគ្រឿងបង្គុំអំពូលគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសានដុង សាន់សែល ស្វាយរៀង, មានទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៣០កន្លែង។

២៩- “HUADIAN SIHANOUKVILLE POWER GENERATION CO., LTD” គម្រោងរោងចក្រផលិតថាមពលអគ្គិសនីប្រើដោយធ្យូងថ្ម អានុភាព ៧០០មេហ្កាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុទី១ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ, មានទុនវិនិយោគប្រមាណ ១២៨៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥២០កន្លែង៕