លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Jet Group បានរៀបចំកម្មវិធីកម្មវិធីចែកអំណោយជូនដល់បងប្អូនកម្មករ កម្មការីនី បងប្អូនអាជីវករ ចំនួន៥០០ផ្ទះជួល ដែលមានការចូលរួមដ៏ខ្ពង់ខ្ពស់ពីអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ លោក-លោកស្រីអភិបាលរង ស្នងការនគរបាលខេត្តកណ្តាល កងកម្លាំងអាជ្ញាធរមូលដ្ឋានស្រុកខ្សាច់កណ្តាល កាលពីព្រឹកថ្ងៃទី០៤ ខែមេសានេះ។

អំណោយដែលឧកញ៉ា ស្រី ចាន់ថន ចែកជូនរួមមាន៖ អាហារ អង្ករ ឆីពៅ ទឹកសុទ្ធ ជេលលាងដៃ ម៉ាស់ និងថវិកាក្នុង១នាក់ ២ម៉ឺនរៀល រួមជាមួយនឹងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនទៀត។

ដោយមើលឃើញពីជីវភាពរបស់បងប្អូនកម្មករ កម្មការិនី អាជីវករលំបាកក្នុងស្ថាននៃការរីករាលដាលកូវីដ១៩ផងនោះ លោកឧកញ៉ា ស្រី ចាន់ថន ក៏បានប្រកាសជូនតាមសំនូមពររបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការស្នើសុំរបស់លោកអភិបាលខេត្តកណ្តាល លោកតំណាងអោយក្រុមគ្រួសារសេវេនអេនជី ឯកភាពមិនថ្លៃបន្ទប់ជួល ផ្ទះជួល និងថែមទាំងជូនថ្លៃទឹក និងថ្លៃភ្លើង ដល់បងប្អូនកម្មករ-កម្មការិនី រួមជាមួយនឹងអាជីវករ ដែលស្នាក់នៅផ្ទះជួល ក្នុងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុន7NG ឃុំ វិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល រយៈពេល៣ខែ ដោយគិតចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១តទៅ

លោកឧកញ៉ា ស្រី ចាន់ថន បានអំពាវនាវឲ្យពុកម៉ែបងប្អូនទាំងអស់បន្តចូលរួមចំណែកជាមួយនឹងរដ្ឋាភិបាល អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល បើមិនចាំបាច់ សូមកុំចេញពីផ្ទះអី។ ជាពិសេសអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ស្តីពីវិធានការការពារជម្ងឺឆ្លងកូវីត-១៩ ៣ការពារ និង៣កុំ៕






