ក្រុមហ៊ុន អាយអិនជី ហូលឌីង បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើបមួយ ហៅថា ទីក្រុងនាគ ស្ថិតនៅក្នុងទីក្រុងរណបតំបន់បឹងទំពុន និងជើងឯក ជាមួយក្រុមហ៊ុន Causeway Bay Group និង ក្រុមហ៊ុន SINO Bay Construction Investment មកពីទីក្រុង ហុងកុង។
ទីក្រុងរណបតំបន់បឹងទំពុន និងជើងឯក ឬហៅថា ING City ដែលជាទីតាំងគម្រោងទីក្រុងនាគត្រូវអភិវឌ្ឍ គឺជាតំបន់មានការរីកចម្រើនខ្លាំងខាងវិស័យធុរកិច្ច ទីតាំងទូលាយសំរាប់ផ្នែកឧស្សាហកម្ម និងលក្ខណៈអំណោយផលល្អ សម្រាប់ការអភិវឌ្ឍលំនៅដ្ឋាន មានភាពពេញលេញសំបូរបែបជាទីក្រុង មានសុវត្ថិភាព និងបរិស្ថានល្អប្រសើរជាមួយសួនច្បារ និងលំហរបៃតងនៅភាគខាងត្បូងរាជធានីភ្នំពេញ។
នៅពីក្រោយគម្រោងធំដ៏មហិមានេះ លោកអ្នកនាងប្រហែជាមិនទាន់បានស្គាល់នៅឡើយទេ។ ម្ចាស់គម្រោងជាមគ្គុទេសន៍ដ៏ឆ្នើម និងសហគ្រិនអចលនទ្រព្យជោគជ័យមួយរូបនៅប្រទេសម្ពុជា គឺឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ING HOLDINGS តម្លៃគម្រោងចុះបញ្ជីទុនវិនិយោគ ២ពាន់លានដុល្លារអាមេរិកផ្ទៃក្រឡាសាងសង់ ២៥៧២ហិកតា ស្ថិតនៅក្នុងខណ្ឌមានជ័យ ខណ្ឌដង្កោ និងក្រុងតាខ្មៅ ដែលអភិវឌ្ឍស្ថិតក្នុងបឹងធម្មជាតិចំនួនពីរ គឺបឹងទំពុន និងបឹងជើងឯក ក្នុងរាជធានីភ្នំពេញ។
ក្រុមហ៊ុនយក្សមួយនេះ បានសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្រវាត់ទីក្រុងរណប ដូចជា ផ្លូវ៦០ម៉ែត្រ សម្តេចតេជោ ហ៊ុន សែន សាលារៀនអន្តរជាតិភ្នំពេញ អគារតាំងបង្ហាញរថយន្ត Mercedes ផ្ទះល្វែង និង មានក្រុមហ៊ុនបុរី ប៉េងហួត បានទៅបោះទីតាំងអភិវឌ្ឍន៍លំនៅដ្ឋាននៅក្នុងទីក្រុងរណបនោះដែរ។
ក្រុមហ៊ុន ING HOLDINGS កំពុងអភិវឌ្ឍតំបន់នេះឲ្យក្លាយទៅជាទីក្រុងរណបថ្មីមួយប្រកបដោយការទាក់ទាញអ្នកវិនិយោគ មជ្ឈមណ្ឌលអគារពាណិជ្ជកម្ម អគារលំនៅដ្ឋាន ព្រលានយន្តហោះ សាលារៀន សណ្ឋាគារផ្កាយប្រាំ ជាដើម។ បច្ចុប្បន្ន កំពុងដំណើរការអភិវឌ្ឍសាងសង់បន្តទៀត។
សូមបញ្ជាក់ថា ការអភិវឌ្ឍទីក្រុងរណប ING City បានចាប់ផ្តើមកាលពីឆ្នាំ២០០៧ ហើយមហាវិថីសម្តេចតេជោ ហ៊ុន សែន ដែលលាតសន្ធឹងប្រវែង ៩,១គីឡូម៉ែត្រ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាសាធារណៈកាលពីខែ មេសា ឆ្នាំ២០១៧។ ការអភិវឌ្ឍតំបន់បឹងទំពុន និងជើងឯក គឺដើរស្របគ្នានឹងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន ដែលសម្តេច បានចង្អុលបង្ហាញពីយុទ្ធសាស្ត្រពង្រីកទីក្រុងទៅភាគខាងត្បូងរាជធានីភ្នំពេញ៕