សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា បានសម្រេចតែងតាំងអនុប្រធានគណៈកម្មការ សម្របសម្រួល និងសិក្សាវិវាទ ចំនួន ២រូប គឺលោកឧកញ៉ា សឿ សុវណ្ណ និងលោក ប្រាជ្ញ មិថុនា ដែលមានលោកឧកញ៉ា ផន វណ្ណិត ជាអនុប្រធានសមាគម និងប្រធានគណៈកម្មការ។ នេះបើយោងតាមការចុះផ្សាយរបស់ CLDA នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២១នេះ។
សេចក្តីសម្រេចខាងលើបានឲ្យដឹងថា ដោយបានឃើញសេចក្តីប្រកាសរបស់ប្រធានគណៈកម្មការសម្របសម្រួល និងសិក្សាវិវាទ ស្តីពីការស្នើរសុំតែងតាំង អនុប្រធានគណៈកម្មការ ចំនួនពីររូបកាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១ សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា បានចេញសេចក្តីសម្រេច តាមការស្នើរសុំរបស់ប្រធានគណៈកម្មការសម្របសម្រួល និងសិក្សាវិវាទ គឺលោកឧកញ៉ា ផន វណ្ណិត ជាអនុប្រធានសមាគម និងជាប្រធានគណៈកម្មការ។ ដោយមានគោលបំណងនៃការបង្កើតអនុប្រធានគណៈកម្មការសម្របសម្រួល និងសិក្សាវិវាទ នេះឡើង គឺដើម្បីជួយសម្រួលការងារប្រធានគណៈកម្មការ។

គួរជម្រាបជូនថា សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា CLDA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២០ ហើយបច្ចុប្បន្នមានលោកឧកញ៉ា ម៉ន សុខា ជាប្រធានសមាគម។ កាលពីពេលកន្លងទៅ សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា បានចុះកិច្ចអនុស្សារណយោគយល់គ្នា(MOU) ជាមួយក្រុមហ៊ុនគេហទំព័រអចលនទ្រព្យ Property Area Asia ក្នុងគោលបំណងចូលរួមជួយជំរុញ និងលើកកម្ពស់វិស័យអចលនទ្រព្យនៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរតាមរយៈការផ្សព្វផ្សាយព័ត៌មានពិតពីវិស័យមួយនេះទៅកាន់សាធារណជន ក៏ដូចជាបណ្តាអ្នកវិនិយោគជាតិ និអន្តរជាតិ៕
